មជ្ឈមណ្ឌល​តម្បាញ​ដំបូង​គេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ជួយ​ជន​ពិការ​ដោយសារ​គ្រាប់​មីន

ប្រភព ៖ RFA

មជ្ឈមណ្ឌល​តម្បាញ​ក្រមា និង​របស់​ប្រើប្រាស់​ផ្សេង​ទៀត​របស់​ជប៉ុន ដែល​ផ្ដួចផ្ដើម​បង្កើត​ដោយ​ស្ត្រី​ពិការ​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង ទើប​ចាប់​ផ្ដើម​ដំណើរការ និង​ត្រៀម​បណ្ដុះបណ្ដាល​ជន​ពិការ​ដោយសារ​គ្រាប់​មីន​ចន្លោះ​ពី ១០ ទៅ ១៥​នាក់ ក្នុង​១​ឆ្នាំ។ បច្ចុប្បន្ន​មជ្ឈមណ្ឌល​នេះ កំពុង​ខ្វះខាត​ម៉ាស៊ីន ឬ​កី​តម្បាញ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ដើម្បី​ដំណើរការ​សិប្បកម្ម​តម្បាញ​ឲ្យ​កាន់​តែ​ប្រសើរ។

ជា​គ្រូ​បង្រៀន​ឯកទេស​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​មួយ ក្នុង​ក្រុង​កំពង់ឆ្នាំង អ្នកស្រី អ៊ុំ អមរារ័ត្ន ក៏​ជា​ស្ថាបនិក​របស់​មជ្ឈមណ្ឌល​សាអូរី​កម្ពុជា (ម.ស.ក) ដែល​យក​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កណ្ដាល ក្រុង​កំពង់ឆ្នាំង ធ្វើ​ជា​ទីស្នាក់ការ​បណ្ដោះអាសន្ន។ បច្ចុប្បន្ន​មាន​ស្ត្រី​វ័យ​ចំណាស់ បី​នាក់ និង​ក្មេង​ម្នាក់​ដែល​មាន​កាយសម្បទា​ល្អ កំពុង​ហាត់​ត្បាញ​យ៉ាង​យក​ចិត្ត​ទុកដាក់​ដោយ​មាន​ការ​បង្ហាត់​បង្រៀន​បន្ថែម​ពី​អ្នកស្រី​ផ្ទាល់។

អ្នកស្រី អ៊ុំ អមរារ័ត្ន មាន​ប្រសាសន៍​ថា អ្នក​ស្រឡាញ់ និង​អត់ធ្មត់​ចំពោះ​ការងារ​តម្បាញ​ដំបូង​នេះ អាច​នឹង​ក្លាយ​ជា​គ្រូ​បង្គោល​បង្ហាត់​អ្នក​ជំនាន់​ក្រោយៗ ដោយ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ នៅ​ពេល​ដែល​មជ្ឈមណ្ឌល​មាន​អគារ ឬ​ថវិកា​ដំណើរការ​រដ្ឋបាល​ត្រឹមត្រូវ។ អ្នកស្រី​ចង់​ជួយ​ជន​ពិការ​ដោយ​គ្រាប់​មីន​តាំង​ពី​អ្នកស្រី​បញ្ចប់​ការ​សិក្សា​ផ្នែក​តម្បាញ​រយៈ​ពេល​ខ្លី​នៅ​ប្រទេស​ជប៉ុន កាល​ឆ្នាំ​២០០៩៖ «យើង​គិត​ថា ការ​តម្បាញ​នេះ​ឯង ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​មាន​សមត្ថភាព​សិន មិន​ទាន់​អាច​ទាន់​ទៅ​ដល់​ជន​ពិការ​ដោយសារ​មីន​ទេ។ អ៊ីចឹង​គាត់​ទាំង​អស់​គ្នា​អាច​ជា​គ្រូ​បង្គោល អនាគត​ទៅ​អាច​រក​​ប្រាក់​កម្រៃ​ដោយ​ខ្លួន​ឯង ហើយ​ចំណេះ​របស់​គាត់​នឹង​បន្ត​ទៅ​ដល់​ជន​ពិការ​ដោយសារ​មីន​ជា​ច្រើន​នាក់​ទៀត។ មាន​ន័យ​ថា គោលដៅ​របស់​យើង​ចង់​បាន​ស្ត្រី​ពិការ​ដោយសារ​មីន ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​របស់​យើង​មិន​ទាន់​បាន​ទូលំទូលាយ យើង​នឹង​ប្រើ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង Cambodia Trust JMAC មន្ទីរ​កិច្ចការ​នារី មន្ទីរ​សង្គមកិច្ច​នានា»

