សង្គម​ស៊ីវិល ​បង្ហាញ​ក្ដីបារម្ភ​អំពី​ច្បាប់​ជាថ្មី

ប្រភព ៖ ភ្នំពេញបុស្តិ៍

បើ​ទោះបី​ជា​ក្រសួង​មហាផ្ទៃ​រិះគន់​អង្គការ​ «​បន្ទប់​ស្ថានការណ៍​» ​ថា​មិន​មាន​ភាព​អព្យាក្រឹត​ក្នុង​អំឡុង​ការ​តាមដាន​ការ​បោះឆ្នោត​ក៏ដោយ ក៏​អង្គការ​នេះ​បាន​ចេញ​លិខិត​មួយ​ទៀត​ដោយ​លើក​ឡើង​នូវ​ក្តីបារម្ភ​នៃ​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បាន​សូម​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​អនុវត្ត​ទៅ​តាម​ផ្នែក​នៃ​ច្បាប់​នេះ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​ខ្លាំង​។

លិខិត​នេះ​ដែល​ចេញ​កាលពី​យប់​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​បី​បាន​អនុវត្ត​ទៅ​តាម​ការ​កំណត់​នៃ​ច្បាប់​នេះ​ជាពិសេស​មាត្រា​ ១០ និង​មាត្រា​ ២៥ ខណៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ដាក់​ព័ត៌មាន​លម្អិត​នៃ​គណនី​ធនាគារ​ថវិកា​ពី​ម្ចាស់​ជំនួយ និង​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​។

មាត្រា​ទាំង​ពីរ​នេះ​ត្រូវ​បាន​តវ៉ា​យ៉ាង​ខ្លាំងក្លា​ដោយ​សង្គម​ស៊ីវិល​ថា​មាន​លក្ខណៈ​ហួសហេតុ និង​រឹតបន្តឹង​។

លិខិត​នេះ​បាន​បន្ត​ថា​៖ «​ក្នុង​ករណី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ខកខាន​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​ចំណុច​ ១ ​ខាង​លើ សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ទទួល​រង​នូវ​ចំណាត់ការ​ផ្លូវ​ច្បាប់​ទៅ​តាម​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​»​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ពេល​រហូត​ដល់​ចុង​ខែ​កញ្ញា​ក្នុង​ការ​ដាក់​គណនី​ធនាគារ​ក្នុង​ស្រុក​ដែល​ប្រើ​ដោយ​អង្គការ​ហើយ​នឹង​ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​ទៅ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០១៦​។

លិខិត​នេះ​បាន​ធ្វើ​ឡើង ខណៈ​សេចក្តី​ជូន​ដំណឹង​ពីរ​ទៀត​ត្រូវ​បាន​ផ្ញើ​ទៅ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​និចហ្វិក និង​ខុមហ្វ្រែល​ដោយ​ពួកគេ​ត្រូវ​បាន​ប្រាប់​ចំពោះ​ការ​មិន​គោរព​តាម​មាត្រា​ ២៤ ​នៃ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ចែង​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​តែ​រក្សា​ភាព​អព្យាក្រឹត​ចំពោះ​គណបក្ស​នយោបាយ​។

លោក ឈឹម កាន ប្រធាន​​នាយកដ្ឋាន​កិច្ចការ​សមាគម​ និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​តែ​ប្រហែល​ ១០០ ​អង្គការ​ប៉ុណ្ណោះ​ដែល​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ហើយ​លិខិត​នេះ​ជា​ការ​រំឭក​ទៅ​អង្គការ​ដទៃៗ​ទៀត​ឲ្យ​គោរព​តាម​ផង​ដែរ​។ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​កំណត់​ពេលវេលា គ្រាន់​តែ​ថ្លែង​ថា​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ច្បាប់​នេះ​គឺ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​។

លោក​បាន​បន្ត​ថា​៖ «​ពួកគេ​​ចាំបាច់​ត្រូវ​ដាក់​ឲ្យ​បាន​មុន​ពេលវេលា​កំណត់​។ [​ឆ្នាំ​មុន​] យើង​មិន​បាន​រឹតបន្តឹង​ពួកគេ​។ យើង​មិន​បាន​ជម្រាប​ពួកគេ​ដោយសារ​យើង​ចង់​រង់ចាំ​មើល​ការ​អនុវត្ត​របស់​ពួកគេ​»​។

