ពលរដ្ឋ​ត្រៀម​ទីទួល​សុវត្ថិភាព​ ​មុន​បិទ​ទំនប់​វារីអគ្គិសនី

ប្រភព ៖ ភ្នំពេញបុស្តិ៍

ស្ទឹងត្រែងៈ ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០ ​គ្រួសារ​បាន​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ជា​បណ្ដោះអាសន្ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ដោយសារ​ទឹកជំនន់​នឹង​កើត​មាន​នៅ​ក្នុង​ភូមិ​ដែល​ពួកគាត់​​កំពុង​រស់នៅ​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​ចុង​សប្ដាហ៍​នេះ​ដែល​បាន​ធ្វើឲ្យ​មាន​ក្ដី​ព្រួយបារម្ភ​ចំពោះ​គ្រោះថ្នាក់​ជាយ​ថាហេតុ​បណ្ដាល​មកពី​សត្វ​ពិស​ដែល​មាន​នៅ​ក្នុងព្រៃ​។

ជនជាតិ​ដើម​ភាគ​តិច​ជាង​ ១០០ ​គ្រួសារ​គឺ​មិន​ព្រម​ចេញ​ពី​លំនៅឋាន​ចាស់​ពួកគេ​ទេ​ហើយ​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ជាង​ ២ ​ពាន់​ហិកតា​នៅ​មុន​ពេល​ក្រុមហ៊ុន​គ្រោង​នឹង​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ​២​។ ​

តំណាង​សហគមន៍​ក្បាល​រមាស លោក ដាំ សំណាង បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ទំនប់​នឹង​ត្រូវ​បិទ​ចាប់​ពី​ថ្ងៃ​ទី​ ១៥ ​កក្កដា​ដល់​ ១៥ ​សីហា​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​កន្លែង​ហ្នឹង​អត់​លិច​ទឹក​ទេ​។ អ៊ីចឹង​ពលរដ្ឋ​សម្លឹង​ឃើញ​ទី​នោះ​ជា​ទី​ទួល​សុវត្ថិភាព​។ ផ្ទះ និង​ខ្ទម​ដែល​ធ្វើ​ហើយ​មាន​ប្រហែល​ ៥០ ​ហើយ​។ ទឹក​ទំនប់​អាច​លិច​​ប្រហែល​ជា​ ៤ ​ម៉ែត្រ​ត្រឹម​ពាក់​​កណ្តាល​ផ្ទះ​។ មិន​ដល់​ ៧២ ​ម៉ែត្រ​នោះ​ទេ​នៅ​ភូមិ​។ វា​មិន​លិច​ទាំង​ស្រុង​ទេ​»​។

លោក​បន្ត​ថា​ផ្ទះ​សំបែង ដំណាំ​ហូប​ផ្លែ និង​ផ្នូរ​ដូនតា​នឹង​ត្រូវ​លិច តែ​ពលរដ្ឋ​អាច​ចិញ្ចឹម​សត្វ និង​ធ្វើការ​ដាំដុះ​នៅ​ទីទួល​នោះ​បាន​។

លោក សំណាង បាន​សម្ដែង​ក្តីបារម្ភ​ថា​ពលរដ្ឋ​កំពុង​តែ​ជួប​ប្រទះ​ការ​លំបាក​នៅ​ពេល​ផ្លាស់ប្តូរ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ដោយសារ​តែ​ខ្វះ​មធ្យោបាយ​ដូចជា​ទូក​ជាដើម​ហើយ​ទូក​ពួកគាត់​នោះ​គឺ​តូចៗ​ដែល​អាច​ដាក់​មនុស្ស​បាន​តែ​ ៣ ​នាក់ និង​ទ្រពសម្បតិ្ត​តិចតួច​ប៉ុណ្ណោះ​។ ពួកគាត់​ក៏​នឹង​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​សត្វ​សាហាវៗ ឬ​សត្វ​មាន​ពិស​ដូចជា​ពស់ និង​ក្អែប​ជាដើម និង​ពេល​ទឹក​លិច​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ទូក​ប្រហែល​ ៣០ ​ប៉ុណ្ណោះ​។ យើង​ក៏​មាន​ហានិភ័យ​ខ្លាំង​រឿង​សត្វ​សាហាវៗ​ដែរ ព្រោះ​កាល​ណា​ទឹក​ជន់​មក​ច្រើន ទាំង​មនុស្ស និង​សត្វ​វា​រត់​មក​រក​ទីទួល​ជាមួយ​គ្នា​ហើយ​។ វា​អត់​មាន​សុវត្ថិភាព​ទេ​។ អ៊ីចឹង​យើង​ត្រូវការ​មាន​ពេទ្យ​នៅ​ទី​នោះ​ដែរ​»​។

លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ទៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កាលពី​ខែ​មិថុនា​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ ២ (HLSS2) ​នឹង​ចាប់ផ្តើម​បិទ​ទំនប់ ដើម្បី​សាកល្បង​ប្រព័ន្ធ​​ដំណើរការ​ទំនប់​ដែល​ជា​ផែនការ​បន្ទាន់​នៅ​មុន​ពេល​បិទ​ទំនប់​ជា​អចិន្រៃ្តយ៍ និង​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា​ខាង​មុខ​ដែល​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ ការ​បិទ​នោះ​នឹង​ធ្វើឲ្យ​កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​ ៧២ ​ម៉ែត្រ​ធៀប​នឹង​នីវ៉ូសមុទ្រ​។

លោក ម៉ែន គង់ អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ទំនប់​វារីអគ្គិសនី​នឹង​ត្រូវ​បិទ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ដោយ​គ្មាន​ការ​ពន្យារពេល​នោះ​ទេ ហើយ​នាពេល​បច្ចុប្បន្ន​នេះ​អភិបាលរង​ខេត្ត​លោក ដួង ពៅ កំពុង​តែ​ចុះ​ជួប​ជាមួយ​ពលរដ្ឋ ដើម្បី​ស្តាប់​មតិយោបល់​របស់​ពួកគាត់​។

លោក​ថ្លែង​ថា​៖ «​ទីទួល​សុវត្ថិភាព​ជា​កន្លែង​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ក្នុង​ករណី​ចាំបាច់​។ អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​ពេល​មាន​អាសន្ន​រួច​ហើយ​។ អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​រុះរើ​ស្ពាន​ស្រែ​ពក​ប្រវែង​ ២៥២ ​ម៉ែត្រ​ដើម្បី​បញ្ចៀស​ការ​បំផ្លាញ​ដោយសារ​ទឹក​ ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​ធ្វើការ​តវ៉ា​បញ្ឈប់​កាលពី​ចុង​ខែ​មិថុនា​កន្លង​មក​ដោយសារ​តែ​ពួកគាត់​ប្រើប្រាស់​ស្ពាន​នោះ​ដើម្បី​ឆ្លងកាត់​ទៅ​កាន់​ទីប្រជុំជន និង​ក្រុង​ស្ទឹងត្រែង​។

លោក ស គឹមណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ចុះ​ជួប​ពលរដ្ឋ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពន្យល់​ពួកគាត់​ពី​ការ​រុះរើ​នោះ​ហើយ​ ២ ​ថ្ងៃ​ក្រោយ​មក ​(​ថ្ងៃ​ពុធ​) ​ក៏​នឹង​មាន​ការ​ត្រៀម​កម្លាំង​ដើម្បី​ធ្វើ​ការ​រុះរើ​ស្ពាន​សា​ជាថ្មី​ម្តង​ទៀត​។ ទំនប់​នេះ​កម្លាំង​ ៤០០ មេហ្គាវ៉ាត់ ចំណាយ​លុយ ៨១៦ លាន​ដុល្លារ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​ ២០១៤ រវាង​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា​ គិត ម៉េង ​និង​ក្រុមហ៊ុន​ចិន​នឹង​ជួយ​កាត់បន្ថយ​កង្វះខាត​អគ្គិសនី​ក្នុង​ស្រុក​តែ​វា​ក៏​បំផ្លាញ​ព្រៃឈើ​អស់​ប្រមាណ ៣ ​ម៉ឺន​ហិកតា​ និង​ប៉ះពាល់​ផ្ទៃដី​កសិកម្ម ២៤ ភាគរយ​ក្នុង​ស្រុក សេសាន ផង​ដែរ​។

លើស​ពី​នេះ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន ១៥៧៩ ត្រូវ​ជន់លិច​ហើយ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីតាំង ៦ ​ផ្សេង​គ្នា​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s