ក្រសួង​រ៉ែ​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​សំណង់​និង​ខ្សាច់​ល្បាយ​ភក់​ពី​ខេត្ត​កោះ​កុង​ទៅ​ក្រៅ​ប្រទេស

ប្រភព ៖ RFA

ក្រសួង​រ៉ែ និង​ថាមពល សម្រេច​បញ្ឈប់​ជា​ស្ថាពរ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្ត​កោះកុង ចេញ​ទៅ​ក្រៅ​ប្រទេស។ សកម្មជន​បរិស្ថាន សាទរ​ចំពោះ​ការ​ប្រកាស​នេះ ក៏ប៉ុន្តែ​ពួក​គេ​នៅ​តែ​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​តម្លាភាព​នៃ​ចំណូល​បាន​មក​ពី​វិស័យ​មួយ​នេះ​ក្នុង​រយៈកាល​កន្លង​ទៅ។

ការ​សម្រេច​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នេះ ធ្វើ​ឡើង​តាម​រយៈ​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុយ សែម កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា ការ​សម្រេច​ផ្អាក​ជា​ស្ថាពរ​នេះ គឺ​ជា​កិច្ចការ​បន្ត​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ដែល​កាលនោះ​ក្រសួង​ត្រូវ​សិក្សា និង​ពិនិត្យ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន៖ «ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ដើម្បី​នាំ​ចេញ​ជា​ប្រភេទ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ដូច្នេះ​ហើយបាន​ជា​ក្រសួង​សម្រេច​ជា​ស្ថាពរ​តែ​ម្តង​ថា មិន​បន្ត​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ដើម្បី​នាំ​ចេញ​ទៀត​ទេ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម ឬ​ក៏​ការ​លួច​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ណា​មួយ​ក្នុង​ខេត្ត​កោះកុង»

លោក​បញ្ជាក់​ថា សេចក្តី​សម្រេច​ថ្មី​នេះ​គ្រប​ដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្ត​កោះកុង ដែល​មាន​គោល​បំណង​នាំ​ចេញ ដូច្នេះ​ក្រុមហ៊ុន​ណា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​សម្រាប់​នាំ​ចេញ ត្រូវ​តែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​សម្រេច​នេះ​មិន​គ្រប​ដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា (Silica) ឬ​ខ្សាច់​ស នៅ​ខេត្ត​កោះកុង នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​ណា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ស៊ីលីកា នៅ​អាច​បន្ត​សកម្មភាព​របស់​ខ្លួន​បាន​ដដែល។ លោក ម៉េង សក្តិធារ៉ា បញ្ជាក់​ពី​មូលហេតុ​ថា ខ្សាច់​នេះ​ស្ថិត​ក្រោម​បទបញ្ញត្តិ​ដោយឡែក​ពី​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់។

ជុំវិញ​ការ​សម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) បញ្ជាក់​ថា លោក​ពេញ​ចិត្ត​ការ​សម្រេច​នេះ​តែ ៥០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ប្រភេទ​ខ្សាច់​ស៊ីលីកា នៅ​តែ​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ដើម្បី​នាំ​ចេញ ហើយ​ម្យ៉ាង​ទៀត ភាព​មិន​ប្រក្រតី​ទាំងឡាយ​ទាក់ទង​នឹង​អាជីវកម្ម​នេះ មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ និង​មិន​អាច​ទទួល​យក​បាន​នៅ​ឡើយ៖ «ដោយសារ​គេ​បូម​ខ្សាច់​បែប​អានាធិបតេយ្យ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ឃើញ​ថា​ប្រជាជន​មាន​ភាព​ក្រីក្រ​ជាង​មុន​ឆ្ងាយ​ណាស់។អ៊ីចឹង​យក​ល្អ​គួរ​តែ​បញ្ឈប់​ការ​បូម​ខ្សាច់​តែ​ម្តង​ទៅ ហើយ​ឈប់​ប្រើ​លេស​ថា​ត្រូវ​ស្ដារ​ផ្លូវ​ទឹក​សម្រាប់​ប្រជាជន​មូលដ្ឋាន ព្រោះ​លេស​នេះ​គ្មាន​អ្នក​ណា​អាច​ទទួល​យកបាន​ទេ។ ទី​ពីរ រដ្ឋាភិបាល​គួរ​តែ​មាន​តម្លាភាព និង​គណនេយ្យភាព​ចំពោះ​ប្រជាជន​ខ្មែរ ថា​តើ​ខ្សាច់​ដែល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​ឆ្នាំ​មក​នេះ មាន​ចំនួន​ប៉ុន្មាន និង​បង់​ពន្ធ​ប៉ុន្មាន ជាដើម»

ភាព​មិន​ប្រក្រតី​ជុំវិញ​រឿង​អាជីវកម្ម​ខ្សាច់​ដែល​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ រូប​នេះ​នៅ​តែ​ទាមទារ​ឲ្យ​ក្រសួង​ជំនាញ​របស់​រដ្ឋាភិបាល ដោះស្រាយ​នោះ គឺ​ការ​នាំ​ចេញ​ខ្សាច់​ចាក់​បំពេញ​រាប់​សិប​លាន​តោន​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​លក្ខណៈ​មិន​ស្រប​ច្បាប់ ដែល​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ហើយ​និង​ករណី​ថ្មី​ចុង​ក្រោយ គឺ​ការ​នាំ​ចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​រាប់​សែន​តោន​ទៅ​ក្រៅ​ប្រទេស ដែល​លោក​រក​ឃើញ​ថា កម្ពុជា អាច​នឹង​បាត់បង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស។ ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ នៅ​ឡើយ ដោយ​ក្រសួង​កំពុង​អនុវត្ត​តាម​នីតិវិធី​ដើម្បី​ឆ្លើយតប៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s