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​អ្នកស្រី​បំផុស​គម្រោង​ជួយ​ជន​ពិការ​តាម​រយៈ​តម្បាញ​ក្រមា កាបូប មួក និង​របស់​ប្រើប្រាស់​ជា​ច្រើន​ទៀត​ដែល​ផលិត​ពី​អំបោះ។ ប៉ុន្តែ​គម្រោង​នេះ​ទើប​ចេញ​ជា​រូបរាង​បាន​ប្រហែល ១​ខែ ដោយ​មាន​ការ​ឧបត្ថម្ភ​កី​តម្បាញ​ចំនួន​បី​គ្រឿង​ពី​ម្ចាស់​ជំនួយ​នៅ​ជប៉ុន និង​ថវិកា​មួយ​ចំនួន​ពី​អង្គការ ស៊ី.អឹម.ស៊ី (CMC) ខណៈ​អ្នកស្រី​មិន​ទាន់​បាន​ធ្វើ​គម្រោង​សុំ​ជំនួយ​ពី​ប្រភព​ដទៃ។

បច្ចុប្បន្ន​មាន​អ្នក​តម្បាញ​ខ្លះ​ចេះចាំ​ស្ទាត់ និង​ត្បាញ​សាច់​ក្រមា​បាន​ល្អ ក្រោយ​ពី​ហាត់រៀន​ដោយ​ឥត​គិត​ថ្លៃ​នៅ​មជ្ឈមណ្ឌល​ប្រមាណ ១​ខែ។ ក្រៅ​ពី​នេះ​ពួកគេ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ដោយ​ត្បាញ​បាន​ក្រមា​មួយ​ជូន ១​ម៉ឺន​រៀល។ អ្នកស្រី​បាន​យក​ក្រមា និង​របស់​របរ​ដែល​ផលិត​បាន​មួយ​ចំនួន​ទៅ​លក់​ឲ្យ​ហាង​មួយ​នៅ​ភ្នំពេញ បាន​លុយ ១​ពាន់​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​លើ​គម្រោង​តម្បាញ​សព្វ​ថ្ងៃ៖ «សព្វថ្ងៃ​នេះ​យើង​មាន​ទំនាក់ទំនង​ជាមួយ​ហាង​ញញឹម ដូច្នេះ​យើង​ខំ​ផលិត​ផលិតផល​ដែល​មាន​គុណភាព ហើយ​ទាក់ទង​ពួកគាត់។ ខ្ញុំ​មាន​ផែនការ​ចំនួន​ពីរ ផលិតផល​របស់​យើង​អាច​រៀបចំ​ឲ្យ​ស្អាត​នៅ​ទីនេះ ហើយ​យើង​ផ្សព្វផ្សាយ​ដល់​អ្នក​ទេសចរណ៍ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​លោក​អញ្ជើញ​មក​លេង​ខេត្ត​កំពង់ឆ្នាំង ក៏​អាច​ឆៀង​ចូល​មើល​តម្បាញ​របស់​ស្ត្រី​ពិការ​យើង​ដែល​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​មួយ​ទៀត​យើង​អាច​ទាក់ទង​ទៅ​បណ្ណាគារ ដែល​គាត់​ជា​លក់​សម្ភារៈ​សិក្សា​ទាក់ទង​នឹង​យុវវ័យ​ជា​ដើម​មាន​ប្រដាប់​ចង​សក់ ឬ​កាបូប​លុយ​អ៊ីចឹង​យើង​អាច​ទំនាក់ទំនង​ជាមួយ​គាត់​ថែម​ទៀត»

