អ្នក​រាយការណ៍​ពី​ការ​រំលោភ​យក​ដី​រដ្ឋ​ ត្រូវ​គេ​គំរាម​សម្លាប់

ប្រភព ៖ ភ្នំពេញបុស្តិ៍

សកម្មជន​ព្រៃឈើ​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ត្រូវ​បាន​គេ​គំរាម​សម្លាប់ បន្ទាប់ពី​ចុះ​ទប់ស្កាត់​បទល្មើស​ហើយ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ឲ្យ​ឃាត់​ខ្លួន​មនុស្ស​ ២ ​នាក់ និង​ដកហូត​គ្រឿងចក្រ​ ១ ​គ្រឿង​ពេល​កំពុង​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់​តែ​មន្ត្រី​ថា​អ្នក​ទាំង​ ២ ​បាន​គេច​ខ្លួន​បាត់​​ដែល​រឹត​តែ​បង្ក​ក្ដីបារម្ភ​ថែម​ទៀត​ដល់​អ្នក​រាយការណ៍​។

កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​កម្លាំង​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់​បាន​ឃាត់​ខ្លួន​អ្នក​បើក​គ្រឿងចក្រ​ម្នាក់​ឈ្មួញ​ដី​ម្នាក់ និង​ដកហូត​គ្រឿងចក្រ​មួយ​គ្រឿង​នៅ​ពេល​ពួកគេ​កំពុង​ឈូសឆាយ​ដី​ព្រៃ​រដ្ឋ​មួយ​កន្លែង​ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង​។

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សកម្មជន​ព្រៃឈើ​ជនជាតិ​ដើម​ភាគតិច​កួយ លោក អ៊ុក ម៉ៅ និង​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​រាយការណ៍​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ អ៊ុក ម៉ៅ អាយុ​ ៥៣ ​ឆ្នាំ​បាន​អះអាង​ថា​បន្ទាប់ពី​រាយការណ៍​ដែល​នាំ​ឲ្យ​មាន​ការ​ចុះ​បង្ក្រាប​នោះ​មក​មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​មក​គំរាម​សម្លាប់​លោក​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ៧ និង​ ៣០ ​នាទី​យប់​ថ្ងៃ​សៅរ៍​។

លោក​បាន​ព្យាយាម​តេ​ទៅ​តាម​លេខ​ទូរស័ព្ទ​នោះ​វិញ តែ​ទូរស័ព្ទ​មិន​ដំណើរការ​។

លោក​ ម៉ៅ ​បាន​អះអាង​ថា​៖ «​គេ​ខឹង​ថា​ខ្ញុំ​រាយការណ៍​ប្រាប់​មេឃុំ ស្រុក​ឲ្យ​ចាប់​អាអ៊ិច​គេ​។ យប់​ឡើង​គេ​ទូរស័ព្ទ​មក​គំរាម​ថា​ក្បាល​អ្ហែង​មិន​យូរ​ទេ​តិច​ទៀត​ធ្លាក់​ពី​លើ​ស្មា​ហើយ​។ អ្ហែង​ខ្លាំង​អី​បាន​ប្តឹង​ឲ្យ​ចាប់​គ្រឿងចក្រ​។ អញ​ស្គាល់​ផ្ទះ​អ្ហែង​ហើយ​»​។

លោក​បាន​បន្ត​​ថា​ម្ចាស់​ដី​នោះ​ឈ្មោះ ស៊ីម លាភ ដែល​ជា​អ្នក​មាន​ដី​ក្នុង​តំបន់​នោះ​ជាច្រើន​ហិកតា​ហើយ​បាន​ព្យាយាម​ឈូសឆាយ​ពង្រីក​ទន្ទ្រាន​យក​ដី​ព្រៃ​រដ្ឋ​ខុស​ច្បាប់​បន្ថែម​ទៀត​។

ការ​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​នាពេល​កន្លង​មក​បាន​ធ្វើ​ជនល្មើស​មិន​សប្បាយ​ចិត្ត​នឹង​លោក អ៊ុក ម៉ៅ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ធ្លាប់​បាន​ហៅ​លោក​ទៅ​សួរ​ពី​រឿង​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត​ពី​រឿង​បទល្មើស​ផង​ដែរ​។

