វិភាគ៖ ​​ការ​បង្កើត​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ធ្លី​ ជា​ការ​ចំអក​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ

29 Jun

អៀត ដារ៉ាវុធ VOD ថ្ងៃទី ២៩ មិថុនា ២០១២

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ថវិការបស់ខ្លួន ដើម្បីឧបត្ថម្ភដល់ក្រុមនិស្សិតស្ម័គ្រចិត្ត ១១០០នាក់ ដើម្បីចុះវាស់វែងដីធ្លីចែកជូនប្រជាពលរដ្ឋដែលរស់នៅលើដីសម្បទានសង្គមកិច្ច និងដីគម្របព្រៃឈើ។ កាលពីថ្ងៃព្រហស្បតិ៍ និស្សិតស្ម័គ្រចិត្តដែលស្លៀកសំលៀកបំពាក់ឯកសណ្ឋានទា ហានឈុតប៉ារ៉ា ត្រូវបានគេបញ្ជូនឲ្យចុះធ្វើការងារនេះ ជាបណ្តើរៗហើយ។

ការបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តនេះ មន្ត្រីរដ្ឋាភិបាលអះអាងថាជាការល្អ ប៉ុន្តែសម្រាប់អ្នកវិភាគមើលឃើញថា ភាពវិជ្ជមានផង និងអវិជ្ជមានផង។

នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា បានពន្យល់ថា ការបង្កើតក្រុមវាស់វែងជានិស្សិតស្ម័គ្រចិត្តនេះ គឺជាការផ្តល់ឱកាសដល់និស្សិត ឲ្យបានសិក្សាស្វែងយល់ពីបញ្ហាដីធ្លី និងជួយលើកទឹកចិត្តដល់និស្សិតឲ្យចូលរួមជួយដោះស្រាយបញ្ហាសង្គម ម្យ៉ាងទៀតថា ពួកនិស្សិតមានឱកាសការងារ និងទទួលបានប្រាក់កម្រៃផងដែរ។ លោក ជាង សុខា បន្តថា ទោះជាយ៉ាងណា ការបង្កើតក្រុមនិស្សិតឲ្យចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបែបនេះ គឺជាការបង្ហាញឲ្យឃើញភាពកំសោយនៃប្រព័ន្ធការងាររបស់រដ្ឋាភិបាល ៖ “យន្តការថ្មីនេះ វាហាក់ដូចជាកំពុងវាយប្រហារទៅលើស្ថាប័នដែលមានសមត្ថកិច្ច បង្ហាញអំពីភាពអសមត្ថភាពរបស់ស្ថាប័ន ទាក់ទងទៅនឹងការចំណាយទៅលើយុវជន បើសិនជាគាត់បង្វិលការចំនាយហ្នឹងទៅអោយមន្ត្រីដែលនៅក្នុងស្ថាប័ន ដែលមានសមត្ថកិច្ចទាក់ទងនឹងវិវាទដីធ្លី ក៏ជាកំលាំងជំនាញមួយដែលធ្វើអោយគាត់ហ្នឹងអាចបំពេញកាតព្វកិច្ចហ្នឹង បានល្អដែរ”។

ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនេះ គឺនឹងត្រូវប្រើប្រាស់ពេលវេលារយៈពេល៦ខែ។ និស្សិតម្នាក់ៗនឹងត្រូវទទួលបានប្រាក់៣ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយមុនពេលចេញដំណើរទៅចុះវាស់វែងដីធ្លី និស្សិតទាំងនោះ នឹងទទួលបានប្រាក់ ១០០ដុល្លារបន្ថែមទៀត ដែលសរុបទៅថវិកាដែលត្រូវចំណាយចាប់ពី២៥ម៉ឺនដុល្លារឡើង។

