ពលរដ្ឋ​សម្រុក​កាប់​ឫស្សី​​ ទុក​បណ្ដែត​ផ្ទះ​នៅ​តំបន់​ទំនប់ ​សេសាន​ក្រោម​ ២

ប្រភព ៖ ភ្នំពេញបុស្តិ៍

សហគមន៍​ក្បាល​រមាស​កំពុង​នាំ​គ្នា​កាប់​ឫស្សី​ឲ្យ​បាន​ ៣ ​ម៉ឺន​ដើម ដើម្បី​ធ្វើ​ផ្ទះ​អណ្តែត​ក្នុង​ពេល​ទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​កំពុង​បិទ​ធ្វើឲ្យ​ទឹក​ឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន​កាលពី​ម្សិលមិញ ខណៈ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ ២៤ ​អម្បូរ​មក​ពី​ ១៥ ​ខេត្ត​សុំ​ឲ្យ​បញ្ឈប់​ការ​​បណ្ដេញ​ចេញ​។

សកម្មភាព​កាប់​ឫស្សី​របស់​ពលរដ្ឋ​ជនជាតិ​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាល​រមាស​ ៥៨ ​គ្រួសារ​នោះ​គឺ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ម្សិលមិញ​។

លោក ហ្វឿម សាណៃ អាយុ​ ៤៣ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ពួកគាត់​ជា​បុរសៗ​ជាង​ ១០ ​នាក់​កំពុង​ប្រឹងប្រែង​កាប់​ដើម​ឫស្សី​ដើម្បី​យក​ទៅ​ចង​ផ្អោប​នឹង​ផ្ទះ​ជាង​ ៣០ ​ខ្នង​ឲ្យ​អណ្តែត​ពេល​មាន​ទឹកជំនន់​។

លោក​ថា​ ផ្ទះ​មួយ​ត្រូវការ​ឫស្សី​ប្រហែល​ ១ ​ពាន់​ដើម​ដើម្បី​អណ្តែត ប៉ុន្តែ​ក្នុង​ពេល​ ១ ​ថ្ងៃ​ម្សិលមិញ ពួកគាត់​កាប់​បាន​មិន​ដល់​ ១០០ ​ដើម​ផង​។ ហេតុ​នេះ​ពួកគាត់​បារម្ភ​ថា​ទឹកជំនន់​នឹង​កើត​មាន​ឡើង​មុន​ពេល​កាប់​ឫស្សី​គ្រប់​ចំនួន​។

លោក សាណៃ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បារម្ភ​ណាស់​។ យើង​នឹង​ធ្វើ​ផ្ទះ​អណ្តែត​ទឹក ហើយ​នៅ​ក្នុង​ផ្ទះ​នោះ​តែ​ម្តង តែ​កាប់​មិន​ទាន់​ទេ​ទឹក​មក​ដល់​មុន​លិច​ហើយ​។ យើង​កាប់​នឹង​កាំបិត ពូថៅ ពិបាក​ណាស់​។ ខ្លះ​ទៅ​ស្ទូង​ស្រូវ​សិន​»​។

លោក​បាន​ឲ្យ​ដឹង​ថា​ពួកគាត់​បាន​ប្រមូល​ទ្រព្យសម្បត្តិ​សំខាន់ៗ​យក​ទៅ​ទួល​សុវត្ថិភាព​ហើយ​។

សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​លោក​ ថុន រដ្ឋា ដែល​កំពុង​នៅ​ក្នុង​ភូមិ​នោះ​សង្កេត​ឃើញ​ថា​អ្នកភូមិ​ខំប្រឹង​ជម្នះ​ឧបសគ្គ​ដើម្បី​បង្ហាញ​សាធារណជន​ និង​រដ្ឋាភិបាល​ថា​ពួកគាត់​មិន​ព្រម​ចាកចេញ​ពី​ភូមិ​ចាស់​ដាច់ខាត ហើយ​សុខចិត្ត​រស់នៅ​ក្នុង​ផ្ទះ​អណ្តែត​ទឹក​។

