តំបន់​​​ប្រាសាទសំបូរ​​​ព្រៃគុកត្រូវបានចុះក្នុង​​​បញ្ជី​​​បេតិកភណ្ឌ​​​ពិភពលោក​​​ទី៣​​​របស់​​​កម្ពុជា​​​

ប្រភព​ ៖ cambodiadaily

សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រូវបានសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។

ប្រាសាទកសាងក្នុងសតវត្សរ៍ទី៧នេះ ដែលបង្ហាញពីលក្ខណៈបុរាណល្អឯកពីសម័យចេនឡារយៈពេលខ្លីនោះ ស្ថិតនៅរាយប៉ាយលើដីព្រៃទំហំជាង២.០០០ហិកតា។ តំបន់ប្រាសាទនេះរួមជាមួយឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍កាលពីម្សិលមិញថា “វាជាកិត្តិយសចំពោះប្រទេសកម្ពុជា និងចំពោះបុព្វបុរសរបស់យើង”។

លោកស្រីថ្លែងថា បន្ថែមពីលើស្ថាបត្យកម្ម ទីតាំងប្រាសាទរក្សាបាននូវលក្ខណៈប្រពៃណីនិងវប្បធម៌ដ៏យូរលង់។ តំបន់ប្រាសាទស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញ និងចម្ងាយ១៧០គីឡូម៉ែត្រភាគអាគ្នេយ៍ខេត្តសៀមរាប។

យោងតាមសេចក្ដីថ្លែងការណ៍ចុះផ្សាយក្នុងគេហទំព័របេតិកភណ្ឌពិភពលោកកាលពីថ្ងៃសៅរ៍ ទីតាំងបុរាណវត្ថុនេះគឺជាតំបន់ប្រាសាទស្ថិតក្នុងតំបន់ព្រៃ ហើយជាអតីតរាជធានីនៃអាណាចក្រចេនឡា។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា “ធាតុ ផ្សំពីថ្មភក់នៅក្នុងទីតាំងប្រាសាទនេះគឺលក្ខណៈរចនាបថសម័យមុនអង្គរ ដែលគេស្គាល់ថា រចនាបថសំបូរព្រៃគុក។ធាតុផ្សំមួយចំនួនក្នុងចំណោមធាតុផ្សំទាំងនេះគឺ ធ្នឹម ហោជាង និងជួរសសរទ្រជាដើម គឺជាស្នាដៃដ៏មហស្ចារ្យពិតៗ”។ សិល្បៈ និងស្ថាបត្យកម្មបានអភិវឌ្ឍនៅទីនេះ ក្លាយជាគំរូសម្រាប់ផ្នែកផ្សេងៗ ទៀតនៃតំបន់ និងបង្ហាញពីរចនាបថខ្មែរដ៏ល្អឯកនៃសម័យអង្គរ”។

ការទទួលស្គាល់នេះកើតឡើងប្រហែល៤ឆ្នាំក្រោយពីកម្ពុជាបានលើកសំណើ។លោកស្រី Anne Lemaistre តំណាងប្រចាំប្រទេសនៃអង្គការយូណេស្កូមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

លោក Jean-Baptiste Chevance បុរាណវិទូជនជាតិបារាំង ជាប្រធានកម្មវិធីនៃមូលនិធិបុរាណវត្ថុវិទ្យា និងអភិវឌ្ឍន៍ បានមានប្រសាសន៍ ថា ការទទួលស្គាល់នេះ “ធ្វើឱ្យគេស្គាល់ពីសម័យមុនៗនៃប្រវត្តិសាស្ត្រខ្មែរ។

លោកបានថ្លែងថា “វាជាទីតាំងបុរាណមួយក្នុងចំណោមទីតាំងបុរាណសំខាន់ៗក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាតំណាងឱ្យសម័យមុនៗនៃស្ថាបត្យកម្មខ្មែរ”។

លោកបានបន្ថែមថា “មូលដ្ឋាននៃស្ថាបត្យ កម្ម និងការតុបតែងលម្អដល់ប្រាសាទនោះដូចជា ទំនាក់ទំនងទៅនឹងសសរ និងជើងទម្រជាដើម ហើយវាគ្រាន់តែផ្លាស់ប្តូរបន្តិចបន្តួច នៅពេលនោះ និងពេលក្រោយសម័យ អង្គរប៉ុណ្ណោះ។មូលដ្ឋានគឺទីនេះ”។

លោក Chevance បានមានប្រសាសន៍ថា ទីតាំងនេះក៏ជាឧទាហរណ៍មុនៗនៃនិន្នាការកម្ពុជាក្នុងការរួមបញ្ចូលស្ថានភាពនយោបាយ និងធម្មជាតិទៅក្នុងការអភិវឌ្ឍផងដែរ។ លោកបានថ្លែងថា ប៉ុន្តែប្រាសាទទាំងអស់ក៏មាន”លក្ខណៈ ពិសេស” ខុសប្លែកពីគ្នាមួយចំនួនផងដែរ ដូចជាបន្ទប់នៅក្នុងប្រាសាទជាដើមរាងជាចតុកោណជាជាងរាងការ៉េ ដែលគេឃើញភាគច្រើននៅក្នុងស្ថាបត្យកម្មខ្មែរសម័យក្រោយៗ។

យោងតាមលោក សុខ លូ អភិបាលខេត្តបានឱ្យដឹងថា ការទទួលស្គាល់ថ្មីនេះទំនងជាលើកស្ទួយដល់វិស័យទេសចរណ៍នៅក្នុងខេត្ត ព្រមទាំងជំរុញឱ្យមានការផ្តល់ថវិកាអភិរក្សសម្រាប់ទីតាំងនេះផងដែរ។

លោកបានថ្លែងថា “វានឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតឱ្យមកកាន់ទីនេះ និងដោយសារឥឡូវនេះវាជាសម្បត្តិពិភពលោកទៀតនោះ នឹងមានថវិកាបន្ថែមទៀតសម្រាប់បង្កើនការងារអភិរក្សឱ្យកាន់តែប្រសើរឡើង”។

លោក សុខ លូ បានមានប្រសាសន៍ថា លោកមិនដឹងថាតើរដ្ឋាភិបាលបានចំណាយថវិកាប៉ុន្មានលើការអភិរក្សក្នុងពេលកន្លងមកឡើយ ប៉ុន្តែថា អង្គការមិនមែនរដ្ឋាភិបាលក៏បានរួមចំណែកចំពោះការអភិរក្សនេះផងដែរ។ លោកបានបន្ថែមថា មានសហគមន៍ជាច្រើននៅក្នុងតំបន់ព្រៃនេះ ប៉ុន្តែពួកគាត់មិនបានរស់នៅជិតតំបន់ប្រាសាទរំខានដល់ការអភិរក្សឡើយ។

លោក សុខ លូ បានថ្លែងថា រហូតមកទល់ពេលនេះ ទីតាំងនេះមិនបានទាក់ទាញភ្ញៀវទេសចរបរទេសច្រើនឱ្យមកទស្សនាឡើយ។ លោកបានបន្ថែមថា លោកសង្ឃឹមថានឹងមានការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទនេះ និងទស្សនាក្នុងខេត្តកាន់តែច្រើនឡើងនៅពេលអនាគត។

លោកស្រី ភឿង សកុណា បាននិយាយដល់ទីតាំងតំបន់ប្រាសាទថា “វាត្រូវបានទទួលស្គាល់មិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូលផងដែរ។ វាជាមោទនភាពរបស់កម្ពុជា”៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s