លទ្ធផល​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ដើម​ឆ្នាំ​ ២០១៧ ​កើនឡើង​ ៤៣%

ប្រភព ៖ ភ្នំពេញបុស្តិ៍

នៅក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៧ នេះ ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ជួញដូរ​ផ្លូវភេទ​គឺ​បាន​កើនឡើង​ចំនួន ៤៣ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ដែល​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង និង​ក្រុម​មន្ត្រី​មកពី​ក្រសួង​ពាក់ព័ន្ធ​ចូលរួម​។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា​រយៈពេល ៦ ខែ​ដើម​ឆ្នាំ​ ២០១៧ នេះ​គឺ​សមត្ថកិច្ច​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ជួញដូរ​ផ្លូវភេទ​បាន​ចំនួន ៦៦ ករណី​ខណៈ​ដែល​កាលពី​ឆ្នាំ​មុន​មាន​ត្រឹម​តែ​ ២៩ ករណី​ប៉ុណ្ណោះ​។

ក្នុង​នោះ​មាន​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ និង​បញ្ជូន​ទៅ​តុលាការ​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​ចំនួន ៨៧ ​នាក់ ខណៈ​ដែល​កាលពី​ឆ្នាំ​មុន​មាន​តែ​ ៧០ ​នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ១៥ ​នាក់ និង​ជនសង្ស័យ​ជា​អនីតិជន​មាន ១១ ​នាក់ និង​ជនបរទេស​មាន​ចំនួន​ ៨ ​នាក់​។

របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ករណី​ជួញដូរ​មនុស្ស​បង្ក្រាប​បាន​ចំនួន ១៦ ករណី​ (​កើន​ ១២ ​ករណី​) ចំណែកឯ​ករណី​ជួញដូរ​ផ្លូវភេទ​បង្ក្រាប​បាន​ចំនួន ៥០ ​ករណី​ (​កើន​ ២៥ ​ករណី​)​។

លោកស្រី​ ជូ ប៊ុនអេង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ថ្លែង​ថា​ការ​បង្ក្រាប​គឺ​មាន​ចំនួន ៦៦ ករណី​ដែល​កាលពី​ឆ្នាំ​មុន​មាន​តែ ២៩ ករណី​ប៉ុណ្ណោះ ដូច្នេះ​លោកស្រី​មើល​ឃើញ​ថា​សមត្ថកិច្ច​កំពុង​ធ្វើការ​បាន​ល្អ​ប្រសើរ​។

លោកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​ការ​កើនឡើង​នេះ​គឺ​ដោយសារ​តែ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង ខណៈ​ដែល​មាន​ករណី​គួរ​ឱ្យ​សង្ស័យ​មួយ​ចំនួន​ទៀត​ទោះបី​វា​នៅ​មិន​ទាន់​ក្លាយ​ជា​បទឧក្រិដ្ឋ​ក៏ដោយ ប៉ុន្តែ​ជំនួស​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​គឺ​គ្រប់​សកម្មភាព​ទាំងអស់​ដែល​នាំ​ឱ្យ​មាន​ករណី​ជួញដូរ​មនុស្ស​គឺ​យើង​ត្រូវ​ទប់ស្កាត់ ឧទាហរណ៍​ដូចជា​ករណី​ពពោះ​ជំនួស​ជាដើម​»​។

លោកស្រី​ ប៊ុន អេង ​បន្ថែម​ថា​ករណី​ជាច្រើន​ដូចជា​ករណី​ជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ក្រៅ​ប្រទេស​គឺ​យើង​ជា​អ្នក​ទទួល​ជនរងគ្រោះ​ទាំង​នោះ នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​គេ​បញ្ជូន​មក​វិញ​។

លោកស្រី​ថ្លែង​ថា​ យើង​សហការ​ជាមួយ​តុលាការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​។

ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ​ជនរងគ្រោះ​មួយ​ចំនួន​មិន​មាន​ភ័ស្តុតាង​ជាក់ស្តែង ឬ​ច្បាស់លាស់​ដើម្បី​យក​ទៅ​ដាក់​បន្ទុក​លើ​ជនសង្ស័យ​នោះ​ទេ ហើយ​វា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ស្វែងរក​ភ័ស្តុតាង​លើ​ករណី​នោះ​ហើយ​ពេល​ខ្លះ​ជនរងគ្រោះ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ​។ ពួកគេ​គ្រាន់​តែ​គិត​ថា​ដរាប​ណា​ពួកគេ​ទទួល​បាន​សំណង​ពី​ជនសង្ស័យ​នោះ​ពួកគេ​គ្រាន់​តែ​ធ្វើការ​សម្រុះសម្រួល​ប៉ុណ្ណោះ​។