ពលរដ្ឋ​ភូមិ​ក្បាល​រមាស​ ៨២ ​គ្រួសារ​បាន​យល់ព្រម​ចាកចេញ​ទៅ​ទីតាំង​ថ្មី​ជាប់​ផ្លូវជាតិ​លេខ​ ៧៨ ​ថ្មី តែ​ ៥៨ ​​គ្រួសារ​បាន​បដិសេធ​​ដែល​ដូច​គ្នា​នឹង​សហគមន៍​​ស្រែគ​ ១២៤ ​គ្រួសារ​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤ ​អម្បូរ​​មកពី​ ១៥ ​ខេត្ត​នៅ​ទូទាំង​ប្រទេស​បាន​ចេញ​លិខិត​រួម​គ្នា​មួយ​កាលពី​ម្សិលមិញ​ដោយ​អំពាវនាវ​ដល់​រដ្ឋសភា រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម​ ២ ​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​ «​បង្ខំ​ និង​​ហិង្សា​» ​ទៅ​លើ​សហគមន៍​ភូមិ​ក្បាល​រមាស​ទាំង​នោះ​។

សហគមន៍​ទាំង​នោះ​បាន​លើក​ឡើង​ថា​ពួកគេ​បាន​សម្រេច​ចិត្ត​មិន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ឡើយ ប៉ុន្តែ​បាន​សម្រុះសម្រួល​គ្នា​ជ្រើសរើស​យក​ទីទួល​សុវត្ថិភាព​មួយ​ហៅ​ស្រែ​វែង​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា​ ៤ ​គីឡូម៉ែត្រ​ដើម្បី​រស់នៅ​វិញ ព្រោះ​ថា​តំបន់​នោះ​ដី​សម្បូរ​ជីវជាតិ​អំណោយផល​ដល់​ការ​ដាំដុះ​អាច​ចិញ្ចឹម​សត្វ​គោក្របី​បាន​មាន​អនុផល​ព្រៃឈើ អូរ ស្ទឹង និង​ទន្លេ​ដែល​អាច​រស់នៅ​ដោយ​ «​សុភមង្គល​បំផុត​» ​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិដើម​។

ពួកគេ​មិន​ព្រម​ចេញ​ទៅ​ទីតាំង​ថ្មី​នោះ​ទេ​ដោយសារ​វា​ធ្វើឲ្យ​បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ដើម​នៅពេល​ដែល​រស់នៅ​លើ​ផ្ទៃដី​តែ​ ៥ ​ហិកតា តែ​គ្រួសារ​ខ្លះ​មិន​ទទួល​បាន​គ្រប់​ចំនួន​កំណត់ ខណៈ​មាន​សមាជិក​គ្រួសារ​ច្រើន​។ លើស​ពី​នោះ​ដី​គ្មាន​ជីជាតិ គ្មាន​ព្រៃ​សម្រាប់​រក​អនុផល​ព្រៃឈើ ខ្វះ​ទឹក​នៅ​រដូវ​ប្រាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ព្រម​ចាកចេញ​ចំណាយ​យ៉ាង​តិច​ ៣ ​ម៉ឺន​រៀល​ក្នុង​ ១ ​សប្តាហ៍​។ ពួកគាត់​ខ្លះ​បាន​បាត់បង់​មុខរបរ ហើយ​ងាក​ទៅ​ធ្វើ​កម្មករ​ឲ្យ​ក្រុមហ៊ុន​ចិន និង​វៀតណាម​ជាដើម​។

លិខិត​នោះ​បាន​សរសេរ​ថា​៖ «​ជនជាតិ​ដើម​ភាគតិច​ភូមិ​ក្បាល​រមាស​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទេ តែ​សូម​រដ្ឋាភិបាល​ទទួល​យក​ និង​គោរព​តាម​ការ​សម្រេច​ចិត្ត​ជា​សមូហភាព​របស់​សហគមន៍​ដោយ​មិន​បណ្តេញ​ចេញ​​ និង​ត្រូវ​អភិវឌ្ឍ​មូលដ្ឋាន​ដោយ​មិន​រើសអើង​ដូច​សព្វថ្ងៃ​ចុះ​បញ្ជី​ដី​សមូហភាព​ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ពួកគាត់​»​។

