ពលរដ្ឋ​​ខេត្តបន្ទាយ​មាន​ជ័យ​​មិន​មាន​ជំនឿ​លើ​អាជ្ញាធរ​លើ​បញ្ហា​ដីធ្លី​

17 Jul

ថុល ស្រីលក្ខណ៍ និងស៊ុន ណារិន VOD ថ្ងៃទី១៧ កក្កដា ២០១២

ប្រជាពលរដ្ឋនៅឃុំអូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ជិតព្រំដែនថៃ ហាក់មិនសូវមានជំនឿក្នុងការចុះវាស់វែងដីធ្លីរបស់អាជ្ញាធរ ខណៈពួកគេជិត ១០០នាក់ ប្រមូលផ្តុំគ្នានៅក្នុងភូមិ រង់ចាំការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណដីពីអាជ្ញាធរមូលដ្ឋាន។

លោក សំ សឿន តំណាងពលរដ្ឋ មានប្រសាសន៍ថា ពួកគាត់មិនទុកចិត្តនឹងការចុះដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ ដែលអូសបន្លាយជិត ១០ឆ្នាំមកហើយ។ លោកថា ប្រសិនបើការដោះស្រាយមិនមានភាពយុត្តិធម៌ដល់ពួកគាត់ នោះពួកគាត់នឹងបន្តការតវ៉ា ៖ “ខ្ញុំអានលើក្រដាសហ្នឹងវាហាក់បីដូចជាមិន មិនយុត្តិធម៌សំរាប់ពលរដ្ឋ គេមិនអោយផ្សាយដំណឹងទៅខាងអង្គការ កាសែត អ្នកនៅពីក្រោយអីអញ្ចេះអញ្ចោះហ្នឹង គេអត់អោយមាត់ទេអញ្ចឹងដូចថាគេចង់អោយយើងធ្វើអីធ្វើហ្នឹងតាមគេ”។

អ្នកស្រី សំ សុខឃីម ជាប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី មានប្រសាសន៍ថា ពួកគាត់បានស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ តាំងពីឃុំរហូតដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។ អ្នកស្រីថា រហូតមកដល់ពេលនេះ ពួកគាត់ប្រឈមនឹងការមិនមានអាហារហូបចុកគ្រប់គ្រាន់ ដោយសារតែជីវភាពក្រីក្រ និងមិនមានដីធ្វើស្រែចម្ការ។

សម្រាប់អ្នកនាំពាក្យប្រចាំខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមអ្នកចុះវាស់វែងដីនៅខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ មានប្រសាសន៍ថា លោកបានចុះកាត់ដីតំបន់អភិរក្ស និងដីរបស់ប្រជាពលរដ្ឋចេញពីដីដែលមានទំនាស់។ លោកបន្តថា ដីនៅតំបន់នោះមិនមានដីព្រៃសម្បទានសេដ្ឋកិច្ចនោះទេ ហើយថា មានតែដីសង្គមកិច្ច ដីដំបន់អភិរក្ស និងដីព្រៃ ដែលប្រជាពលរដ្ឋខ្លះរស់នៅដោយខុសច្បាប់ ៖ “ក្នុងដីហ្នឹង បានន័យថាប្រជាពលរដ្ឋដែលគាត់កាន់កាប់ហ្នឹង សុទ្ធជាកាន់កាប់ខុសច្បាប់ ដោយសារកុំតែបានមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីថ្ងៃ ០៨កក្កដាកន្លងមកហ្នឹង បានជាចាប់ផ្តើមធូរស្រាលទៅ យើងអាចប្រគល់ដីហ្នឹងជូនគាត់តាមនីតិវិធីដែលរាជរដ្ឋាភិបាល ប្រមុខរាជរដ្ឋាភិបាលលោកកំណត់”។

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា អាជ្ញាធរខេត្តតែងតែចុះកំនត់អត្តសញ្ញាណដីនេះ តែមិនទាន់ឃើញមានចំណាត់ការចុះអន្តរាគមន៍។ លោកថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះឲ្យបានឆាប់។

លោកថា ខេត្តបន្ទាយមានជ័យជាខេត្ត ដែលមានទំនាស់ដីធ្លីច្រើនជាងគេ ក្នុងនោះមានដីតំបន់អភិរក្ស ២កន្លែងធំៗ គឺ បន្ទាយឆ្មា និងរមៀមដូនសំ ដីរដ្ឋបាលព្រៃឈើពី៤ ទៅ ៥កន្លែងធំៗ ដីសម្បទានសេដ្ឋកិច្ចធំៗចំនួន៣ ដីសម្បទានសង្គមកិច្ចចំនួន ៦០០០ហិចតា ដីគម្របដែននេសាទ ៣កន្លែង  រួមទាំងដី ដែលទាហានបោះទីតាំង និងដីទំនាស់ជាមួយកងយោធិន ៖ “អញ្ចឹងហើយបានយើងមិនចង់លើក មិនចង់ថាអោយចំ ព្រោះថាគេហាក់ដូចជាមើលបន្ទាយមានជ័យជាខេត្តមួយ ពោរពេញដោយខ្មៅងងឹត ហើយទំនាស់ដីធ្លី ហាក់ដូចជាខាងខេត្តអាជ្ញាធរមិនព្រមប្រឹងធ្វើការដោះស្រាយសោះហើយមានទំនាស់មួយចំនួន ហៀរចេញពីខេត្តរហូតដល់ ចូលដល់ទីស្តីការគណៈរដ្ឋមន្ត្រី ដល់នាយករដ្ឋមន្ត្រី ឬក៏ដល់ក្រសួងមហាផ្ទៃ លែងស្គាល់ខេត្ត មានន័យថាពួកគាត់លែងជឿជាក់ គាត់លែងដាក់នៅហ្នឹងខេត្ត គាត់ប្តឹងបង្ហួសទៅក្រសួងមហាផ្ទៃ”។

លោក ស៊ុំ ចាន់គា លើកឡើងថា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឲ្យដោះស្រាយបញ្ហាដីធ្លី អាជ្ញាធរទើបតែបានដោះស្រាយដីតំបន់អភិរក្ស ២កន្លែង និងកន្លែងផ្សេងៗមួយចំនួន តែតំបន់ផ្សេងៗទៀតមិនទាន់បានដោះស្រាយនោះទេ ដោយអាជ្ញាធរហាក់ដូចជាបិទទុកចោល៕

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s