ពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​តវ៉ា​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ

ប្រភព ៖ RFA

ប្រជាពលរដ្ឋ​ជិត ១០០​នាក់ រស់​នៅ​ក្នុង​សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​លើក​គ្នា​តវ៉ា​ដុត​កង់ឡាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧ ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​របស់​រដ្ឋាភិបាល ដែល​ពួកគាត់​គិត​ថា នឹង​ធ្វើ​ឱ្យ​ពួកគាត់​រង​ផល​ប៉ះពាល់។ ពលរដ្ឋ​អះអាង​ថា ការ​តវ៉ា​នេះ ដោយសារ​តែ​ការ​សាងសង់​ផ្លូវ​រថភ្លើង​នោះ​ធ្វើ​ឡើង​មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ជាមុន​ឡើយ។

ការ​តវ៉ា​ដុត​កង់ឡាន​ជា​លើក​ទី​មួយ ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​សាងសង់​ផ្លូវ​រថភ្លើង ដែល​អាច​ធ្វើ​លើ​ផ្លូវ​ចាក់​បេតុង មួយរយប្រាំ​ខេ (105K) ស្ថិត​ក្នុង​សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​បាន​ពលរដ្ឋ​ព្រួយ​បារម្ភ​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​ប្រកប​មុខ​របរ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ជាពិសេស​គឺ​សុវត្ថិភាព​របស់​កុមារ​ដែល​តែងតែ​ឆ្លង​កាត់​ផ្លូវ​នោះ​ទៅ​កាន់​សាលារៀន​ជា​រៀងរាល់​ថ្ងៃ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ចំការឪឡឹក២ សង្កាត់​កាកាប២ លោក ម៉េង គ្រួយ ថ្លែង​ថា ពលរដ្ឋ​ដែល​លើក​គ្នា​តវ៉ា​ដុត​កង់ឡាន​នេះ មិន​មែន​ចង់​ប្រឆាំង​ចំពោះ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​ដោយសារ​ការ​សាងសង់​រថភ្លើង​នោះ ធ្វើ​ឡើង​ដោយ​មិន​បាន​ប្រាប់​ពលរដ្ឋ​ដែល​ជា​អ្នក​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ចាក់​បេតុង​មួយ​រយ​ប្រាំ​ខេ ដឹង​លឺ​ជា​មុន។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​នេះ នឹង​មិន​អាច​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឡើយ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន៖ «ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​អំពី​គម្រោង​នេះ​ឡើង​វិញ ហើយ​ខ្ញុំ​មិន​មែន​ចង់​ប្រចាំ​ចំពោះ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែរ តែ​សុំ​ឱ្យ​ការ​អភិវឌ្ឍ​នោះ ធ្វើ​ឡើង​អាច​ឱ្យ​ពលរដ្ឋ​ទទួល​យក​បាន​ផង»

​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ផ្លូវ​រថភ្លើង​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​របស់​ពួកគាត់​នេះ គឺ​តភ្ជាប់​ចេញ​ពី​រ៉ា​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ទួលគោក ឆ្ពោះ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ភ្ញៀវ។ បន្ទាប់​ពី​មាន​ការ​តវ៉ា​ដុត​កង់ឡាន​ពី​ប្រជាពលរដ្ឋ ក្រុម​កម្មករ​នៃ​ការដ្ឋាន​សាងសង់​រថភ្លើង ក៏​បាន​នាំគ្នា​ផ្អាក​សកម្មភាព​របស់​ខ្លួន​ដែរ។

​ពលរដ្ឋ​តវ៉ា​ម្នាក់​ទៀត លោកស្រី នុត ជាតា ក៏​បាន​លើក​ឡើង​ដែរ​ថា ថ្វី​ត្បិត​ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ខែ​មករា មក​ក្ដី ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ក្នុង​តំបន់​រូប​ណា​ចុះ​មក​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ឡើយ៖ «នៅ​ពេល​សួរ​នាំ មេ​ភូមិ និង​មេ​ឃុំ​គាត់​អត់​ដឹង​ដែរ»

​រី​ឯ​ចៅសង្កាត់​កាកាប២ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ខឹម ចាន់វណ្ណៈ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ដុត​កង់ឡាន​នោះ បាន​ថ្លែង​ថា លោក​ក៏​ពុំ​ទាន់​ដឹង​ច្បាស់​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុម​កម្មករ​បាន​ប្រាប់​លោក​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវ៉េស៍ (Royal Railways) របស់​លោក​ឧកញ៉ា គិត ម៉េង គឺ​ជា​អ្នក​សាងសង់។

លោក​ចៅសង្កាត់​ថ្មី​នេះ​បន្ត​ថា គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នោះ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្លះ​ដែរ ហើយ​លោក​នឹង​លើក​យក​រឿង​នេះ​ទៅ​ពិភាក្សា​ឱ្យ​បាន​ច្បាស់លាស់​ជាមួយ​ភាគី​ក្រុមហ៊ុន៖ «ហៅ​ក្រុមហ៊ុន និង​ម្ចាស់​ម៉ៅការ​សួរ​នាំ​គាត់​អំពី​គម្រោង​សាងសង់​នេះ»

ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​កាកាប២ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី អះអាង​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មន្ត្រី​ជំនាញ​នឹង​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នោះ​ឱ្យ​បាន​ច្បាស់៖ «ហើយ​ក៏​ដូចជា​ចង់​ស្ដាប់​សំណូមពរ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ ហើយ​រួមគ្នា​ដោះស្រាយ»

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា តាម​ពិត​រឿង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​សង្កាត់​កាកាប២ ចំពោះ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង គឺ​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ​ដែរ។ លោក​បញ្ជាក់​ថា រាល់​ការ​អភិវឌ្ឍ​ទាំង​អស់​គួរ​តែ​ធ្វើការ​ពិគ្រោះ​យោបល់ និង​ឯកភាព​ពី​ប្រជាពលរដ្ឋ​ដែល​អាច​រង​ផល​ប៉ះពាល់​ជា​មុន​សិន៖ «ពី​ដើម​មក តែងតែ​ស្នើ​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់ និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់»

​លោក សន ជ័យ បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង ធ្វើ​ឡើង​ដោយ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ គឺ​ជៀស​មិន​រួច ដែល​អាជ្ញាធរ​ត្រូវតែ​ជួប​ចរចា​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន​ដើម្បី​ស្វែង​រក​ចំណុច​រួម​មួយ​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s