កំពូល​ជម្រះ​ក្ដី​រឿង​ជួញដូរ​ឲ្យ​ធ្វើ​ពលករ​នេសាទ

ប្រភព៖ ភ្នំពេញបុស្តិ៍

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​លើ​បណ្តឹង​រដ្ឋប្បវេណី​ដោយ​បាន​កោះហៅ​ដើម​បណ្ដឹង​ជា​ឪពុកម្តាយ​ពលករ​ ១៨ ​នាក់​ និង​ពលករ​រងគ្រោះ​ ៥ ​នាក់​ដែល​បាន​ចោទ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​មួយ​ថា​បាន​ជួញដូរ​ពួកគេ​ឲ្យ​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ខណៈ​ស្ត្រី​ជា​ម្ចាស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់គុក​ ១០ ​ឆ្នាំ​។

លោក ថេរ បូរ៉ា អាយុ​ ៣៤ ​ឆ្នាំ​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​ដែល​ត្រូវ​បាន​ជួយ​រំដោះ​ពី​ស្ថានទូត​នៅ​ប្រទេស​​ហ្វីជី​តំបន់​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រាប់​ចៅក្រម​ថា​ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ​ ២០១០ គាត់​បាន​ដាក់​ពាក្យ​ទៅ​ធ្វើការ​នៅ​ជប៉ុន​តាមរយៈ​ក្រុមហ៊ុន​ GIANT OCEAN INTERNATIONAL FISHERY Co.Ltd ដែល​មាន​ថៅកែ​ស្រី​ជា​ចិន​តៃវ៉ាន់​ឈ្មោះ​ LIN LI CHEN ហៅ LIN YU-HSIN អាយុ​ ៥២ ​ឆ្នាំ​។

លោក​ថា​ក្រោយ​មក​ក្រុមហ៊ុន​ឲ្យ​ពួកគាត់​ចុះ​កិច្ចសន្យា​បើក​ប្រាក់​ក្នុង​ ១ ​ខែ​ ១៥០ ​ដុល្លារ លុះ​ធ្វើការ​បាន​ ២ ​ឆ្នាំ​ទទួល​ប្រាក់ខែ​បាន​ ៣៥០ ​ដុល្លារ​។ បន្ទាប់មក​ក្រុមហ៊ុន​បាន​បើក​កុង​ធនាគារ​អេស៊ីលីដា​ឲ្យ​ដោយ​ប្រាប់​ថា​ទុក​ឲ្យ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​ជា​អ្នក​បើក​លុយ​។ ​ចំណែក​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​ធ្វើ​លិខិត​ឆ្លងដែន​ឲ្យ​ហើយ​បាន​បង្រៀន​ពី​របៀប​នេសាទ​ត្រី​ ១ ​ខែ​ទើប​បញ្ជូន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

បូរ៉ា ​ថ្លែង​ថា​ពេល​ទៅ​ដល់​កូរ៉េ​ពួកគាត់​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជប៉ុន​តាម​កិច្ចសន្យា​ទេ តែ​បែរ​ជា​បញ្ជូន​ទៅ​ប្រទេស​ហ្វីជី​ទៅ​វិញ ខណៈ​ពលករ​ខ្មែរ​ខ្លះ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ឥណ្ឌា​ម៉ាឡេស៊ី ជប៉ុន កោះ​តៃវ៉ាន់ និង​ប្រទេស​មួយ​ចំនួន​ទៀត​។

លោក​ បូរ៉ា ​បន្ត​ថា​ពេល​ពួកគាត់​រស់​នៅ​ក្នុង​កប៉ាល់​នេសាទ​បាន​ ១ ​ខែ​ក៏​សុំ​ថៅកែ​បើក​ប្រាក់ខែ តែ​ថៅកែ​ថា​គេ​មិន​ដឹង​ទេ ព្រោះ​គេ​ឲ្យ​លុយ​ទៅ​ថៅកែ​ស្រី​អស់​ហើយ​ដោយ​គិត​រយៈពេល​ ៣ ​ឆ្នាំ​ឯណោះ​។

ចំពោះ​កប៉ាល់​នេសាទ​នោះ​ ១ ​ឆ្នាំ​កន្លះ​ទៅ​ ២ ​ឆ្នាំ​ទើប​ឡើង​គោក​ម្តង​ហើយ​នៅ​ពេល​បាន​ឡើងគោក​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​ និង​ហ្វីលីពីន​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​រាយការណ៍​ប្រាប់​ស្ថាតទូត​នៅ​ប្រទេស​ហ្វីជី ទើប​មាន​ការ​រំដោះ​ពួកគាត់​បាន​និង​ទាមទារ​ឲ្យ​ថៅកែ​ចិន​នៅ​លើ​កប៉ាល់​ផ្តល់​លិខិត​ឆ្លងដែន​ឲ្យ​វិញ ហើយ​ខាង​ស្ថានទូត​រត់ការ​បាន​កន្លះ​ខែ​ទើប​បញ្ជូន​ពួកគាត់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ ឆ្នាំ​ ២០១២​។

