នគរបាល​ចាប់ផ្ដើម​ពិនិត្យ​ព័ត៌មាន​ហ្វេសប៊ុក​ មាន​និន្នាការ​ញុះញង់​បង្ក​អស្ថិរភាព

ប្រភព​ ៖ ភ្នំពេញបុស្តិ៍

មន្ត្រី​នគរបាល​ជាន់ខ្ពស់​ប្រមាណ​ ១០០ ​នាក់​បាន​ជួប​ប្រជុំ​កាលពី​ម្សិលមិញ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​បំណង​ដើម្បី​ដាក់​ចេញ​ពង្រឹង​វិធានការ​ជំនាញ​គ្រប់គ្រង​ និង​ក្ដាប់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម facebook គ្រប់​សមាសភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល ញុះញង់ បង្ក​រអស្ថិរភាព​ដល់​សង្គម និង​បង្កើត​ឲ្យ​មាន​ការ​ច្របូក​ច្របល់​ខាង​នយោបាយ​គ្រប់​រូបភាព​។

យោង​តាម​របាយការណ៍​បូក​សរុប​សភាពការណ៍ ការងារ​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ប្រចាំ​ឆមាស​ទី​ ១ និង​ទិសដៅ​ការងារ​ឆមាស​ទី​ ២ ​ឆ្នាំ​ ២០១៧ ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ (​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​) ​សំដៅ​រកឃើញ​ និង​ចាត់​វិធានការ​បន្សាប​ឥទ្ធិពល ឬ ​លុប​​បំបាត់​នូវ​ឧបាយកល​ញុះញង់​បំបែក​បំបាក់​សាមគ្គីភាព​ប្រជាជាតិ ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​សង្គម​ និង​បង្កើត​ឲ្យ​មាន​ភាព​​ច្របូកច្របល់​​ខាង​នយោបាយ​គ្រប់​រូបភាព​។

របាយការណ៍​ដដែល​នេះ​សរសេរ​​ថា​៖ «​ការងារ​សន្តិសុខ លើក​​កម្ពស់​គុណភាព​ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ពិសេស​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​បំពុល​បរិយាកាស​សន្តិសុខ​ក្នុង​ចេតនា​បង្ក​ចលាចល​សង្គម​។ ជាមួយ​នោះ​ត្រូវ​​ជំរុញ​ការ​គ្រប់គ្រង​មុខ​សញ្ញា​គោលដៅ​ដែល​មាន​និន្នាការ​​ប្រឆាំង​រាជរដ្ឋាភិបាល ដើម្បី​មាន​វិធាន​ការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ក្នុង​ករណី​ចាំបាច់​»​។

រាជរដ្ឋាភិបាល​នៅ​តែ​រក្សា​បាន​នូវ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​គ្រប់គ្រង​បាន​នូវ​ស្ថានការណ៍​សន្តិសុខ​ទូទៅ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​មក​បាន​ប្រព្រឹត្ត​ទៅ​គ្មាន​ការ​គំរាមកំហែង គ្មាន​អំពើ​ហិង្សា និង​ត្រូវ​បាន​សាធារណមតិ​ជាតិ អន្តរជាតិ​វាយ​តម្លៃ​ថា​មាន​លក្ខណៈ​ត្រឹមត្រូវ សេរី យុត្តិធម៌ មាន​តម្លាភាព​ និង​ទទួល​យក​បាន​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​គេ​បាន​កត់សម្គាល់​នូវ​ឧបាយកល សកម្មភាព​មួយ​ចំនួន​ដែល​បង្ក​ឡើង​និន្នាការ​អមិត្ត​ដែល​នៅ​តែ​បន្ត​ព្យាយាម​ប៉ុនប៉ង​បង្ក​ចលាចល​សង្គម ឬ​វាយប្រហារ មួលបង្កាច់ ដើម្បី​បំផុស​ចលនា​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល លេចធ្លោ​គឺ​សកម្មភាព​ប្រើប្រាស់​ព័ត៌មាន​បណ្ដាញ​សង្គម Facebook ​និង​សកម្មភាព​ញុះញង់​តាមរយៈ​ការ​ខ្វះខាត​របស់​អាជា្ញធរ​មូលដ្ឋាន ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​មួយ​ចំនួន​នៅ​តាម​សហគមន៍​។

