ផាក់ ស៊ាងលី និង Bridget Di Certo ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី០៩ សីហា ២០១២
ស្ទឹងត្រែងៈ លោក សារ៉ន ភី អាយុ៣៩ឆ្នាំ បានឈប់ម៉ូតូយ៉ាងប្រយ័ត្នប្រយែងចម្ងាយប្រមាណ២០ម៉ែត្រពីច្រក ទ្វារធំមួយ និងគ្មានសញ្ញាត្រឹមត្រូវ នៅក្នុងស្រុកសេសាន។ គាត់បានដើរយឺតៗឆ្ពោះទៅរោងយាមតូចមួយ ដើម្បីសុំទៅកងសន្តិសុខនៅអែបផ្លូវ ជិះចូលទៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូ ។
ចំពោះលោក សារ៉ន ភី និងពលរដ្ឋចំនួន១៨គ្រួសារទៀត ដែលរស់នៅក្នុងភូមិស្រែឈូក ឃុំក្បាលរមាស ស្រុកសេសាន ដែលកំពុងនិយាយជាមួយសន្តិសុខ បានធ្លាក់ក្នុងជីវិតយ៉ាងលំបាកតោកយ៉ាក។
លោក សារ៉ន ភី ដែលអង្គុយនៅក្រោមដើមឈើធំមួយនៅក្បែរផ្លូវឆ្ពោះទៅតូប សន្តិសុខបានប្រាប់ថា៖ «យើងធ្លាប់ទៅមកបាន ប៉ុន្តែពីរឆ្នាំកន្លងទៅនេះ គេធ្វើសម្បទានដីទៅឲ្យក្រុមហ៊ុនចិន ហើយនិងទៅឲ្យក្រុមហ៊ុនវៀតណាមនៅទីកន្លែងនេះ។ ឥឡូវយើង មិនអាចចេញចូលផ្តេសផ្តាស ដោយគ្មានការសុំអនុញ្ញាតពីគេទេ»។
អ្នកភូមិវ័យចំណាស់ឈ្មោះ ឃួន ចន អាយុ៦៧ឆ្នាំ បានឲ្យដឹងដែរថា អ្នកភូមិជនជាតិភាគតិចចម្រុះគ្នា បានរស់នៅជុំវិញព្រៃនេះតាំងពីដូនតា មកម្ល៉េះ ប៉ុន្តែ សព្វថ្ងៃដូចជាត្រូវគេមើលរំលង នៅពេលការព័ទ្ធរបង ដីសម្បទាន ជុំវិញពួកគាត់អស់។
លោក ឃួន ចន និយាយថា៖ «យើងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ វាហាក់ដូចជាកំពុងរស់នៅលើកោះតូចមួយ ពីព្រោះថា ដីរបស់ក្រុមហ៊ុនគឺនៅជុំវិញយើង»។
ក្នុងពេលស្ថានភាពអ្នកភូមិ ត្រូវដាក់ឲ្យលំបាកបែបនេះ នៅចន្លោះដីសម្បទានពីរ ហើយដែលកំពុងមានការឈូសឆាយទ្រង់ទ្រាយធំ ខណៈសន្តិសុខក្រុមហ៊ុនបានចូលទៅក្នុងតំបន់ដីសម្បទានទាំង នេះកាលពីដើមឆ្នាំនេះ គ្រួសារមួយចំនួនបានរើអីវ៉ាន់និងរបស់របរពីផ្ទះទៅរស់ នៅតាមបណ្តោយផ្លូវជាតិលេខ ៧៨-អា ជាបណ្តោះអាសន្ន ជាមួយនឹងប្រជាពលរដ្ឋ១១៤គ្រួសារទៀត ដែលត្រូវបានបណ្តេញចេញពីផ្ទះនិងដីរបស់ខ្លួនដោយក្រុមហ៊ុនវៀតណាមឈ្មោះ Pacific Co., Ltd.មុននេះ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រួសារទាំងនោះត្រូវបណ្តេញភ្លាមៗ ចេញពីផ្លូវជាតិនោះ ដែលនៅជិតដីចម្ការក្រុមហ៊ុនចិនមួយ ដែលពុំមានដាក់ស្លាកសញ្ញាត្រឹមត្រូវ។
