សហគមន៍​ផ្លូវ​ដែក​ ទាមទារ​ឲ្យ​សាលាក្រុង​បង្ហាញ​គម្រោង​អភិវឌ្ឍន៍

ប្រភព ៖ ភ្នំពេញបុស្តិ៍

ប្រជាសហគមន៍​ផ្លូវដែក​ជាង ១០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត​កាលពី​ម្សិលមិញ​ដោយ​ជំរុញ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ជួយ​ពន្លឿន​ការ​ដោះស្រាយ​ពី​ផលប៉ះពាល់ និង​ត្រូវ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវដែក​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ថា​តំបន់​នេះ​នៅ​មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​នោះ​ទេ​។

តំណាង​សហគមន៍​ភូមិ ២៣ អ្នកស្រី នី សន្តោស បាន​រៀបរាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ក្ដីបារម្ភ​ច្រើន​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ស្នើសុំ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ការ​សុំ​អភិវឌ្ឍ​ផ្លូវ​ដែល​មាន​ស្រាប់ ការ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទាំង​ស្រុង​ដែល​តម្រូវ​ឲ្យ​មាន​ការ​ដោះដូរ​នោះ សុំ​សំណង​ដី​រស់នៅ​កុំ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ចាស់​ពេក​។

អ្នកស្រី​និយាយ​ថា​៖ «​ពួកយើង​កំពុង​រស់នៅ​លើ​ដី​នេះ​គឺ​ចាប់ផ្ដើម​ពិបាក​ចិត្ត​តាំងពី​គេ​ចង់​អភិវឌ្ឍ​មក យើង​មិន​ហ៊ាន​ចេញ​ទៅ​រកស៊ី​ឯណា​ទេ ព្រោះ​ខ្លាច​គេ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​នឹង​ការ​អភិវឌ្ឍ​នេះ​ប្រសិន បើ​គេ​ឈូសឆាយ​ទៅ​ដោយ​មិន​បាន​សំណង​អ្វី​មួយ​សមរម្យ​នេះ​មិន​ដឹង​គិត​យ៉ាង​ណា​ទៀត​មាន​តែ​តវ៉ា​ទៀត​»​។

បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ឈរ​នៅ​ខាង​មុខ​សាលាក្រុង មន្ត្រី​សាលាក្រុង បាន​ចេញ​មក​ប្រាប់​ថា​សាលាក្រុង​កំពុង​ឲ្យ​មន្ត្រី​បច្ចេកទេស​គូស​ប្លង់​ពី​គម្រោង​អភិវឌ្ឍន៍​ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​សិន ដោយ​ថា​នឹង​បង្ហាញ​នៅពេល​ក្រោយ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ជាក់លាក់​នោះ​ទេ​។

អ្នកស្រី សន្តោស បញ្ជាក់​ទៀត​ថា​៖ «​លោក​មន្ត្រី​សាលាក្រុង​ឲ្យ​ពួក​ខ្ញុំ ទៅ​សិក្សា​គម្រោង​ដោះស្រាយ​បញ្ហា​ដីធ្លី​ពី​សហគមន៍​ដីធ្លី​ស្ទឹងមានជ័យ ដោយ​សាលាក្រុង​នឹង​យក​គំរូ​តាម​សហគមន៍​នោះ​មក​ដោះស្រាយ​ជូន​អ្នក​មាន​បញ្ហា​ប៉ះពាល់​នៅ​ផ្លូវ​រថភ្លើង​នេះ​»​។

បើ​តាម​ប្រជាពលរដ្ឋ អតីត​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស ធ្លាប់​សន្យា​ថា​នឹង​ធ្វើការ​អភិវឌ្ឍ​ផ្លូវដែក​នេះ​មិន​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​តំបន់​នោះ​រង​ផលប៉ះពាល់ និង​ដាច់បាយ​នោះ​ទេ​។ ប៉ុន្តែ​ពួកគេ​មិន​មាន​ជំនឿ​លើ​ការ​សន្យា​នេះ​ឡើយ​ដោយ​ថា​ការ​សន្យា​មិន​បាន​ធ្វើ​ជា​លិខិត​លាយលក្ខណ៍​អក្សរ​។

