គម្រោង​សង់​ផ្លូវដែក​ថ្មី​ ចូល​ព្រលាន​ត្រូវ​បាន​ពលរដ្ឋ​ជំទាស់

ប្រភព ៖ ភ្នំពេញបុស្តិ៍

ពលរដ្ឋ​ប្រមាណ​ ១០០ ​នាក់​តំណាង​ឲ្យ​ជិត​ ២០០ ​គ្រួសារ​នៅ​ភូមិ​ចំការ​ឪឡឹក ២ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​តវ៉ា​ដោយ​ដុត​កង់​រថយន្ត​ជំទាស់​នឹង​គម្រោង​ផ្លូវដែក​ថ្មី​របស់​ក្រុមហ៊ុន Royal Railway ដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួកគេ​។

ការ​តវ៉ា​កាលពី​ម្សិលមិញ​បាន​កើតឡើង​ក្រោយពី​ក្រុមហ៊ុន​នេះ​​បាន​ចេញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​តាម​ផ្លូវ​បេតុង​លេខ​ ១០៥ ​មក​កាន់​មហាវិថី​សហព័ន្ធ​រុស្សី​កាត់​ចូល​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ​ដែល​មាន​ប្រវែង​ ១,២៥ ​គីឡូម៉ែត្រ​។

លោក ម៉ៅ គឹមហ៊ន អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ថ្លែង​ថា​ពលរដ្ឋ​មិន​ពេញ​ចិត្ត​គម្រោង​នេះ​ទេ​ និង​បាន​ជំទាស់​មិន​ឲ្យ​បន្ត​ការ​សាងសង់​ទៀត​ឡើយ ដោយសារ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាច្រើន​ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង ពិសេស​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សិស្ស​សាលា ប៉ះពាល់​ផ្ទះ និង​កន្លែង​លក់ដូរ​មុខ​ផ្ទះ​ពួកគាត់​ជាដើម​។

លោក គឹមហ៊ន ​ថា​ «​ខ្ញុំ​មិន​មាន​សិទ្ធិ​ហាមឃាត់​ក្រុមហ៊ុន​ទេ ប៉ុន្ដែ​ក្រុមហ៊ុន​ត្រូវ​តែ​សិក្សា​ពី​ផលប៉ះពាល់​ជា​មុន បើ​មិន​អ៊ីចឹង​ទេ ពលរដ្ឋ​គេ​តវ៉ា កុំ​ខឹង​គេ​»​។

ចំណែក​អ្នកស្រី ឆាយ សុខា នាយិកា​សាលា​បឋមសិក្សា​តាំង​កសាង​ខាង​ត្បូង​បាន​ថ្លែង​ដែរ​ថា​អ្នកស្រី​សប្បាយ​ចិត្ត​ពេល​ឃើញ​មាន​ការ​អភិវឌ្ឍ ប៉ុន្ដែ​អ្នកស្រី​មិន​ចង់​ឃើញ​ការ​អភិវឌ្ឍ​ដែល​ប៉ះពាល់​មហាជន​ទេ​។

អ្នកស្រី​បន្ត​ថា​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ណា​មួយ​គួរ​តែ​មាន​ការ​ជូន​​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដោយ​សិក្សា​ពី​ផលប៉ះពាល់​ក្នុង​មូលដ្ឋាន​។ អ្នកស្រី​ថា​គម្រោង​នេះ​​ក្រុមហ៊ុន​មិន​បាន​សិក្សា​ពី​ផលប៉ះពាល់​ ឬ​ជូនដំណឹង​ជា​មុន​ទេ​។

លោក ឃឹម ចាន់វណ្ណៈ ចៅសង្កាត់​កាកាប​ថ្មី​ដែល​ទើប​ជាប់​ឆ្នោត​បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ រហូត​ដល់​ពលរដ្ឋ​តវ៉ា​ទើប​ដឹង​។