លោក ឃួន ចន ដែលរំពឹងលើខ្ទមប្រក់ស្លឹកសង់អែបនឹងដើមឈើ បន្តថា៖ «ក្រុមហ៊ុនឯកជន រួមជាមួយនឹងអាជ្ញាធរបានធ្វើឲ្យយើងចុះចោលផ្ទះសម្បែង ហើយនៅបានព្រមានថា ពួកគេនឹងយកយើងទៅដាក់គុក ប្រសិនបើពួកយើងមិនព្រមរើផ្ទះចេញ»។
លោកនិយាយទៀតថា ដូច្នេះអ្នកភូមិចំនួន ១៩ គ្រួសារ បានត្រឡប់ទៅរស់នៅលើ«កោះ»របស់ខ្លួនវិញ ដើម្បីបន្តជីវិតរស់នៅនឹងកន្លែងដែលគ្មានសាលារៀន គ្មានមណ្ឌលសុខភាព គ្មានអគ្គិសនី គ្មានអនាម័យ ហើយភាពលំបាក ធ្វើឲ្យការរស់នៅពួកគាត់ កាន់តែអាក្រក់ទៅៗ ជាមួយនឹងការបន្ថែមទម្ងន់បញ្ហាថ្មីនៃការខ្វះខាតទឹក និងគ្មានលទ្ធភាពចេញទៅពិភពខាងក្រៅបាននឹងគេនោះ។
លោក សារ៉ន ភី គ្រវីក្បាលទាំងអស់សង្ឃឹមថា ប្រជាជននិងក្មេងៗកំពុងរស់នៅយ៉ាងវេទនាណាស់។ លោកបន្តថា ៖ «គ្មានព្រៃ គ្មានសត្វ គ្មានអាហារសម្រាប់ជនជាតិភាគតិចយើងទេឥឡូវនេះ»។ «យើងធ្លាប់ បរបាញ់សត្វព្រៃធ្វើជាអាហារ ប៉ុន្តែ ឥឡូវវាលំបាកនឹងធ្វើការបរបាញ់ណាស់ យើងកំពុងតែខ្វះម្ហូបពេលខ្លះយើងហូបបាយជាមួយនឹងអំបិល»។
លោក ថៃ ឡាំង អាយុ៣៨ឆ្នាំ ដែលស្លៀកក្រមាពណ៌ក្រហមឈរជិតគ្នាបានបន្ទរថា គាត់បានព្យាយាមសម្របសម្រួលជាមួយនឹងស្ថានភាពជីវិតថ្មី និងបានស្វែងរកការងារធ្វើនៅក្រុមហ៊ុនPacific។
លោកថា៖ «ខ្ញុំបានទៅធ្វើការឲ្យក្រុមហ៊ុននេះបានពីរខែដែរ ប៉ុន្តែ បានឈប់ធ្វើវិញដោយសារតែគេមិនបើកប្រាក់ខែឲ្យ»។ លោកបន្តថា៖ «បុគ្គលិកនិងកម្មកររបស់ក្រុមហ៊ុននេះភាគច្រើនជាជនជាតិវៀតណាម»។ លោកបានត្អូញត្អែរថា៖ «ឥឡូវនេះខ្ញុំគ្មានដី តើខ្ញុំអាចទៅធ្វើការនៅកន្លែងណាផ្សេងបានទៅ?បើខ្ញុំគ្មានលទ្ធ ភាពដើរកាត់ដីរបស់ក្រុមហ៊ុនឬផ្លូវថ្នល់បែបនេះនោះ»។ លោកថា៖ «ឥឡូវ ពួកយើងដូចជាកំពុងតែមករស់នៅលើកោះដ៏តូចមួយអ៊ីចឹង»។
ប្រពន្ធលោកឡាំង អ្នកស្រី ថៃ តឹង អាយុ៣៧ឆ្នាំ និយាយដែរថា ក្នុងពីរខែចុងក្រោយនេះ គាត់បានរស់នៅក្នុងភាពក្រលំបាក និងទាំងត្រដាបត្រដួសបំផុត។
អ្នកស្រីបន្តថា៖ «ខ្ញុំបានធ្លាក់ខ្លួនឈឺ ហើយបានទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែ ពេទ្យបានឲ្យវិលមកផ្ទះវិញដោយសារគ្មានប្រាក់បង់»។
អ្នកស្រីត្អូញទាំងអស់សង្ឃឹមថា៖ «កូនៗរបស់ខ្ញុំនឹងល្ងិតល្ងង់ គ្មានចំណេះដឹងដូចយើងអ៊ីចឹង។ ខ្ញុំបារម្ភណាស់ អំពីជំងឺគ្រុនចាញ់នៅរដូវភ្លៀងនេះ កូនៗខ្ញុំ វាងាយនឹងរងគ្រោះថ្នាក់បំផុត»៕ PS