អ្នកស្រាវជ្រាវឯករាជ្យលោក កែម ឡី ក៏បានសាទរនូវយន្តការផ្តួចផ្តើមឲ្យនិស្សិតបានការចូលរួមនៅក្នុងសង្គមបែបនេះដែរ ប៉ុន្តែលោកថាយន្តការបែបនេះ មិនឋិតថេរទេ ៖ “ឧទាហរណ៍ថាច្បាប់បោះឆ្នោតព្រឹទ្ធសភា ច្បាប់បោះឆ្នោតរដ្ឋសភា ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រាជធានីខេត្តក្រុង សុ្រកខណ្ឌ អីអញ្ចឹងយើងធ្វើការកែប្រែច្បាប់ហ្នឹង អោយមានអ្នកឈរឈ្មោះ ពីអាយុ ១៨ទៅ៣០ឆ្នាំទៅ អាហ្នឹងយើងអាចគិតថា អោយមានការចូលរួមរបស់យុវជនហើយ ចំនុចទីពីរ ជាការល្អហើយដែលយើងអោយមានការចូលរួមរបស់យុវជន ដើម្បីស្រូបយកគំនិតថ្មី ស្រូបយកបទពិសោធន៍ថ្មី ក៏ប៉ុន្តែយើងត្រូវក្រឡេកមើលយុវជននៅតាមភូមិឃុំវិញ ដើម្បីកុំអោយការចំនាយហ្នឹងវាខ្ពស់ ឧទាហរណ៍ថា យ៉ាងហោចណាស់៦% នៃយុវជនដែលនៅភូមិឃុំហ្នឹង ទទួលបានសញ្ញាប័ត្រ ជាបាក់ឌុប ឬក៏ជាអនុបណ្ឌិត បណ្ឌិតអីអញ្ចឹង ឬក៏បរិញ្ញាប័ត្រអីអញ្ចឹង អោយគាត់ចូលរួមជាក្រុមប្រឹក្សាភូមិទៅ”។

នៅក្នុងដំណើរការនៃការវាស់វែងនេះ កូនប្រុសទីពីររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ជាអ្នកទទួលខុសត្រូវផ្នែកភស្តភា។ លោក ហ៊ុន ម៉ានិត មានឋានន្តរសក្កិជាវរៈសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទ ដែលទើបត្រូវតែងតាំងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុងហៃ ក៏បានសាទរចំពោះយន្តការដែលរដ្ឋាភិបាលជម្រុញឲ្យនិស្សិតចូលរួមនៅក្នុងសង្គមនេះដែរ ប៉ុន្តែលោកថា ការតម្រូវឲ្យនិស្សិតស្លៀកសម្លៀកបំពាក់យោធានៅពេលនេះ គឺខុសច្បាប់ ហើយអាចជាការគំរាមកំហែង ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ៖ “មានគំនិតល្អ ក៏ប៉ុន្តែរបៀបចាត់ចែង គឺអាចបង្កើតជាអណាធិបតេយ្យក្នុងជួររដ្ឋាភិបាល និងរដ្ឋបាលរបស់ប្រទេស ហើយមួយទៀតខ្ញុំឃើញថា អ្នកស្ម័គ្រនោះល្អហើយ ដែលផ្តល់សេវាដល់សង្គម ក៏ប៉ុន្តែឯកសណ្ឋានប៉ារ៉ា តើអ្នកស្រុកដែលប៉ះពាល់រឿងដីធ្លី គេថានេះជារបៀបគំរាមកំហែងផងដែរ តើដែលគេអាចយល់ថាជាយោធា ឬអត់ទេ បើខ្ញុំជាយុវជនវិញ ខ្ញុំសំណូមពរថា យើងពាក់ឯកសណ្ឋានស៊ីវិលធម្មតា ជាអ្នកស្ម័គ្រចិត្ត”។

មាននិស្សិតស្ម័គ្រចិត្តមកពីមហាវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ចំនួន ១១០០នាក់ ដែលគេត្រូវបែងចែកជា ៦១ក្រុម សម្រាប់ចែកដីទំហំប្រហែលជា៥ម៉ឺនហិកតា ចំនួន៤៨៦កន្លែង ដល់ប្រជាពលរដ្ឋប្រហែល ១០ ម៉ឺនគ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច និងដីគំរបព្រៃឈើ។ នៅក្នុងនោះដែរ មានមន្ត្រីជំនាញវាស់វែងមកពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ចំនួន ២៨១នាក់ ក៏ចូលរួមធ្វើកិច្ចការនេះដែរ។

ទោះជាយ៉ាងណា អ្នកវិភាគ បានមើលឃើញថា ការបង្កើតក្រុមនិស្សិតឲ្យធ្វើចុះវាស់វែងដីធ្លីនេះ ជាការចំអកឲ្យក្រសួងពាក់ព័ន្ធបញ្ហាដីធ្លីនេះ ពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់៕

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s