អបអរ​រុក្ខ​ទិវា៖ ព្រះ​សង្ឃ យុវជន និង​សង្គម​ស៊ីវិល រួម​គ្នា​ដាំកូន​ឈើ​១​៤០០​ដើម​នៅ​ព្រៃ​ឡង់

ប្រភព ៖ វិទ្យុបារាំង

ព្រះ​សង្ឃ យុវជន ​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​សហគមន៍​ដីធ្លី​និង​ព្រៃ​ឈើ ជាង​២០០​នាក់ បាន​រួម​គ្នា​ដាំ​ដើម​ឈើ​ចំនួន​១​៤០០​ដើម នៅ​សហគមន៍​ក្បាល​ខ្លា តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ​។ ពិធី​ដាំ​ដើម​ឈើ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ដើម​សប្ដាហ៍​នេះ ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ឱកាស​រុក្ខទិវា ថ្ងៃទី​៩​កក្កដា​។

ពិធី​ដាំ​ដើម​ឈើ​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ចន្ទទី​៣​កក្កដា​​ដើម​សប្ដាហ៍ និង​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ហើយ កាល​ពី​ថ្ងៃ​

សុក្រ​ទី​៧​កក្កដា​។ ក្នុង​នោះ កូន​ឈើ​ប្រណិត​ច្រើន​ប្រភេទ ដូច​ជា បេង ក្រញូង ធ្នង់ ឈើ​ទាល សរុប​ទាំង​អស់​ប្រមាណ​១​ពាន់​៤​រយ​ដើម ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ដីព្រៃ​​សហគមន៍​​ក្បាល​ខ្លា តំបន់​ព្រៃ​ឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។

ពិធី​ដាំ​កូន​ឈើ​នេះ រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព សហការណ៍​ជាមួយ​សហគមន៍​ក្បាល​ខ្លា ដោយ​មាន​ការ​ចូល​រួម​ពី​យុវជន ​សហគមន៍​ដី​ធ្លី​និង​ព្រៃ​ឈើ ព្រម​ទាំង​ព្រះ​សង្ឃ​​មួយ​ចំនួនផង​ដែរ​។

ព្រះ​អង្គ លួន សាវ៉ាត ដែល​សកម្ម​ក្នុង​ការងារ​សង្គម​និង​បរិស្ថាន និង​ដែល​បាននិមន្ត​​ចូល​រួម​នៅ​ក្នុង​ពិធីដាំ​កូន​ឈើ​នេះ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ពិធី​នេះមិន​ត្រឹម​តែ​ប្រារព្ធ​ធ្វើ​ជា​​​និម្មិតរូបនៃ​រុក្ខ​ទិវា​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​វា​ថែម​ទាំង​​​បាន​ចូល​រួម​លើក​កម្ពស់​ស្មារតី​ស្រឡាញ់ការពារធនធាន​ធម្មជាតិ​និង​បរិស្ថាន​ របស់​អ្នក​ចូល​រួម​ទាំង​ជាង​២០០​នាក់​ទៀត​ផង​។ ព្រះ​អង្គ លួន សាវ៉ាត មាន​សង្ឃ​ដីកាទៀត​ថា ការ​ការពារ​ធនធាតុ​ធម្មជាតិ ជាពិសេស​ព្រៃ​ឈើ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ចូល​រួម​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​។

សូម​ជម្រាប​ថា នេះ​គឺជាលើក​​ទី​៣​ហើយ ដែល​អង្គការ​ស្ពាន​សន្តិភាព​រៀបចំ​កម្មវិធី​ដាំ​កូន​ឈើ នៅ​សហគមន៍​ក្បាល​ខ្លា​ ដើម្បី​ចូល​រួម​អបអរ​សាទរ​ក្នុង​ឱកាស​រុក្ខ​ទិវា​​។ អង្គការ​នេះ បាន​ចុះ​ទៅ​ដាំ​កូន​ឈើ​នៅ​សហគមន៍​ក្បាល​ខ្លា​​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៥ ក្នុង​គោលដៅ​​​ផ្សារ​ភ្ជាប់​សន្តិភាព​រវាង​មនុស្ស​និង​ធម្មជាតិ ក៏ដូច​ជា​ចូល​រួម​បង្កើន​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​។ សម្រាប់​អង្គការ​ស្ពាន​សន្តិភាព ព្រៃ​សហគមន៍​ក្បាល​ខ្លា ដែល​មាន​ផ្ទៃ​ដី​ជាង​២​ពាន់​៥រយ​ហិកតា មិន​ត្រឹម​តែ​ជា​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់មនុស្ស​ជំនាន់​ក្រោយ​ទេ វា​ក៏​សក្តិសម​ជា​តំបន់​អេកូ​ទេសចរណ៍​​សម្រាប់​អ្នក​ចូល​ចិត្ត​ផ្សង​ព្រេង​ផង​ដែរ​៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s