អតីត​​​ចៅសង្កាត់​​​បក្ស​​​ប្រជាជន​​​មិន​​​​​ប្រគល់​បន្ទប់​ធ្វើ​​ការ​ឱ្យ​ចៅសង្កាត់​ថ្មី

ប្រភព ៖ cambodiadaily

ការប្រគល់ការិយាល័យសង្កាត់មួយទៀតពីមន្ត្រីគណបក្សកាន់អំណាចទៅឱ្យចៅសង្កាត់គណបក្សសង្គ្រោះជាតិនោះ បង្ហាញថាមានបញ្ហា ដោយចៅសង្កាត់ទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិក្នុងក្រុងសៀមរាប បានបង្ខំចិត្តធ្វើការនៅខាងក្រៅការិយាល័យរបស់ខ្លួន ដោយសារអតីតចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាមិនព្រមរើចេញ។

លោក ជិន សុខង៉េង អាយុ២៦ឆ្នាំ ដែលឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនានៅក្នុងសង្កាត់សាលាកំរើក ហើយដល់ពេលចូលកាន់តំណែងផ្លូវការបន្តពីលោក សំ លន អាយុ៦០ឆ្នាំកាលពីថ្ងៃសុក្រ។ ប៉ុន្តែមន្ត្រីជើងចាស់គណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានរូបនេះបានចាក់សោបន្ទប់ការិយាល័យ ហើយមិនព្រមរើចេញ។

លោក ជិន សុខង៉េង បានមានប្រសាសន៍កាលពីម្សិលមិញថា “គាត់បានចាក់សោបន្ទប់មិនឱ្យខ្ញុំចូលធ្វើការក្នុងនាមជាចៅសង្កាត់ ហើយសុំឱ្យខ្ញុំធ្វើការនៅកន្លែងផ្សេង”។លោកបន្ថែមថា “វាបង្ហាញថាគាត់ក្រាញនឹងអំណាច”។

វីដេអូឃ្លីបដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកបង្ហាញថា មន្ត្រីវ័យក្មេងមកពីគណបក្សសង្គ្រោះជាតិរូបនេះអង្គុយធ្វើការនៅខាងក្រៅបន្ទប់ជាប់សោនៅក្នុងសាលាសង្កាត់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់។

លោក ជិន សុខង៉េង ថ្លែងថា “គាត់មិនសហការជាមួយពួកយើង”។ លោកបន្ថែមថា ”សូមអាជ្ញាធរជួយដោះស្រាយបញ្ហានេះផង”។

លោក សំ លន ទទួលស្គាល់ថា លោកមិនព្រមរើសម្ភាររបស់លោកចេញមែន ដោយអះអាងថា លោកបានធ្វើបន្ទប់នេះក្នុងឆ្នាំ២០០២ ហើយលោកនៅបម្រើការជាចៅសង្កាត់រងទី២ដដែល។ លោកបានថ្លែងថា លោកបានដោះស្លាកដែលបង្ហាញថា ជាបន្ទប់សម្រាប់ចៅសង្កាត់ចេញហើយ។

លោក សំ លន បានមានប្រសាសន៍ថា “ខ្ញុំនៅមានតួនាទីជាចៅសង្កាត់រងទី២ ដូច្នេះខ្ញុំត្រូវធ្វើការនៅក្នុងបន្ទប់នោះ។ យើងគួររួមគ្នាធ្វើការដើម្បីចៀសវាងការរិះគន់ពីប្រជាពលរដ្ឋ។ យើងមិនគួរឈ្លោះគ្នាដោយសារតែរឿងបន្ទប់ទេ”។

លោកបានបន្តថា “បើទោះជាមានការិយាល័យឯកជនតែមួយនៅក្នុងអគារនេះក៏ដោយ ក៏ចៅសង្កាត់ថ្មីអាចយកតុទូមកដាក់ខណ្ឌចែកកន្លែងរួមធ្វើជាកន្លែងសម្រាប់ខ្លួនបានដែរ។ លោកបានបន្ថែមថា “វាជាបញ្ហាបន្តិចបន្តួចតែប៉ុណ្ណោះ”។

ហេតុការណ៍កន្លងទៅថ្មីៗនេះបានកើតឡើងផងដែរក្រោយពីលោក ឈិត សូផាត ចៅសង្កាត់លេខ១ក្រុងព្រះសីហនុរយៈពេល១៥ឆ្នាំមកហើយនោះ ក៏មិនព្រមប្រគល់ការិយាល័យរបស់ខ្លួនទៅឱ្យលោក អ៊ុក ចេតនី ចៅសង្កាត់ថ្មីមកពីគណបក្សសង្គ្រោះជាតិដែរកាលពីសប្ដាហ៍មុន ដោយលើកឡើងថា លោកបានចំណាយប្រាក់ទិញគ្រឿងសង្ហារិម និងម៉ាស៊ីនត្រជាក់មកបំពាក់ ហើយថា ឯកសារផ្ទាល់ខ្លួនរបស់លោកអាចបាត់បង់នៅក្នុងការរើនោះ។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក អ៊ុក ចេតនី បានមានប្រសាសន៍ថា លោកបានរើទៅធ្វើការនៅក្នុងការិយាល័យមួយទៀតនៅទល់មុខការិយាល័យអតីតចៅសង្កាត់នោះ។

លោក អ៊ុក ចេតនី បានថ្លែងថា “ឥឡូវនេះខ្ញុំបានប្ដូរចិត្តហើយ ហើយទុកឱ្យគាត់ធ្វើការនៅការិយាល័យនោះចុះ ដូច្នេះយើងអាចធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ”។លោកបន្ថែមថា “ខ្ញុំត្រូវការគាត់ធ្វើការជាមួយខ្ញុំ ពីព្រោះគាត់មានបទពិសោធន៍ច្រើន”។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានទទួលពាក្យបណ្ដឹងណាមួយពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាក់ទិនជម្លោះរឿងការិយាល័យទេ។

លោកថ្លែងថា “ពួកគេគួរសម្រុះសម្រួលគ្នានៅថ្នាក់មូលដ្ឋាន ហើយរួមគ្នាធ្វើការដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍ”៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s