អ្នក​បឹងកក់​ស្វែងរក​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុប​និង​ធនាគារ​ពិភពលោក​ករណី​អ្នកស្រី ទេព វន្នី

ប្រភព ៖ RFA

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ជួបជុំ​គ្នា​ដាក់​ញត្តិ​ទៅ​សហភាព​អឺរ៉ុប និង​ធនាគារ​ពិភពលោក ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​នេះ​តាមដាន​សវនាការ​អ្នកស្រី ទេព វន្នី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា ពួក​គេ​ចង់​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​នេះ​បាន​ឃើញ​នីតិវិធី​ដែល​តុលាការ​នឹង​អនុវត្ត​ចំពោះ​អ្នកស្រី ទេព វន្នី ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​សកម្មជន​ហ៊ាន​បញ្ចេញ​មតិ និង​តវ៉ា​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ឯង៖ «ជា​រឿង​លេង​សើច​មែន​ទែន​ដែល​គេ​ចោទ​អ្នកស្រី ទេព វន្នី ដឹកនាំ​ហិង្សា ហើយ​បែរ​ជា​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សំណាក់​អាជ្ញាធរ​របួស​ដល់​ទៅ​ពីរ​នាក់ ហើយ​ប្រុសៗ​ហ្នឹង​មាឌ​ធំៗ​ទៀត។ អ៊ីចឹងវា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​យើង​មើល​ឃើញ​កន្លង​មក ឆាក​អន្តរជាតិ​បាន​ផ្តល់​ពានរង្វាន់​ដល់​អ្នកស្រី ទេព វន្នី ថ្នាក់​ពិភពលោក ដែល​ដឹកនាំ​ការ​តស៊ូ​មតិ ការ​ទាមទារ​ដោយ​អហិង្សា​បំផុត។ ចា៎អ៊ីចឹង​ហើយ​បើ​គាត់​កាន់​តែ​ធ្វើ វា​កាន់​តែ​ផ្ទុយ​នឹង​អ្វី​ដែល​អន្តរជាតិ​កំពុង​តែ​មើល​ថា គាត់​កំពុង​តែ​វិវឌ្ឍន៍​ដល់​ណា​ហើយ​ផ្នែក​សិទ្ធិ​មនុស្ស»

តុលាការ​បាន​កាត់​ទោស​អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ១៤​លាន​រៀល​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ។

ការ​កាត់​ទោស​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ និង​សិទ្ធិ​មនុស្ស។

តំណាង​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ បាន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ តែ​មិន​ទាន់​ផ្តល់​ការ​ឆ្លើយតប​យ៉ាង​ណា​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា នេះ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា ករណី​អ្នកស្រី ទេព វន្នី នេះ​គឺ​កើត​ចេញ​ពី​ការ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​ដីធ្លី រហូត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អ្នកស្រី​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ លោក​ថា ទាំងអស់​នេះ​អាច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក អំ សំអាត ស្នើ​ឲ្យ​តុលាការ​ពិចារណា​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ករណី​អ្នកស្រី ទេព វន្នី ដើម្បី​ឈាន​ដល់​ការ​ផ្តល់​យុត្តិធម៌​ជូន​សកម្មជន​ដីធ្លី​រូប​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s