សុខភាព​របស់​មន្ត្រី​សិទ្ធិមនុស្ស​៤​រូប​និង​មន្ត្រី​គ.ជ.ប លោក នី ចរិយា នៅ​មិន​ទាន់​រឹងមាំ

ប្រភព ៖ FRA

សុខភាព​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​រូប និង​មន្ត្រី​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប នៅ​ពុំ​ទាន់​រឹង​មាំ​ដូច​ដើម​នៅ​ឡើយ​ទេ និង​ត្រូវ​ស្ថិត​ក្នុង​ការ​តាម​ដាន​សុខភាព​ជា​ប្រចាំ​ដោយ​គ្រូពេទ្យ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ចំណោម​ពួកគាត់​ទាំង ៥​នាក់​នេះ គឺ​មាន​អ្នក​ខ្លះ​បាន​ចាប់​ផ្ដើម​ចូល​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាពជា​បណ្ដោះអាសន្ន។

រយៈពេល​ជាង​កន្លះ​ខែ​ដែល​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​រូប និង​មន្ត្រី​គ.ជ.ប មួយ​រូប​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ពួកគាត់​មួយ​ចំនួន​នៅ​ពុំ​ទាន់​អាច​ចូល​បំពេញ​ការងារ​វិញ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ ក្រៅ​ពី​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ ពួក​គាត់​ខ្លះ​កើត​មាន​ជំងឺ​ថ្មី​បន្ថែម​ទៀត ដែល​តម្រូវ​ឱ្យ​មាន​ការ​ថែទាំ​សុខភាព និង​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ជាមួយ​ពី​គ្រូពេទ្យ។

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា ដែល​ជា​អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាង​គេ បាន​ថ្លែង​ថា លោក​មិន​ទាន់​ស្រួល​ខ្លួន​ដូច​ដើម​នៅ​ឡើយ​ទេ ដោយសារ​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង និង​ឈាម​មិន​គ្រប់ ដែល​ធ្វើ​ឱ្យ​ខ្សោយកម្លាំង​ខ្លាំង ហើយ​បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ​លោក​កើត​មាន​ជំងឺ​ធុញថប់​ក្នុង​អារម្មណ៍ និង​ការ​គិត​ច្រើន។ លោក​បន្ថែម​ថា គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​លោក​លេប​ថ្នាំ​ជា​ប្រចាំ និង​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន។

លោក នី សុខា បន្ត​ថា សុខភាព​របស់​លោក​បាន​ប្រែជា​ទ្រុឌទ្រោម​ខ្លាំង​នៅ​ពេល​នេះ ដោយសារ​តែ​មុន​ដោះលែង​ពី​ពន្ធនាគារ​ចំនួន ១០​ថ្ងៃ លោក​បាន​ដួល​សន្លប់​នៅ​ក្នុង​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា លោក នី សុខា អះអាង​ថា លោក​បាន​ចាប់​ផ្ដើម​ចូល​បំពេញ​ការងារ​វិញ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កក្កដា ប៉ុន្តែ​ដោយ​ព្រោះ​បញ្ហា​សុខភាព លោក​នឹង​មិន​អាច​បម្រើ​ការងារ​ឱ្យ​បាន​ជាប់​លាប់​ដូច​កាល​ពី​មិន​ទាន់​ជាប់​ពន្ធនាគារ​ឡើយ៖ «ខ្ញុំ​មិន​អាច​សុំ​គេ​ឈប់​រហូត​កន្លះ​ខែ​អី​ទេ គ្រាន់​តែ​សុំ​ឈប់​ប្រហែល​ពីរ​បី​ថ្ងៃ​ប៉ុណ្ណឹង​ឯង»

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មិថុនា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​រូប រួម​មាន​លោក យី សុខសាន្ត ប្រធាន​កម្មវិធី​ដីធ្លី លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត លោក នី សុខា ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស អ្នកស្រី លឹម មុន្នី អនុប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​ជា​បណ្ដោះអាសន្ន​យ៉ាង​ភ្ញាក់​ផ្អើល ព្រោះ​សូម្បី​សាមី​ខ្លួន និង​ក្រុម​គ្រួសារ​ក៏​មិន​បាន​ដឹង​ជា​មុន​ផង។

