មន្ត្រី​សភា​អឺរ៉ុប​ និង​អ្នក​កាសែត​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ទៅ​តំបន់ ​សេសាន

ប្រភព ៖ ភ្នំពេញបុស្តិ៍

​ក្រុម​ការងារ​របស់​សភា​អឺរ៉ុប​ម្នាក់ និង​អ្នក​សារព័ត៌មាន​បរទេស​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ទៅ​ជួប​ពលរដ្ឋ​ជនជាតិ​ដើម​ភូមិ​ក្បាលរមាស ខណៈ​ទ្វារ​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​កំពុង​បិទ​សាកល្បង ហើយ​កម្ពស់​ទឹក​នឹង​ត្រូវ​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ចុង​សប្ដាហ៍​នេះ​។

មន្ត្រី​នគរបាល​ និង​អាវុធហត្ថ​ប្រមាណ​ជា​ ២០ ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ត្រង់​ផ្លូវ​បំបែក​ចូល​ទៅ​ភូមិ​ក្បាលរមាស ​ក្នុង​ឃុំ​ក្បាលរមាស​ ស្រុក​ សេសាន កាលពី​ម្សិលមិញ​ ដើម្បី​រារាំង​ជនបរទេស​ និង​មនុស្ស​ខាង​ក្រៅ​មិន​ឲ្យ​ចូល​ជួប​ពលរដ្ឋ​ដែល​ទទួល​រង​ផលប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ​។

ការ​ហាមឃាត់​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​អាទិត្យ​ម្សិលម្ង៉ៃ​នៅ​ពេល​កម្លាំង​អាជ្ញាធរ​ស្រុក​បាន​ឃាត់​ពលរដ្ឋ​មកពី​ខេត្ត​ មណ្ឌលគិរី​ ជាង​ ២០ ​នាក់​យក​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក​ វាំង សំរិទ្ធ ដែល​ជា​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​លោក​ និង​ជនជាតិ​បារាំង​ម្នាក់​ដែល​​ជា​ក្រុម​ការងារ​របស់​សភា​អឺរ៉ុប​ត្រូវ​បាន​មន្ត្រី​នគរបាល និង ​អាវុធហត្ថ​ប្រមាណ​ ២០ ​នាក់​រារាំង​មិន​ឲ្យ​ជួប​ពលរដ្ឋ​នៅ​ម៉ោង​ ១១ ​ព្រឹក​ម្សិលមិញ​។

លោក​ថា​ពួក​លោក​បាន​ព្យាយាម​ពន្យល់​​ដល់​កម្លាំង​ទាំង​នោះ​ពី​បំណង​នៃ​ការ​ចូល​ទី​នោះ​តែ​នៅ​តែ​មិន​ឲ្យ​ចូល​ដាច់ខាត​។

លោក​ សំរិទ្ធ បញ្ជាក់​ថា​៖ «​យើង​បាន​ប្រាប់​ថា​ចូល​ទៅ​ដើម្បី​សួរសុខទុក្ខ​បងប្អូន​ និង​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​ទី​នោះ តែ​អកុសល​គេ​មិន​ឲ្យ​ចូល​ដាច់ខាត​»​។

លោក​បន្ត​ថា ​ក្រៅ​ពី​នោះ​ក៏​មាន​កម្លាំង​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​តាម​ផ្លូវ​ដើម្បី​ឃ្លាំ​មើល​មនុស្ស​ប្លែក​មុខ​មិន​ឲ្យ​ចូល​ផង​ដែរ​។

លោក​អះអាង​ថា​មន្ត្រី​ទាំង​នោះ​បាន​គំរាម​ថា​ប្រសិន​អ្នក​ណា​នៅ​តែ​ជម្នះ​ចូល ពួកគេ​នឹង​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍​។ លើស​ពី​នោះ​ពួកគេ​បាន​បង្ខំ​ឲ្យ​ពួកលោក​លុប​រូបថត​ដែល​ថត​នៅ​កន្លែង​កើតហេតុ​នោះ​ចោល​ទៀត​ផង ខណៈ​កម្លាំង​ទាំង​នោះ​បាន​ថតរូប​ពួក​លោក​តាម​ចិត្ត​។

លោក​ថា​អស់​រយៈពេល​ជិត​ ១ ​ម៉ោង​នៅ​កន្លែង​ហាមឃាត់​នោះ​ក៏​មាន​ការ​ប្រកែក​គ្នា​តឹង​សរសៃក​ខ្លះ​ដែរ មុន​ពេល​ពួកលោក​សម្រេច​ចិត្ត​បើក​ឡាន​បក​ក្រោយ​វិញ​។

លោក​ សំរិទ្ធ ​បាន​ចាត់​ទុក​ការ​រារាំង​នោះ​ថា​ជា​ «​ការ​បំបិទ​សិទ្ធិ​សេរីភាព បំបិទ​ព័ត៌មាន​ និង​រំលោភសិទ្ធិ​ជនជាតិ​ភាគតិច​» ​ដែល​កំពុង​រងគ្រោះ​ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​។

លោក​ សំរិទ្ធ ថ្លែង​ដូច្នេះ​ថា​៖ «​យើង​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ដូចគ្នា​។ អ៊ីចឹង​ចង់​ទៅ​ជួប​ពិគ្រោះ​យោបល់​។ រារាំង​អ៊ីចឹង​មិន​សម​ទេ ព្រោះ​យើង​មិនមែន​ប្រឆាំង​រដ្ឋាភិបាល​ទេ​។ ​វា​ដូចជា​រឹតត្បិត​ពេក​ហើយ​»​។