របាយការណ៍​សរសេរ​ថា​៖ «​ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​រាំងខ្ទប់​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​តាមរយៈ​វិធានការ​នានា​ដែល​អគ្គស្នងការ​នគរបាលជាតិ​បាន​ដាក់​ចេញ និង​កិច្ចសហការ​ល្អ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ជាក់ស្ដែង​សកម្មភាព​បាតុកម្ម កូដកម្ម មួយ​ចំនួន​ត្រូវបាន​ការពារ និង​សម្របសម្រួល​ដោះស្រាយ ទោះបី​មាន​មួយ​ចំនួន​ក្រុម​ប្រឆាំង​បាន​ធ្វើ​សកម្មភាព​នៅ​ពី​ក្រោយ​ក៏ដោយ​។ ជនល្មើស​ម្នាក់​ដែល​ប្រើ facebook ជេរ​ប្រមាថ​ចោទ​រាជរដ្ឋាភិបាល​ក្នុង​រឿង​ឃាតកម្ម​លោក កែម ឡី ត្រូវ​បាន​ចាប់​ខ្លួន​»​។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ និង​អគ្គស្នងការរង​នគរបាលជាតិ​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បន្ទាប់ពី​កិច្ចប្រជុំ​ថា​បទល្មើស​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​​សង្គម​សម្រាប់​បំពុល​បរិយាកាស​សង្គម​ដែល​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ និង​ច្របូក​ច្របល់​មួយ​ចំនួន​។ ឧទាហរណ៍​ថ្មីៗ​នេះ​បង្ហោះ​រឿង​ចាប់​កូនក្មេង​ហើយ​គេ​បាន​ប្រើប្រាស់​ហ្វេសប៊ុក​បំផ្លើស​ ឬ​មួល​បង្កាច់​សភាព​ការ​ជេរប្រមាថ​រួម​ទាំង​ថ្នាក់​ដឹកនាំ​ផង​ដែរ​មាន​បទល្មើស​មួយ​ចំនួន​ទាក់ទង​សន្តិសុខ​ជាតិ បទល្មើស​ព្រហ្មទណ្ឌ និង​បទល្មើស​ផ្សេងៗ​ទៀត​។

លោក ច័ន្ទថារិទ្ធ ថ្លែង​ថា​៖ «​យើង​មិន​ទុទ្ទិដ្ឋិ​ពេក​ទេ​ ប៉ុន្តែ​ភារកិច្ច​នគរបាល​គឺ​ត្រូវ​តែ​រក្សា​សន្តិសុខ​សង្គម​មាន​ន័យ​ថា​កុំ​ឲ្យ​គេ​ប្រើ​អាហ្នឹង​ទៅ​ប្រព្រឹត្ត​បទល្មើស បំពុល​បរិយាកាស​ដែល​បង្ក​ឡើង​នូវ​អសន្តិសុខ ឬ​ក៏​ធ្វើ​បាប​ប្រជាពលរដ្ឋ អ៊ីចឹង​សំខាន់​បំផុត​នគរបាល​ជា​អ្នក​អនុវត្ត​ច្បាប់ អ៊ីចឹង​នគរបាល​ត្រូវ​មើល​​អ្វីៗ​ទាំង​អស់ និង​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់ បើ​ការ​ប្រើប្រាស់​ហ្នឹង​វា​ប៉ះពាល់​នយោបាយ​រួម​គឺ​បំពាន​ច្បាប់​ឲ្យ​តែ​បំពាន​ច្បាប់​នគរបាល​ចាត់ចែង​អនុវត្ត​»​។

លោក​បន្ត​ថ្លែង​ថា​៖ «​យើង​បង្កើន​សមត្ថភាព​នាយកដ្ឋាន​ជំនាញ​ជា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដោយសារ​នាយកដ្ឋាន​នេះ​ទើប​បង្កើត​តែ​ក៍​មាន​សមត្ថភាព​ល្អ យើង​ដាក់​ទិសដៅ​ពង្រឹង​លើ​សមត្ថភាព​នៅ​នាយកដ្ឋាន​នេះ​ និង​ពង្រឹង​សមត្ថភាព​ទៅ​ខាង​ក្រោម​ទៀត​ពង្រឹង​បណ្ដាញ​តាម​ស្នងការ​ និង​ចាត់ចែង​កម្លាំង​នេះ​ឲ្យ​តាមដាន​ព័ត៌មាន​អវិជ្ជមាន​ ឬ​ព័ត៌មាន​បំពាន​ច្បាប់​ដើម្បី​យើង​បញ្ជូន​ព័ត៌មាន​ឲ្យ​គ្នា​យើង​ស្រាវជ្រាវ​ និង​បង្ក្រាប​ទាន់​ពេល​យើង​មិន​គួរ​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​សង្គម​ និង​បំផ្លាញ​ជាតិ​ដែល​នាំ​មក​នូវ​អសន្តិសុខ​អ៊ីចឹង​មុន​យើង​បង្ហោះ​ព័ត៌មាន​ចេញ​ត្រូវ​តែ​គិត​»​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ពន្យល់​ថា​កងកម្លាំង​នគរបាល​ជាតិ​មិន​អវិជ្ជមាន​ពេក​ទេ​ក្នុង​រឿង​នេះ​។

លោក អំ សំអាត ថ្លែង​ថា​៖ «​យើង​ធ្វើការ​ដោយ​គោរព​ច្បាប់ គោរព​បទដ្ឋាន​អន្តរជាតិ គោរព​គោលការណ៍ សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​អន្តរជាតិ យើង​មិន​មាន​អ្វី​នឹង​បារម្ភ​ទេ​ពាក់ព័ន្ធ​ និង​ការ​ត្រួតពិនិត្យ​បញ្ហា​យើង​​ត្រូវ​ពិចារណា យើង​មាន​ច្បាប់​ច្រើន​ណាស់ បើ​សិន​អង្គការ​ណា​ខុស​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​មិន​មាន​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​នៅ​លើ​ច្បាប់​ទេ​»​។

លោក​ យឹម សុវណ្ណ ​និង​លោក អេង ឆៃអ៊ាង អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ចំពោះ​វិធានការ​របស់​នគរបាល​បាន​ទេ​កាលពី​ម្សិលមិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s