លោកស្រី​បញ្ជាក់​ថា​នេះ​គឺជា​រឿង​មួយ «​ដែល​យើង​មិន​អាច​ដោះស្រាយ​វា​បាន​ទាំង​ស្រុង​ទេ មិន​ថា​យើង​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាជន​របស់​យើង​យ៉ាង​ណា​ក៏ដោយ​»​។

របាយការណ៍​បាន​បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នឹង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធានការ​ជា​អាទិភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ដូចជា​អំពើ​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ជួញដូរ​ផ្លូវភេទ ជួញដូរ​សរីរាង្គ ការ​ជួញដូរ​ពលកម្ម​ក្នុង​ឧស្សាហកម្ម​នេសាទ​សមុទ្រ​ ។​ល​។

គណៈកម្មាធិការ​ត្រៀម​ប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រុម​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ដូចជា​ថៃ ម៉ាឡេស៊ី​ជាដើម​ដើម្បី​ពង្រឹង​កិច្ចសហការ ចែករំលែក​ការ​ទទួល​ខុសត្រូវ និង​ការពារ​ផលប្រយោជន៍​ពលករ​ជាពិសេស​ពលករ​ក្នុង​ឧស្សាហកម្ម​នេសាទ ព្រម​ទាំង​និយោជក​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ប្រកប​ដោយ​សមធម៌​។

កាលពី​ខែ​មុន​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៧ បាន​កត់សម្គាល់​ឃើញ​ថា​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ អំពើ​ពុករលួយ និង​ការ​សម្រុះ​សម្រួល បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​យក​ជនល្មើស​ទៅ​កាត់ទោស​។

របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ថា ទោះបី​ជា​អំពើ​ពុករលួយ​មាន​នៅ​ក្នុង​ករណី​ជួញដូរ​មនុស្ស និង​នៅ​ក្នុង​វិស័យ​ជាច្រើន ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​ករណី​ជាច្រើន​របស់​ជនល្មើស ឬ​ធ្វើការ​ចោទប្រកាន់​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នោះ​ទេ​។

របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ដោយ​មិន​មាន​ប្រើប្រាស់​វិធីសាស្ត្រ​សម្ងាត់ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ករណី​ជួញដូរ​មនុស្ស រដ្ឋាភិបាល​កម្ពុជា​ហាក់​បាន​កម្រិត​លទ្ធភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាប់​ខ្លួន​ជនល្មើស​។

លោក មឿន តុលា ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​សង់ត្រាល់​បាន​យល់​ស្រប​ថា​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ស៊ើបអង្កេត​សម្ងាត់​លើ​ករណី​ជួញដូរ​មនុស្ស​អាច​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ជនល្មើស​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា​៖ «​ត្រី​ដ៏ធំ​កម្រ​ចាប់​បាន​ណាស់​»​។

លោក​ តុលា ​ថ្លែង​ថា​នៅ​កម្រិត​មូលដ្ឋាន​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​គួរ​ត្រូវ​បាន​ពិនិត្យ​ពិច័យ​បន្ថែម​ទៀត​។

លោក​បញ្ជាក់​ថា​ការ​គិត​កម្រៃ​សេវា​ជ្រើសរើស​ពលករ​ខ្ពស់​ដើម្បី​បាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​វា​នឹង​ធ្វើឲ្យ​ពលករ​ទាំងនោះ​ក្លាយ​ជា​ទាសភាព​នៃ​បំណុល​។

លោក​បន្ថែម​ថា​ គួរ​តែ​មាន​គោលនយោបាយ​មួយ​ដែល​មិន​យក​ថ្លៃ​សេវា​ជ្រើសរើស​ពី​ពលករ ហើយ​ក្រុមហ៊ុន​បរទេស​ដែល​ជួល​ពលករ​ខ្មែរ​គួរ​ជា​អ្នក​ចេញ​ថ្លៃ​សេវា​ទាំង​នោះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s