ប្រភព ៖ RFI
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដានេះ បានជួបប្រជុំជាមួយប្រជាសហគមន៍មកពី ២ភូមិនៅខេត្តស្ទឹងត្រែង ដើម្បីសម្តែងនូវការព្រួយបារម្ភពីផលប៉ះពាល់ដែលបណ្តាលមកពីទំនប់វារីអគ្គីសនីសេសានក្រោម ២។ ការជួបប្រជុំគ្នានេះ ធ្វើឡើងបន្ទាប់ពី គម្រោងសាកល្បង ប្រតិបត្តិការ ទួរបឺនទី ១ នឹងត្រូវបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
អត្ថបទដោយ តាន់ គឹមច័ន្ទវាសនា និង ទី កញ្ញា
កញ្ញា ជឿន ស្រីមុំ តំណាងសហគមន៍ជនជាតិដើមភាគតិច បានលើកឡើងពី ផលប៉ះពាល់ក្នុងការប្រកបរបរចិញ្ចឹមជីវិត ក្រោយការចាកចេញពីទីតាំងដើម និងបញ្ហាដែលក្រុមហ៊ុនមិនព្រមទទួលយកការសម្រេចចិត្តរបស់ប្រជាសហគមន៍។ ហេតុដូច្នេះ កញ្ញាបានស្នើសុំឲ្យមានការយកចិត្តទុកដាក់ដោះស្រាយ តាមប្រជាពលរដ្ឋចង់បាន។ លើសពីនេះទៅទៀត នៅតំបន់ថ្មី គួរតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងមន្ទីរពេទ្យ ជាដើម។
កញ្ញាបានសំណូមពរបីចំណុចទៅកាន់ភាគីពាក់ព័ន្ធ និងក្រុមហ៊ុន ដែលចូលរួមក្នុងការអភិវឌ្ឍទំនប់នេះ។ សំណូមពរទីមួយ គឺសុំពន្យារពេលមួយខែ ដើម្បីពូកគាត់ធ្វើការរើចេញ ហើយផ្ដល់ដំណោះស្រាយសមស្រប ពោលគឺផ្ដល់ទីទួលសុវត្ថិភាពទៅតាមជម្រើសរបស់សហគមន៍។ សំណូមពរទីពីរ គឺ ការស្រង់ទិន្នន័យនានា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមមាន អង្គការសង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍ជនជាតិដើមភាគតិចមួយនេះ។ រីឯ សំណូមពរទីបី គឺ កញ្ញាអំពាវនាវឲ្យសប្បុរសជន ជួយផ្ដល់ស្បៀង ថ្នាំសង្កូវ សំភារៈប្រើប្រាស់មួយចំនួនដែលអាចជួយក្នុងការជម្លៀសចេញរបស់ប្រជាសហគមន៍។ ក្នុងករណីប្រជាសហគមន៍ណាមិនព្រមចាកចេញ កញ្ញាបានស្នើសុំកុំឲ្យប្រើអំពើហិង្សាដល់ពួកគាត់ ដោយស្នើអោយមានការដោះស្រាយដោយសន្តិវិធី។
បន្ថែមពីនេះ ការផ្លាស់ប្ដូរទីតាំងរបស់សហគមន៏ គឺជាសកម្មភាពមួយដែលធ្វើឲ្យបាត់បង់អត្តសញ្ញាណរបស់ជនជាតិភាគតិច និងបាត់បង់ដីសមូហភាពរបស់ជនជាតិដើមដែលបន្សល់ពីដូនតាមក។ នេះបើតាមប្រជាសហគមន៍ដដែល។
ដូចគ្នាដែរលោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(Fact) បានថ្លែងដែរថា ការប្រែប្រួលធម្មជាតិ គឺជាក្ដីបារម្ភបំផុតក្នុងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះឡើង។ លោកបានបញ្ជាក់ពីផលប៉ះពាល់ថា ការផ្លាស់ប្ដូរធម្មជាតិរបស់សហគមន៍ឲ្យក្លាយជាតំបន់អភិវឌ្ឍនេះ បណ្ដាលឲ្យមានបម្រែបម្រួលជីវសាស្ដ្រ ការផ្លាស់ប្ដូរចរន្តទឹកដែលអាចជះឥទ្ធិពលដល់ដីល្បាប់សម្រាប់ជីវភាពប្រជាពលរដ្ឋ និងផលប៉ះពាល់ដល់មច្ឆាជាតិ ជាពិសេសនៅក្នុងរដូវត្រីពង។
គួររំលឹកថា ទំនប់វារីអគ្គិសនី សេសានក្រោម២ មានសក្តានុពល ៤០០ មេហ្កាវ៉ាត់ ដែលបានសាងសង់នៅឆ្នាំ២០១២ ចំណាយទឹកប្រាក់សរុប ៨១៦ លានដុល្លារ វិនិយោគរួមរវាងក្រុមហ៊ុនរ៉ូយាល់គ្រុបរបស់លោកឧកញ៉ាគិតម៉េង សហការនឹងក្រុមហ៊ុនចិន និងវៀតណាម។