ក្រុម​ជនជាតិ​ដើម​បាន​ស្នើឲ្យ​រដ្ឋសភា​ចុះ​សិក្សា​ និង​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការ​បណ្តេញចេញ​ និង​ប្រើ​ហិង្សា​កើតឡើង ហើយ​សុំ​កុំ​ឲ្យ​ប្រើ​ហិង្សា​ និង​គំរាម​កំហែង​ពួកគេ ប៉ុន្តែ​ត្រូវ​ត្រៀម​ឧបករណ៍​ជួយ​សង្គ្រោះ​ពួកគាត់ និង​សត្វ​ពេល​ទឹក​លិច​ដោយសារ​ទំនប់​។
ពួកគេ​ក៏​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ដល់​ការ​ខូចខាត​ទ្រព្យសម្បត្តិ ដែល​បណ្តាល​មកពី​សកម្មភាព​របស់​ក្រុមហ៊ុន​ផង​ដែរ​។

លោក ដួង ពៅ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​កាលពី​ម្សិលមិញ អាជ្ញាធរ​មិន​ធ្លាប់​បណ្តេញចេញ ឬ​ប្រើ​អំពី​ហិង្សា​លើ​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​ទេ​។ ផ្ទុយ​ទៅ​វិញ​បាន​ត្រៀមកម្លាំង​រាប់រយ​នាក់​ដើម្បី​ជួយ​សង្គ្រោះ បើ​ទោះបី​ជា​ពលរដ្ឋ​សហការ​ដោះស្រាយ​បញ្ហា​ជាមួយ​ឬ​យ៉ាង​ណា​ក៏ដោយ​។

លោក​បាន​បន្ត​ថា​៖ «​យើង​អត់​ដែល​បង្ខំ​គាត់​សោះ​តែ​ម្តង​។ ​ចេញ​​មិន​ចេញ​ជា​រឿង​របស់​គាត់​។ គ្រាន់តែ​យើង​ទៅ​ក្បែរ​ផ្ទះ ស្រង់​ទិន្នន័យ គាត់​មិន​ព្រម​ក៏​យើង​ចេញ​ដែរ​។ ជួនកាល​គាត់​ដៀមដាម​ឲ្យ​ទៀត តែ​យើង​ទន់ភ្លន់​អត់ធ្មត់​។ រដ្ឋាភិបាល​បាន​គិតគូរ​អស់​ហើយ​»​។ លោក​ទទួល​ស្គាល់​ថា​ទីតាំង​ថ្មី​មាន​ការ​ខ្វះខាត​ខ្លះ ដូចជា ទឹក​ប្រើប្រាស់​ក្នុង​ដំណាក់កាល​ដំបូង តែ​អាជ្ញាធរ​ព្យាយាម​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​។

ដោយឡែក​ចំពោះ​ការ​ធ្វើ​ផ្ទះ​អណ្តែត​ទឹក​វិញ លោក​យល់​ថា​វា​គ្រាន់តែ​ជា​មធ្យោបាយ​បណ្តោះអាសន្ន​ដែល​គ្មាន​ស្ថិរភាព និង​មាន​ហានិភ័យ​ខ្លាំង​។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ទឹក​ទន្លេសេសាន​បាន​ឡើង​ ២ ​ម៉ែត្រ​ត្រឹម​ថ្ងៃ​ម្សិលមិញ​គឺ​ដល់​ ៦៦ ​ម៉ែត្រ បន្ទាប់ពី​បិទ​ទំនប់​​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ដែល​នេះ​វា​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​ត្រឹម​ ៦៥ ​ម៉ែត្រ​។

ទោះ​យ៉ាង​ណា​ទឹក​គ្រាន់តែ​ជិត​ប្រៀប​ច្រាំង​ប៉ុណ្ណោះ ហើយ​កម្រិត​ដែល​អាច​លិច​ភូមិឋាន​ខ្លាំង​ពី​ ៣ ​ទៅ​ ៥ ​ម៉ែត្រ​គឺ​ពេល​ទឹកស្ទឹង​នេះ​ឡើង​ចន្លោះ​ពី​ ៦៨ ​ទៅ​ ៧២ ​ម៉ែត្រ​។ ប៉ុន្តែ​លោក ហ្វុត ឃឿន តំណាង​សហគមន៍​ស្រែគ​មិន​បាន​សម្ដែង​ក្តីបារម្ភ​ចំពោះ​កម្រិត​ទឹក​ឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​នោះ​ទេ​។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​កម្លាំង​ ៤០០ ​មេហ្គាវ៉ាត់​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កញ្ញា​ខាង​មុខ បន្ទាប់ពី​បិទ​សាកល្បង​រយៈពេល​មួយ​ខែ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ​សីហា​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s