តំណាង​ប្រជាសហគមន៍​ផ្លូវ​រថភ្លើង អ្នកស្រី​ កែវ បុប្ផា បាន​ព្រមាន​ថា បើ​សាលា​រាជធានី​ភ្នំពេញ​មិន​ធ្វើ​តាម​ការ​សន្យា​ទេ​ប្រជាសហគមន៍​ទាំង ៨ នឹង​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ​។

អ្នកស្រី​ព្រមាន​ថា​៖ «​ថ្ងៃ​មុន​ខ្ញុំ​បាន​និយាយ​ប្រាប់​សាលាក្រុង​ហើយ​ថា បើ​មិន​ឲ្យ​ពួក​ខ្ញុំ​ចូល​ ឬ​មិន​ប្រាប់​នូវ​អ្វី​ដែល​ត្រូវ​ផ្លាស់ប្តូរ​ពួក​ខ្ញុំ​ទៅ​កន្លែង​ណា​ពិតប្រាកដ​ជាក់លាក់ ពួក​ខ្ញុំ​នឹង​មក​កន្លែង​ហ្នឹង ដាំ​បាយហូប​កន្លែង​ហ្នឹង​»​។

អ្នក​នាំពាក្យ​សាលា​រាជធានី​លោក ម៉េត មាសភក្ដី បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​នេះ​សាលាក្រុង​នៅ​មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​នៅ​ទីតាំង​ដែល​ពួកគាត់​កំពុង​រស់នៅ​នោះ​ទេ​ព្រោះ​ពួកគាត់​សុទ្ធ​តែ​រស់នៅ​ពី​ចំហៀង​ផ្លូវ​ទំនប់ ៧០ ចុះ​មក​តំបន់​បឹងកក់ ក្បែរ​ទំនប់​ទួលគោក ប៉ុន្ដែ​អ្វី​ដែល​សាលាក្រុង​កំពុង​ធ្វើការ​នោះ​គឺ​រៀបចំ​ពី​ទំនប់​លេខ ៧០ ដល់ ខណ្ឌ​ឫស្សីកែវ ត្រង់​ចំណុច​គីឡូ​លេខ ៦ នោះ​ទេ​។

លោក​ មាសភក្តី ​បន្ត​ថា​បើ​នៅ​ថ្ងៃ​ក្រោយ​មាន​ការ​អភិវឌ្ឍ​អ្វី​នៅ​តំបន់​នោះ សាលាក្រុង​នឹង​ប្រកាស​ដំណឹង និង​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ឲ្យ​មក​ជជែក​ពិភាក្សា​គ្នា​ជា​មុន​ដើម្បី​ចៀសវាង​ការ​មាន​ជម្លោះ​តានតឹង​កើតឡើង​។

លោក​បញ្ជាក់​ថា​៖ «​បើ​យើង​ត្រូវការ​ប្រើប្រាស់​តំបន់​នោះ យើង​នឹង​បើក​វេទិកា​​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​នោះ​ដើម្បី​ជជែក​​ពិភាក្សា​គ្នា ទាក់ទង​នឹង​ផលប៉ះពាល់ និង​ការ​ផ្ដល់​សំណង ប៉ុន្ដែ​នៅ​ពេល​ហ្នឹង យើង​មិន​ទាន់​ត្រូវការ​អភិវឌ្ឍ​អ្វី​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​សុំ​ឲ្យ​ពួកគាត់​នៅ​ស្ងៀមស្ងាត់​សិន​»​។

លោក អៀង វុទ្ធី ប្រធាន​អង្គការ​សមធម៌​យល់​ថា​បើ​រដ្ឋាភិបាល​មិន​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​តម្លាភាព នោះ​នឹង​ធ្វើឲ្យ​ពលរដ្ឋ​ងើប​តវ៉ា​ដូច​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖​ «​ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល យើង​មាន​តែ​ជំរុញ​ឲ្យ​សាលាក្រុង​​ពន្លឿន​ការ​ដោះស្រាយ និង​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមរម្យ ដើម្បី​ចៀសវាង​ការ​តវ៉ា អូសបន្លាយ​ឲ្យ​កាន់តែ​យូរ​ជាង​នេះ​ទៀត​ដែល​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s