ទោះ​យ៉ាង​ណា​ក្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ពួកគេ​បាន​និង​កំពុង​រង់ចាំ​ការ​បំភ្លឺ​ពី​ក្រសួង​អំពី​របៀប​បំពេញ​លក្ខខណ្ឌ​តម្រូវ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​នេះ ខណៈ​ពួកគេ​ជាច្រើន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នាពេល​ខាង​មុខ​។

លោក អៀង វុទ្ធី នៅ​អង្គការ​សមធម៌​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​លិខិត​នេះ​ធ្វើ​​ឲ្យ​លោក​មាន​ការ​ភ្ញាក់ផ្អើល ហើយ​លោក​ថា​នៅ​មាន​ភាព​មិន​ច្បាស់​នៅ​ឡើយ​អំពី​ថា​តើ​អង្គការ​របស់​លោក​គួរ​បង្ហាញ​​ព័ត៌មាន​ដូចម្តេច​ដែល​តម្រូវ​ដោយ​ក្រសួង​មហាផ្ទៃ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ជាក់ស្តែង​មាន​ការ​ខ្វះខាត​ភាព​ច្បាស់លាស់​នៅក្នុង​នីតិវិធី​»​។ ​«​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ទុក​ពេលវេលា​ឲ្យ​យើង និង​ផ្តល់​ការ​ណែនាំ​បន្ថែម​»​។ ខណៈ​លោក​មិន​ចង់​ព្យាករ​អំពី​ចេតនា​របស់​រដ្ឋាភិបាល​លោក​បាន​ថ្លែង​ថា វា​មិន​ពិបាក​មើល​និន្នាការ​នោះ​ទេ​។

លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​មាត្រា​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើក​ការ​ជំទាស់​ថា​មាន​លក្ខណៈ​ស្មុគស្មាញ បំពាន និង​គ្មាន​ហេតុផល​ច្បាស់លាស់​។

លោកស្រី​បាន​ថ្លែង​ទៀត​ថា​៖ «​យើង​បារម្ភ​ថា​បញ្ញត្តិ​ទាំង​នេះ​ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ប្រហែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​តាមដាន​ការ​បោះឆ្នោត​របស់​​សង្គម​ស៊ីវិល​»​។

ពាក់ព័ន្ធ​នឹង​អង្គការ​ស្ថានការណ៍ លោក សុធារ៉ា យឹង មន្ត្រី​ផ្នែក​ច្បាប់​ និង​តាមដាន​សម្រាប់​អង្គការ​ខុមហ្វ្រែល​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ចំណុច​គុណវិបត្តិ​មួយ​​ចំនួន​នៃ​ដំណើរការ​បោះឆ្នោត​គឺ​ពិបាក​មើល​រំលង ជាពិសេស​​បរិយាកាស​បោះឆ្នោត​តានតឹង​ក្នុង​ដំណើរការ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ៤ ខែ​មិថុនា ហើយ​ការ​សុំ​ឲ្យ​មាន​ការ​កែលម្អ​មិនមែន​ជា​ភាព​លម្អៀង​នយោបាយ​នោះ​ទេ​។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​យើង​មិនមែន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទេ​» «​អ្វី​ក៏ដោយ​ដែល​ជា​បរិយាកាស​នយោបាយ សាធារណជន​អាច​វិនិច្ឆ័យ​បាន ជាពិសេស ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ និង​ការ​គំរាម​កំហែង​ថា​នឹង​មាន​សង្គ្រាម​ស៊ីវិល​»​។

លោក Phil Robertson នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ដោយសារ​តែ​មាន​សំណើ​ខ្លាំង​ពី​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល​គួរ​ប្រជុំ​គ្នា និង​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ការ​បំពាន​លក្ខណៈ​នយោបាយ​នៃ​ច្បាប់​នេះ​បង្ហាញ​ពី​ទំហំ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រៀម​ខ្លួន​បំពាន​សិទ្ធិមនុស្ស​ដើម្បី​រក្សា​អំណាច​របស់​គាត់​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s