ទោះ​ជា​យ៉ាង​ណា​មជ្ឈមណ្ឌល​នៅ​ខ្វះ​ថវិកា និង​សម្ភារៈ​ជា​ច្រើន​ទៀត ដើម្បី​ឆ្លើយតប​គម្រោង​បណ្ដុះបណ្ដាល​ស្ត្រី ឬ​ជន​ពិកា​ដោយ​គ្រាប់​មីន​ចន្លោះ​ពី​១០ ទៅ​១៥​នាក់ ក្នុង​១​ឆ្នាំ ដូចជា មជ្ឈមណ្ឌល​ត្រូវ​ការ​ម៉ាស៊ីន ឬ​កី​តម្បាញ​យ៉ាង​ហោច​១០​គ្រឿង​ទៀត វត្ថុធាតុដើម​ផលិត និង​ទីតាំង​តម្បាញ​សមរម្យ។ ថ្ងៃ​អនាគត​មជ្ឈមណ្ឌល​ក៏​ត្រូវ​សង់​អាគារ​១​ខ្នង​លើ​ទីតាំង​ណា​មួយ​ច្បាស់លាស់​ក្នុង​តម្លៃ​៣ម៉ឺន​ដុល្លារ។

កំពុង​អង្គុយ​ត្បាញ​ក្រមា​យ៉ាង​យកចិត្ត​ទុកដាក់ ដោយ​ញើស​កាត់​មុខ​មិន​ទាន់​ហ៊ាន​ជូត​ព្រោះ​ដៃ​ទាំង​ពីរ​រវល់​កាន់​កី​តម្បាញ គឺ​លោកស្រី ប្រុស អន ថា នៅ​ដំណាក់កាល​ដំបូង​នេះ​លោកស្រី​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចំណេះ​ដឹង​នោះ​ទេ។ ប៉ុន្តែ​សព្វថ្ងៃ​លោកស្រី​អាច​ត្បាញ​ក្រមា​បាន​មួយ​ក្នុង ១​ថ្ងៃ​ដែល​អាច​ទទួល​បាន​ចំណូល ១​ម៉ឺន​រៀល​ក្នុង ១​ថ្ងៃ ហើយ​អាច​ពង្រឹង​ស្នាដៃ​តម្បាញ​របស់​ខ្លួន​ថែម​ទៀត៖ «ឆ្លង​ឧបសគ្គ​ច្រើន​ដែរ តែ​បាន​ចេះ​ហើយ​ឥឡូវ​នេះ វា​អាច​បាន​លទ្ធផល​ខ្លះៗ វា​មិន​ល្អ​តែម្ដង​ទេ ដូច​ថា សមរម្យ។ កាល​ពី​មុន​ខ្ញុំ​មាន​ការងារ​ខ្ញុំ​ធ្វើ តែ​ឥឡូវ​នេះ​ខ្ញុំ​សម្រាក ដល់​សម្រាក​អ៊ីចឹង​ទៅ ខ្ញុំ​គេ​រើស​អ្នក​តម្បាញ​​ទៅ ចិត្ត​ខ្ញុំ​ចង់​ធ្វើ»

ចំណែក​លោកស្រី សាន្ដ ហៃ ដែល​ជា​អ្នក​តម្បាញ​ម្នាក់​ទៀត​បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា បន្ទាប់​ពី​បោះ​បង់​ការងារ​អនាម័យ​នៅ​សណ្ឋាគារ​មួយ​បាន​ប្រហែល ១​ខែ ក៏​លោកស្រី​សុំ​ចូល​ហាត់​រៀន​ត្បាញ​ក្រមា​នៅ​មជ្ឈមណ្ឌល​នេះ គ្រាន់​បាន​ជា​ចំណេះដឹង​ផ្ទាល់​ខ្លួន និង​ចង់​បង្ហាត់​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ផង។ លោកស្រី​យល់​ថា ការងារ​តម្បាញ​នេះ​មាន​តម្លៃ​ចំពោះ​មនុស្ស​គ្រប់​រូប៖ «ការងារ​ហ្នឹង​មាន​អត្ថប្រយោជន៍​ច្រើន​ទៅ​អនាគត គិត​ទៅ​ស្មើ​គ្នា​ណា​មួយ​ជួយ​ខ្លួន​ឯង​ផ្ទាល់ និង​អាច​ផ្ដល់​ចំណេះ​នេះ​ទៅ​ក្មេង​ជំនាន់​ក្រោយ»

