អតីត​អ្នក​បុរី​កីឡា​ទទួល​បាន​អំណោយ

22 Jun

ឃុត សុភចរិយា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២២ មិថុនា ២០១២

120622_05b

អតីតអ្នកបុរីកីឡាអង្គុយនៅក្នុងផ្ទះប្រក់កៅស៊ូតង់របស់ខ្លួននៅភូមិស្រះពោធិម្សិលមិញ។ រូបថត វីរៈ ម៉ៃ

កណ្តាលៈ លោកកែប ជុតិមា អាជ្ញាធររាជធានីភ្នំពេញកាលពីម្សិលមិញបាននាំយកស្បៀងអាហារមួយចំនួន និងតង់កៅស៊ូ ទៅចែកជូនពលរដ្ឋចំនួន ១៣៣ គ្រួសារ ដែលបានជម្លៀសចេញដោយហិង្សាពីតំបន់បុរីកីឡា ទៅកាន់ភូមិស្រះពោធិ ឃុំផ្សារដែកស្រុកពញាឮ ប៉ុន្តែមិនបាននិយាយអំពីការបែងចែកដី ក្នុងតំបន់នោះ ជូនពលរដ្ឋជាង ៣០ គ្រួសារ ដែលកំពុងរង់ចាំទទួលចំណែកដី អស់រយៈពេលជាងកន្លះឆ្នាំមកហើយ នៅក្រោមដំបូលតង់កៅស៊ូរយីករយាក កណ្ដាលវាលដ៏ក្ដៅហួតហែងនោះឡើយ។

អ្នកស្រី ស៊ុន វ៉ាន់នីអាយុ ៧០ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គាត់បានរង់ចាំទទួលចំណែកដីឡូដ៍អស់រយៈពេលជាង ៦ ខែមកហើយ ចាប់តាំងពីក្រុមហ៊ុនផានអ៊ីម៉ិច បានវាយកម្ទេចផ្ទះ និងទ្រព្យសម្បត្តិរបស់គាត់ និងពលរដ្ឋក្នុងសហគមន៍បុរីកីឡា ជាច្រើនគ្រួសារផ្សេងទៀត កាលពីដើមខែមករា។

អ្នកស្រីបានថ្លែងថា៖«មកទីនេះខ្ញុំគ្មានមុខរបរអ្វីចិញ្ចឹមជីវិតនោះទេ ក្រៅពីដើររើសខ្យង បេះត្រកួន ដកព្រលិត និងជញ្ជាត់កូនត្រីកូន កំពិសដោះស្រាយជីវភាព»។

មានពលរដ្ឋ ១១៧ គ្រួសារទៀត ដែលត្រូវបានបណ្តេញចេញដែរ កំពុងរស់នៅតាមសំយាបនិងកាំជណ្ដើរអគារផ្ទះល្វែង ក្នុងតំបន់បុរីកីឡា ក្បែរគំនរសម្រាមស្អុយរលួយ ដែលជារឿយៗត្រូវក្រុមសន្តិសុខ និងសមត្ថកិច្ចមូលដ្ឋានទៅបណ្តេញចេញ ខណៈដែលពួកគាត់កំពុងបន្តធ្វើការតវ៉ាទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ផ្តល់ផ្ទះល្វែងជូនពួកគាត់ទៅតាមការសន្យា។

កាលពីម្សិលមិញ លោកកែប ជុតិមា បាននាំយកអង្ករ និងគ្រឿងបរិភោគឧបភោគ ព្រមទាំងតង់កៅស៊ូ ទៅចែកជូនពលរដ្ឋចំនួន១៣៣ គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ តង់កៅស៊ូមួយ និងថវិការចំនួនបីម៉ឺនរៀល។ ក្នុងឱកាសនោះ លោកអភិបាលសាលារាជធានី បានសន្យាថា នឹងធ្វើការសាងសង់ផ្លូវ តភ្ជាប់បណ្ដាញទឹក ភ្លើង ហើយនឹងខិតខំកៀងគររកជំនួយ មកអភិវឌ្ឍន៍ ដើម្បីលើកស្ទួយជីវភាពរបស់ពលរដ្ឋ។ លោកបានថ្លែងថា៖«…អ្នកថាពួកគេចាំតែថា…ចាំតែបន្ទោស យើងជាអ្នកធ្វើប៉ុណ្ណោះ»។

ជាមួយគ្នានេះ ពលរដ្ឋចំនួន ៦ គ្រួសារក្នុងចំណោមជាង ៣០ គ្រួសារ ត្រូវបានគេអះអាងថា ជាពលរដ្ឋ ដែលមកពីតំបន់ផ្សេង និងជាអ្នកដែលធ្លាប់ទទួលបានគោលនយោបាយជាផ្ទះល្វែង ក្នុងតំបន់បុរីកីឡាពីរដ្ឋរួចហើយ ដែលក្នុងនោះរួមមាន ឈ្មោះ ចេង វន មកពីភូមិព្រែកលៀប ឈ្មោះគឹម ថន និងឈ្មោះឌី ចិន្តា មកពីភូមិត្រពាំងអញ្ចាញ ឈ្មោះប៉ាង ណារ៉ា មកពីភូមិឈូកវ៉ា ឈ្មោះខៀវ សុខជា និងឈ្មោះ និល អ៊ីម ធ្លាប់ទទួលបានគោលនយោបាយជាផ្ទះល្វែងនៅបុរីកីឡា។

តំណាងពលរដ្ឋបុរីកីឡាចំនួន ១៣៣ គ្រួសារ ដែលបានជម្លៀសចេញទៅកាន់តំបន់ភ្នំបាតនោះ លោក ទូច ខន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពលរដ្ឋ ៦ គ្រួសារនោះ នឹងមិនទទួលបានដំណោះស្រាយជាដីឡូដ៍ក្នុងតំបន់នោះទេ។ លោកបានថ្លែងថា៖«យើងខ្ញុំសុំឲ្យក្រុមហ៊ុន និងអាជ្ញាធរ ផ្ដល់ដីឡូដ៍ ជូនប្រជាពលរដ្ឋក្រីក្រយើងខ្ញុំ ឲ្យបានឆាប់»។

ការបណ្តេញប្រជាពលរដ្ឋចេញពីតំបន់បុរីកីឡា បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង មកលើទាំងអាជ្ញាធររាជធានី និងទាំងរដ្ឋាភិបាលខណៈដែលក្រុមហ៊ុនផានអ៊ីម៉ិច ខកខានមិនបានសង់អគារឲ្យបានគ្រប់ចំនួន ១០ ដើម្បីចែកជូនពលរដ្ឋទាំងនោះតាមការសន្យា៕

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s