ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ថា​ការ​ដោះស្រាយ​នៅ​អគារ​ប៊ូឌីង​ថា​ជា​យន្តការ​ដោះស្រាយ​គំរូ

ប្រភព ៖ RFA

បញ្ហា​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​វិវាទ​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ដាច់​ស្រេច និង​អូស​បន្លាយ​រាប់​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​មើល​ឃើញ​ការ​ដោះស្រាយ​បញ្ហា​នៅ​អគារ​ស ឬ​ហៅ​ថា​អគារ​ប៊ូឌីង ជា​យន្តការ​ដោះស្រាយ​បាន​ឆាប់​រហ័ស។

ទាំង​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល សុទ្ធតែ​បញ្ចេញ​ទស្សនៈ​សាទរ​ចំពោះ​យន្តការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​នៅ​អគារ​ស ហៅ​ថា​អគារ​ប៊ូឌីង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ថា​ជា​យន្តការ​ល្អ​មួយ។

តំណាង​អ្នក​បឹងកក់ ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​តាំង​ពី​ឆ្នាំ​២០១១ គឺ​លោកស្រី បូវ សោភា សរសើរ​ដល់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​អគារ​ស ហៅ​អគារ​ប៊ូឌីង ថា​ជា​ការ​គិត​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ៖ «នៅ​ប៊ូឌីង គឺ​ខ្ញុំ​សរសើរ​សមត្ថភាព​របស់​លោក ជា សុផារ៉ា ដែល​គាត់​តែង​តែ​មើល​ពី​ផល​ប្រយោជន៍​របស់ ប្រជាពលរដ្ឋ​រហូត​មក​ដល់​ពេល​នេះ។ បើសិនជា​គាត់​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់ កុំ​ថា​ឡើយ ក្រុមហ៊ុន​មក​អភិវឌ្ឍន៍​នៅ​ប៊ូឌីង ទោះ​ក្រុមហ៊ុន​ធំ​ប៉ុណ្ណា​មក​អភិវឌ្ឍ បើសិនជា​ទំនាស់​ផលប្រយោជន៍​ជា​មួយ ថ្នាក់​ដឹកនាំ​ជាមួយ​រាជ​រដ្ឋាភិបាល ក៏​មិន​ងាយ​មាន​ការ​ដោះស្រាយ​ល្អ​ដែរ។ យើង​មើល​ផ្លូវ​ជាតិ​១ ពេល​ដែល​ជប៉ុន មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ គឺ​គេ​យក​គោលការណ៍​សិទ្ធិមនុស្ស​ជា​ធំ គេ​យក​ដំណោះស្រាយ​គេ​គិត​ពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​ធំ។ តែ​សម្រាប់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​បឹងកក់ អ្វី​ដែល​គេ​គិត គឺ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន»

លោកស្រី​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​អ្នក​ភូមិ​បឹងកក់​សរុប​ចំនួន ២៥​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​ចប់។

ដោយឡែក​អ្នក​បុរីកីឡា​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់​អ្នកស្រី ស៊ុយ សុផាន ក៏​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចប់​ដែរ។ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​រស់នៅ​បុរីកីឡា ១៤​គ្រួសារ​ទៀត​ដែល​នៅ​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ។

ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​នៅ​អគារ​ប៊ូឌីង តំណាង​សហគមន៍​បុរីកីឡា​ដែល​នៅ​សេសសល់ គឺ​លោកស្រី សរ ស៊ន មាន​ប្រសាសន៍​ថា លោកស្រី​ចង់​បាន​ការ​ដោះស្រាយ​ដូច​គ្នា​នេះ​ដែរ ព្រោះ​ជា​ការ​ដោះស្រាយ​ដែល​អាច​ទទួល​យក​បាន៖ «ព្រោះ​អី​អ្នក​មាន​ដី​មាន​ផ្ទះ ដោះស្រាយ​ដូច​អ៊ីចឹង​ទៅ គាត់​មាន​សំណង​អាច​ទិញ​ផ្ទះ​បាន​នៅ។ ពួក​ខ្ញុំ​ធ្លាប់​ដាក់​ទៅ​ក្រុង​ដាក់​ទៅ​សុរិយោដី​អី​ញឹកញាប់ ទាមទារ​ឲ្យ​ដោះស្រាយ​ដូច​ប៊ូឌីង ហើយ​សុរិយោដី​គាត់​ថា បញ្ជូន​ទៅ​ឲ្យ​ក្រុង​ដោះស្រាយ​វិញ ហើយ​បើ​ឲ្យ​ក្រុង​ដោះស្រាយ គាត់​នៅ​តែ​ឲ្យ​ខ្ញុំ​បញ្ចប់​ដដែល លោក មាន ចាន់យ៉ាដា នៅ​តែ​ឲ្យ​អ៊ីចឹង​ដដែល»