បន្ទាប់ពី​ដឹង​ហេតុការណ៍​រារាំង​នោះ​ពលរដ្ឋ​ភូមិ​ក្បាលរមាស​ និង​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​ប្រមាណ​ជា​ ១០០ ​នាក់​បាន​​ចេញ​ទៅ​ឃ្លាំ​មើល និង​ទទួល​អ្នក​សារព័ត៌មាន​បរទេស​ចំនួន​ ៣ ​នាក់​។

សកម្មជន​មាតា​ធម្មជាតិ​លោក ម៉េង ហេង បាន​ឲ្យ​ដឹង​ថា​អ្នក​សារព័ត៌មាន​ទាំង​នោះ​ក៏​ត្រូវ​កម្លាំង​អាជ្ញាធរ​ប៉ុនប៉ង​រារាំង​មិន​ឲ្យ​ចូល​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ឃើញ​ពលរដ្ឋ​ច្រើន​នាក់​ទៅ​ទទួល​ទើប​កម្លាំង​អាជ្ញាធរ​ឲ្យ​ចូល​តាម​សម្រួល​។

ពលរដ្ឋ​ភូមិ​ក្បាល​រមាស​ ៨២ ​គ្រួសារ​បាន​យល់​ព្រម​ចាកចេញ​ទៅ​ទីតាំង​ថ្មី​ជាប់​ផ្លូវជាតិ​លេខ​ ៧៨ ​ថ្មី ចំណែក​ ៥៨ ​គ្រួសារ​ទៀត​​បាន​កំពុង​ប្រកាន់​ជំហរ​នៅ​ភូមិ​ចាស់​។

លោក ដាំ សំណាង តំណាង​សហគមន៍​ក្បាល​រមាស​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​គ្រោងទុក​ពលរដ្ឋ​ជនជាតិ​ដើម​មកពី​ខេត្ត​ផ្សេង​ប្រមាណ​ជា​ ៣០០ ​នាក់​នឹង​មក​ជួបជុំ​គ្នា​នៅ​ភូមិ​លោក​។ ប៉ុន្តែ​ដោយ​មាន​ការ​រារាំង​បែប​នោះ​ទើប​មាន​ពលរដ្ឋ​តែ​ប្រមាណ​ ១០០ ​នាក់​ប៉ុណ្ណោះ​អាច​ធ្វើ​ដំណើរ​មក​បាន​ដើម្បី​ធ្វើ​ពិធី​សែនព្រេន​តាម​ប្រពៃណី​ឲ្យ​ចៀស​ផុត​ពី​គ្រោះភ័យ​, កាប់​ឫស្សី​ធ្វើ​ផ្ទះ​អណ្តែត​ទឹក​ពេល​ទឹក​លិច​ដោយសារ​បិទ​ទំនប់​សេសាន​ក្រោម​ ២ ​និង​​ដើម្បី​ចូលរួម​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

លោក​ សំណាង បាន​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​ពួកគាត់​កំពុង​ឆ្លើយឆ្លង​គ្នា​ជា​ភាសា​ព្នង​រៀបរាប់​ពី​ទុក្ខលំបាក​បណ្តាល​មកពី​ការ​អភិវឌ្ឍ​ និង​ការ​បែកបាក់​ជនជាតិ​ដើម​»​។

លោក​ ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ជាប់​រវល់​ប្រជុំ​នៅ​ភ្នំពេញ​ដែល​​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​សុំ​ឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​លោក ម៉ែន គង់ វិញ​។

លោក ម៉ែន គង់ បាន​ឲ្យ​ដឹង​ថា​ការ​​ដែល​មិន​ឲ្យ​ជនបរទេស​ ឬ​អ្នក​ពី​ក្រៅ​ចូល​នោះ​គឺ​ដើម្បី​រក្សា​សន្តិសុខ​មូលដ្ឋាន​ក៏​​ដូចជា​សុវត្ថិភាព​ជូន​ពួកគេ​ផង​ដែរ ព្រោះ​ថា​ក្នុង​អំឡុង​ពេល​នេះ​ទ្វារ​ទឹក​កំពុង​តែ​បិទ​ដែល​ធ្វើឲ្យ​ទឹក​ឡើង​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​មិន​ស្គាល់​ភូមិសាស្ត្រ​។

ទាក់ទង​នឹង​កម្រិត​ទឹក​នេះ​ដែរ​កាលពី​ម្សិលមិញ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​​ត្រៀម​បង្ការ​ចំពោះ​ស្ថានភាព​កម្ពស់​ទឹក ពិសេស​ក្នុង​ឃុំ​ស្រែគ​ និង​ឃុំ​ក្បាលរមាស ខណៈ​នៅ​ថ្ងៃ​ ២៨ កក្កដា ខាង​មុខ​នេះ​កម្ពស់​ទឹក​នឹង​ឡើង​ដល់​ ៦៨ ​ម៉ែត្រ​ដែល​ត្រូវ​ប្រកាសអាសន្ន​។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​កម្លាំង​ ៤០០ ​មេហ្គាវ៉ាត់​ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា​គ្រោង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​​ ២៥ ​កញ្ញា​ខាង​មុខ​នេះ បន្ទាប់ពី​បិទ​សាកល្បង​មួយ​ខែ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ សីហា​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s