បូរ៉ា ​ប្រាប់​ចៅក្រម​បន្ត​ថា​៖ «​ពួក​ខ្ញុំ​ពីរ​នាក់​បងប្អូន​ត្រូវ​គេ​ឲ្យ​នេសាទ​ត្រី​ ២៤ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​មាន​ពេល​ដេក​តែ​ ២ ​​ទៅ​ ៣ ​ម៉ោង​ទេ​។ ​ខ្ញុំ​ឈឺ ថៅកែ​មិន​ឲ្យ​ថ្នាំ​ខ្ញុំ​លេប​ទេ គេ​ថា​ខ្ញុំ​ធ្វើ​ពុត ប៉ុន្តែ​គេ​ឲ្យ​យើង​ហូប​ឆ្អែត​។​ យ៉ាង​ណា​ពួក​ខ្ញុំ​សុំ​ទារ​សំណង​ពី​ស្ត្រី​ជាប់ចោទ​ ២៣ ​ខែ​ដែល​ពួក​ខ្ញុំ​មិន​បាន​បើក​ប្រាក់ខែ​»​។

លោក ស៊ុន សុខា ជា​ពលករ​រងគ្រោះ​មួយ​រូប​ទៀត​ប្រាប់​ចៅក្រម​ថា​៖ «​ពួក​ខ្ញុំ​ត្រូវ​បាន​ក្រុមហ៊ុន​បោក​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ ២៣ ​ខែ​ហើយ ដូច្នេះ​ពួក​ខ្ញុំ​ទាមទារ​ឲ្យ​ក្រសួង​ការងារ​យក​លុយ​ដែល​ក្រុមហ៊ុន​តម្កល់​ ១០ ​ម៉ឺន​ដុល្លារ មក​សង​ពួក​ខ្ញុំ​ព្រោះ​មាន​ពលករ​គ្រប់​ខេត្ត​មក​ចុះ​ឈ្មោះ​ធ្វើការ​នៅ​ក្រុមហ៊ុន​នោះ​»​។

ក្រោយពី​មក​ដល់​កម្ពុជា​ក្រុម​ពលករ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ស្ត្រី​ជាប់ចោទ​ហើយ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​នៅ​ថ្ងៃ​ទី​ ២៩ ​ខែ​មេសា​ឆ្នាំ​ ២០១៤​ឲ្យ​ស្ត្រី​ឈ្មោះ​ LIN LI CHEN ​រួម​នឹង​គូកន​ ៥ ​នាក់​ទៀត​ដាក់​គុក​ម្នាក់​ ១០ ​ឆ្នាំ​ និង​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​មនុស្ស​ ៥ ​នាក់​នេះ​។

សំណុំ​រឿង​នេះ​ស្ត្រី​ជាប់ចោទ​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​តែ​ត្រូវ​​ឧទ្ធរណ៍​តម្កល់​ទោស​ ១០ ​ឆ្នាំ​ដដែល​កាលពី​ថ្ងៃ​ទី​ ២២ ​មេសា​ឆ្នាំ​ ២០១៥​។

លោក​ អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ស្ត្រី​ជាប់ចោទ​ជា​អ្នក​ចាត់ចែង​ក្នុង​ក្រុមហ៊ុន​ទាំងអស់​។ ​«​ដូច្នេះ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​រឿង​នេះ​។ ​ខ្ញុំ​សូម​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម​ដដែល​»​។

អ្នកស្រី​មេធាវី យឹម ថាវី និង​អ្នក​ស្រី​ គាសុផល ការពារ​សិទ្ធិ​ឲ្យ​ពលករ​ដើម​បណ្តឹង​​ថ្លែង​ថា​រឿង​នេះ​មាន​ជនរងគ្រោះ​មក​ដាក់​ពាក្យ​ ៣ ​ទៅ​ ៤ ​អង្គការ ហើយ​កាលពី​​នៅ​តុលាការ​ថ្នាក់​ក្រោម​អ្នកស្រី​ដាក់​ពាក្យ​មាន​ដើម​បណ្តឹង​​ ២១៥ ​នាក់ តែ​ដល់​កំពូល​ឃើញ​តែ​ ៥០ ​នាក់​ទេ​។

អ្នកស្រី​ថា​៖ «​រឿង​នេះ​កូនក្តី​ខ្ញុំ​ចង់​បាន​សំណង ប៉ុន្តែ​ក្រុមហ៊ុន​បាន​បាត់​ពី​ទីតាំង​នោះ​ហើយ ដូច្នេះ​លុយ​ដែល​ក្រុមហ៊ុន​តម្កល់​នៅ​ក្រសួង​ការងារ​គួរ​តែ​បង្វិល​មក​សង​ឲ្យ​ជនរងគ្រោះ​ និង​សូម​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់ក្រោម​នៅ​ដដែល​»​។

លោក ឈី សម្បត្តិ មេធាវី​ឲ្យ​ស្ត្រី​ជាប់ចោទ​សន្និដ្ឋាន​ថា​កូនក្តី​លោក​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ក្រសួង​ការងារ​ទេ​ហើយ​គាត់​ក៏​មិនមែន​ជា​ម្ចាស់​ភាគហ៊ុន​ដែរ​គាត់​គ្រាន់តែ​ស៊ីឈ្មួល​បម្រើការ​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ​ ប៉ុន្តែ​បែរ​ជា​តុលាការ​ដាក់​ទោស​កូនក្តី​លោក​ទាំង​អយុត្តិធម៌​ទៅ​វិញ​។ ​«​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ពិចារណា​»​។

ក្រោយ​ជំនុំជម្រះ​អ្នកស្រី​ចៅក្រម គឹមសត្ថាវី ថ្លែង​ថា​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៦ កក្កដា ខាង​មុខ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s