ទន្ទឹម​គ្នា​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ប៉ះពាល់​នៅ​អគារ​ប៊ូឌីង ថា​ជា​គំរូ​ដែល​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​ជា​យូរ​មក​ហើយ៖ «បញ្ហា​ប៊ូឌីង​នេះ វា​ជា​បញ្ហា​មួយ​ដែល​យើង​ឃើញ​ថា ជា​ការ​ដោះស្រាយ​មួយ មក​ទល់​ពេល​នេះ​មិន​ទាន់​ចេញ​បាតុភាព​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់ វា​ទៅ​ជា​ការ​ដោះស្រាយ​យល់​ព្រម​គ្នា យើង​គិត​ថា វា​មិន​ទាន់​អស់ ក៏​វា​ស្ទើរ​តែ​អស់​ទៅ​ហើយ​ដែរ​ទាក់ទង​បញ្ហា​ទាំង​អស់​នេះ។ អ៊ីចឹង​យើង​សង្គម​ស៊ីវិល​ចង់​ឃើញ​ដំណោះស្រាយ​របៀប​ហ្នឹង​ពី​មុន​មក។ យើង​ចង់​ថា ការ​អភិវឌ្ឍ​កន្លែង​ណា​មួយ វា​ជា​ការ​ពិត​ហើយ​ថា ប្រទេស​យើង​ត្រូវ​ការ​ការ​អភិវឌ្ឍ ប៉ុន្តែ​ការ​អភិវឌ្ឍ​ត្រូវ​តែ​ដោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ដែល​អ្នក​រង​ផល​ប៉ះពាល់​គាត់​ទទួល​យក​បាន។ អ៊ីចឹង​បើសិនជា​ដោះ​របៀប​នេះ ខ្ញុំ​គិត​ថា វា​ជា​ចំណុច​ល្អ ជា​គំរូ​មួយ សម្រាប់​ដំណោះស្រាយ​លើ​បញ្ហា​ផ្សេងៗ ទៀត នៅ​ក្នុង​រាជ​ធានី ឬ​ក៏​នៅ​តាម​ខេត្ត»

ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ចំពោះ​ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​មួយ​ចំនួន​កន្លង​ទៅ សុទ្ធតែ​បន្សល់​ទុក​ភាព​មិន​ដាច់​ស្រេច ហើយ​មិន​ទទួល​យក​បាន​គ្រប់​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​នៅ​បន្ត​ការ​តវ៉ា តួយ៉ាង​ដូចជា​អតីត​អ្នក​បឹងកក់​ម្នាក់ គឺ​លោកស្រី ស៊ា ណារ៉េត ដែល​តែង​ចេញ​ទាមទារ​រក​សំណង​បន្ថែម​ទៀត​ពី​សាលា​រាជធានី​ភ្នំពេញ៖ «ការ​ដោះស្រាយ​នៅ​ប៊ូឌីង​ហ្នឹង គឺ​ដោះស្រាយ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន ហើយ​សមរម្យ​ដែល​គាត់​អាច​ទៅ​ទិញ​ជម្រក​ថ្មី​ក៏​បាន​អ៊ីចឹង គាត់​ត្រូវ​ទទួល​យក។ គាត់​ផ្ដល់​ឲ្យ​សំណង​មិន​សមរម្យ ពួក​ខ្ញុំ​អត់​អាច​ទទួល​យក​បាន​ហ្នឹង​ហើយ បាន​ជា​ពួក​ខ្ញុំ​ចេះ​តែ​ដើរ​ទាមទារ។ ធ្វើ​ម៉េច​ឲ្យ​សំណង​សមរម្យ​ឲ្យ​ខ្ញុំ​បាន​ផ្ទះ​នៅ​សមរម្យ​វិញ តែ​មិន​មាន។ អ៊ីចឹង​ឯកឧត្ដម ជា សុផារ៉ា គាត់​ដោះ​ឲ្យ​នៅ​ប៊ូឌីង​នេះ​ល្អ​ប្រសើរ​ហើយ ពលរដ្ឋ​គាត់​សប្បាយ​ចិត្ត​នឹង​ទទួល​យក​ហើយ»

ក្រៅ​ពី​អ្នក​បឹងកក់ បុរីកីឡា សហគមន៍​ថ្មគោល អេស.អូ.អេស (SOS) និង​អ្នក​ទៅ​នៅ​ទីតាំង​ភ្នំ​បាត ឯ​ខេត្ត​កណ្ដាល និង​ពលរដ្ឋ​ដែល​រស់នៅ​តាម​សងខាង​ផ្លូវ​រថភ្លើង​ចំនួន ៨​សហគមន៍​នៅ​ខណ្ឌ​ទួលគោក ក៏​កំពុង​បារម្ភ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល​ដែរ។ ពួក​គាត់​សុទ្ធតែ​ចង់​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​សំណង​សមរម្យ​ទទួល​យក​បាន​តាម​គំរូ​នៅ​អគារ​ប៊ូឌីង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s