 

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧។

​កូនស្រី​របស់​អ្នកស្រី លឹម មុន្នី គឺ​កញ្ញា អ៊ុន ប៉ុណ្ណារី ថ្លែង​ថា ម្ដាយ​របស់​កញ្ញា​ក៏​មិន​ទាន់​មាន​កម្លាំង​រឹង​មាំ​ដូច​មុន​នោះ​ទេ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​អំពី​សញ្ញា​ដែល​អាច​កើត​មាន​ជំងឺ​ទឹក​នោមផ្អែម​ថែម​ទៀត ដោយសារ​ជំងឺ​លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​លើស​ជាតិ​ស្ករ។ កញ្ញា​បន្ថែម​ថា សុខភាព​របស់​ម្ដាយ​នៅ​ពេល​នេះ គឺ​ទាមទារ​សម្រាក​ឱ្យ​បាន​ច្រើន ហាត់ប្រាណ និង​ត្រូវ​តម​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ៖ «គាត់​ក៏​មាន​បញ្ហា​សរសៃ​ឆ្អឹង ចង្កេះ អ៊ីចឹង​គាត់​អត់​សូវ​រឹង​មាំ​ប៉ុណ្ណា​ទេ ហើយ​ទៅ​ពន្ធនាគារ​បាន​តែ​អង្គុយ​មួយ​កន្លែង​អ៊ីចឹង​ទៅ វា​បន្ថែម​ជំងឺ​ឈឺ​ចង្កេះ​ដាក់​គាត់»

ទោះ​ជា​យ៉ាង​ណា កញ្ញា អ៊ុន ប៉ុណ្ណារី បន្ត​ថា ម្ដាយ​របស់​កញ្ញា​នឹង​អាច​ចូល​បំពេញ​ការងារ​វិញ​នៅ​ខែ​ក្រោយ​នេះ។

ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ថ្លែង​ថា ថ្វី​ដ្បិត​មក​ដល់​ពេល​នេះ លោក​អាច​ចូល​បំពេញ​តួនាទី​ជា​មន្ត្រី គ.ជ.ប ដូច​ដើម​វិញ​ក្ដី ប៉ុន្តែ​លោក​កំពុង​បន្ត​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ជើង ដែល​ធ្វើ​ឱ្យ​លោក​មាន​ការ​ឈឺ​ចាប់​ម្ដងម្កាល​នៅ​ពេល​ត្រូវ​ក្រោក​ពី​អង្គុយ ឬ​ត្រូវ​លើក​វត្ថុ​ធ្ងន់៖ «ឈឺ​ហ្នឹង ដោយសារ​ជាប់​ពន្ធនាគារ ឬ​មិន​ដោយសារ​ជាប់​ពន្ធនាគារ ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេ»

លោក នី ចរិយា បញ្ជាក់​ថា នៅ​ពេល​នេះ លោក​អាច​មាន​ជម្រើស​ច្រើន ដើម្បី​ព្យាបាល​ជំងឺ​នេះ ដែល​ខុស​កាល​ពី​នៅ​ក្នុង​ពន្ធនាគារ​ដែល​មិន​មាន​ថ្នាំ និង​គ្រូពេទ្យ​គ្រប់គ្រាន់។

អ្នក​ទាំង​៥ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​រយៈពេល​ជាង ១​ឆ្នាំ ដោយ​គ្មាន​ការ​ជំនុំជម្រះ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ សមគំនិត​និង​សូក​ប៉ាន់​សាក្សី ក្នុង​រឿង​ស្នេហា​របស់​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ការ​ឃុំ​ខ្លួន​នេះ​ត្រូវ​បាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ មើល​ឃើញ​ថា ជា​រឿង​នយោបាយ និង​ជា​ចេតនា​ដាក់​សម្ពាធ ឬ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស។ ថ្វីត្បិតតែ​មាន​ការ​ដោះលែង​ក្ដី សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏​បាន​សន្យា​ថា នឹង​តាម​ដាន​ករណី​នេះ​បន្ត​ទៀត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s