ទស្សនៈ​វិស័យ​របស់​មជ្ឈមណ្ឌល​សាអូរី គឺ​ចង់​លើក​កម្ពស់​ជន​ពិការ ឬ​មនុស្ស​ដែល​សង្គម​ផាត់​ចោល ដោយ​អ្នក​ទាំង​នោះ​អាច​បញ្ចេញ​នូវ​សមត្ថភាព គំនិត ការ​រីកចម្រើន នៃ​ការ​ច្នៃ​ប្រឌិត​ដោយ​សេរី មិន​គិត​ពី​អាយុ ភេទ ពិការភាព​ផ្សេងៗ​ចំពោះ​តម្បាញ​ដោយដៃ​សាអូរី​ឡើយ។ មជ្ឈមណ្ឌល​បាន​ឲ្យ​តម្លៃ​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​រស់នៅ​ក្នុង​សង្គម​ថា មនុស្ស​គ្រប់​រូប​មាន​តម្លៃ និង​សេចក្ដី​ថ្លៃថ្នូរ​ផ្ទាល់​ខ្លួន។

ស្ថាបនិក​មជ្ឈមណ្ឌល​សាអូរី​កម្ពុជា អ្នកស្រី អ៊ុំ អមរារ័ត្ន ថ្លែង​ទាំង​ក្ដី​រីករាយ​ថា រូប​​អ្នកស្រី​ដែល​ជា​ស្ត្រី​ពិការ​ជើង​ម្ខាង​ពី​កំណើត​បាន​ក្លាយ​ជា​ធនធាន​មនុស្ស​របស់​មជ្ឈមណ្ឌល​ម្នាក់​យ៉ាង​សំខាន់។ គំនិត​ផ្ដួចផ្ដើម​របស់​អ្នកស្រី និង​គោលដៅ​ម្ចាស់​ជំនួយ​ជប៉ុន ដែល​បាន​ផ្ដល់​បច្ចេកទេស និង​ម៉ាស៊ីន​ត្បាញ ព្រម​ទាំង​ការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ ស៊ី.អឹម.ស៊ី នឹង​បាន​ជា​ប្រយោជន៍​ដល់​ជន​រងគ្រោះ៖ «បើ​មាន​ជន​ពិការ​រង​គ្រោះ ឬ​ស្ត្រី​ពិការ​ដោយសារ​គ្រាប់​មីន​លោក​ចង់​រៀន​វគ្គ​បណ្ដុះបណ្ដាល​អាច​ទំនាក់ទំនង​ផ្ទាល់​មក​នាង​ខ្ញុំ​ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ក្រោយ​ពេទ្យ​ខេត្ត​យើង​តែម្ដង ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ០៩២ ៦៥៦ ៨៥៩ ហើយ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ឡាយ​ណា​ដែល​ចង់​ផ្ដល់​ជំនួយ​ដល់​ស្ត្រី​ពិការ អ្នក​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​ការ​អប់រំ អ្នក​ដែល​ត្រូវ​ផាត់​ឆ្ងាយ​ពី​សង្គម លោក​អាច​បរិច្ចាគ​ជា​ថវិកា ឬ​ម៉ាស៊ីន និង​អំបោះ ដើម្បី​ជួយ​ដំណើរការ​ដល់​មជ្ឈមណ្ឌល​របស់​យើង​ខ្ញុំ​ផង​ដែរ»

មជ្ឈមណ្ឌល​សាអូរី​កម្ពុជា គ្រោង​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​ឆ្នាំ​២០១៧ នេះ។ ស្ថាបនិក​របស់​មជ្ឈមណ្ឌល​បង្ហើប​ថា ក្រោយ​ចុះ​បញ្ជី និង​មាន​ថវិកា​ពី​ម្ចាស់​ជំនួយ​នានា មជ្ឈមណ្ឌល​នឹង​ធ្វើ​បេសកកម្ម​ពេញ​ដៃ​ពេញ​ជើង ដើម្បី​ឲ្យ​ជន​ពិកា​កម្ពុជា មាន​ជីវិត​រស់នៅ​ល្អ​ប្រសើរ​តាម​រយៈ​ការ​បង្កើន​ជីវភាព​រស់​នៅ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម​តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​តម្បាញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s