លោក​ថា​លោក​បាន​ធ្វើ​របាយការណ៍​ទៅ​អភិបាល​ខណ្ឌ​រួច​ហើយ​អំពី​ករណី​ពលរដ្ឋ​តវ៉ា​នេះ ប៉ុន្ដែ​ការ​ចាត់ចែង​យ៉ាង​ណា​គឺ​រង់ចាំ​ថ្នាក់​លើ​ដោះស្រាយ​។

លោក​ថា​៖ «​ព្រឹក​មិញ​ខ្ញុំ​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដែរ ប៉ុន្ដែ​ទូរស័ព្ទ​មិន​ចូល​សោះ អ៊ីចឹង​ខ្ញុំ​ក៏​បាន​ធ្វើ​របាយការណ៍​ឲ្យ​ខណ្ឌ​ជួយ​…»​។

លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹង​ថា​បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ យើង​បាន​ឲ្យ​សង្កាត់​រៀបចំ​របាយការណ៍​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បណ្ដោះ​អាសន្ន​សិន​។ ​ម្យ៉ាង​វិញ​ទៀត​យើង​បាន​ប្រាប់​ឲ្យ​ម្ចាស់​ការដ្ឋាន​ឲ្យ​ផ្អាក​ដំណើរការ​សិន ដោយ​រង់ចាំ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ថា​ការ​តវ៉ា​នេះ​ដោយសារ​យើង​មិន​ទាន់​បាន​ជូន​ដំណឹង​ដល់​ពួកគាត់ ប៉ុន្ដែ​យើង​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ ចុះ​ពន្យល់​ពួកគាត់​ខ្លះៗ​អំពី​គម្រោង​នេះ​។

លោក​បញ្ជាក់​ថា​៖ ​«​យើង​ប្រាប់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​រក​ពេល​ណាត់​ជួប​ពលរដ្ឋ​តាមរយៈ​ការ​បើក​វេទិកា​ពន្យល់​ពួក​គាត់​ពី​ផលប៉ះពាល់​ និង​ការ​មិន​ធ្វើឲ្យ​ពួកគាត់​មាន​ក្ដីបារម្ភ​ ឬ​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​»​។

យោង​តាម​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក ប៉ា សុជាតិវង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​មីនា​ឆ្នាំ​នេះ​ឲ្យ​ដឹង​ថា​៖ «​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ​នឹង​សាងសង់​កំណាត់​ផ្លូវ​ដែក​ថ្មី​មួយ​ចាប់ពី​ចំណុច​បង្គោល​​គីឡូម៉ែត្រ​លេខ​ ០៨+១៥០ ​ត្រង់​ខ្លោង​ទ្វារ​វត្ត​តាំង​កសាង​ឆ្ពោះ​ត្រង់​តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​ ១០៥ មក​កាន់​មហាវិថី​សហព័ន្ធ​រុស្សី​កាត់​ចូល​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ប្រវែង​ប្រហែល​ ១ ២៥០ ​ម៉ែត្រ​ស្មើ​​នឹង​ ១,២៥ គីឡូម៉ែត្រ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​»​។

លោក John Guiry នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Royal Railway បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​រយៈពេល ៣០ ឆ្នាំ​ដើម្បី​ដំណើរការ​បណ្តាញ​ផ្លូវដែក​កាលពី​ដើម​ឆ្នាំ​នេះ​ដោយ​បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​​គម្រោង​រួចរាល់​ហើយ​។

លោក​បន្ត​ថា​រថភ្លើង​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​រថភ្លើង​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​ប្រហែល​ ១០០ ​នាក់ និង​​រត់​បាន​ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

លោក​បញ្ជាក់​ថា​៖ «​គម្រោង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពលរដ្ឋ​ណា​ម្នាក់ មិន​ប៉ះពាល់​ដល់​ហាង​ ឬ​ទីផ្សារ​របស់​អ្នក​ណា​​ម្នាក់​ឡើយ សូម​កុំ​បារម្ភ​!»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s