ការ​គំរាម​ចុងក្រោយ​នោះ​បាន​ធ្វើ​ឲ្យ​លោក​ អ៊ុក ម៉ៅ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ហើយ​កំពុង​ស្វែងរក​កិច្ចអន្តរាគមន៍​ពី​មន្ត្រី​ប៉ុស្តិ៍​សំអាង និង​អង្គការ​អាដហុក​ខេត្ត​ផង​ដែរ​។

លោក​ ថោង ស្រាន់ អភិបាលស្រុក​ថាឡាបរិវ៉ាត់​មិន​បាន​ដឹង​ពី​រឿង​គំរាម​សម្លាប់​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា​កម្លាំង​អាជ្ញាធរ​បាន​ឃាត់​តៃកុង​ម្នាក់ និង​ម្ចាស់​គ្រឿងចក្រ​ម្នាក់​ហើយ​បាន​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​តែ​លោក​ថា មិន​បាន​ចាំ​ឈ្មោះ​ពួកគេ​ទេ​។

លោក​ថា​ការ​ឈូសឆាយ​នោះ​ទើប​តែ​បាន​ជាង​ ១ ​ហិកតា​ដើម្បី​ពង្រីក​បន្ថែម​ពី​ដី​ចាស់​ដែល​មាន​ដំណាំ​រួច​ហើយ​។

លោក​អភិបាល​បាន​បញ្ជាក់​ថា​៖ «​ឈូស​អត់​មាន​ច្បាប់​ទេ​គឺ​វា​ចូល​មក​បែប​អនាធិបតេយ្យ​តែ​ម្តង​។ គាត់​លួច​ធ្វើ​ [​ឈូស​] តែ​ក្រោយ​ពី​ទទួល​បាន​​ព័ត៌មាន យើង​ក៏​អនុវត្ត​ច្បាប់​ទៅ​»​។

លោក មាស សុផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ថ្លែង​យ៉ាង​ខ្លី​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពុង​ដំណើរការ​រឿង​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​។

ទោះ​យ៉ាង​ណា​លោក​ លៀង សេង ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​តែ​គ្រឿងចក្រ​ ១ ​គ្រឿង​ប៉ុណ្ណោះ​ត្រូវ​បាន​រឹបអូស​ទៅ​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​តែ​មនុស្ស​បាន​រត់​បាត់​អស់​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​គេ​រត់ចោល​គ្រឿងចក្រ​អស់​ហើយ​។ ​យើង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី​។ គេ​កំពុង​តែ​កសាង​សំណុំ​រឿង​»​។

លោក​ ហូ សំអុល ​អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​យល់​ឃើញ​ថា​ប្រសិន​បើ​មាន​ការ​ដោះលែង​អ្នក​ពាក់ព័ន្ធ​នោះ​វា​ជា​ភាព​មិន​ប្រក្រតី និង​បង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ​នៃ​ការ​អនុវត្ត​ច្បាប់ ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដ៏ច្បាស់លាស់​មួយ​ពី​ថ្នាក់​លើ​។

លោក​ថា​៖ «​រឿង​ដឹក​ឈើ​ជាដើម​គឺ​ភាគច្រើន​ឃាត់​បាន​តែ​វត្ថុតាង​ទេ​។ ដោយឡែក​ឧក្រិដ្ឋជន អ្នក​បើកបរ​ហ្នឹង​មិន​សូវ​ចាប់​បាន​ប៉ុន្មាន​ទេ​។ នេះ​ជា​ហេតុ​មួយ​ធ្វើឲ្យ​ជន​ខិលខូច​មិន​សូវ​ខ្លាច និង​ធ្វើឲ្យ​ច្បាប់​ទន់ជ្រាយ​»​។

លោក​ សំអុល ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដល់​លោក អ៊ុក ម៉ៅ ​ផង​ដែរ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​គាត់​ដែល​តែង​ការពារ​ព្រៃឈើ​ទៅ​​តាម​អនុសាសន៍​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​បើ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ទេ​នោះ​វា​គឺ​ជា​ការ​បំបាក់​ទឹកចិត្ត​ចំពោះ​លោក អ៊ុក ម៉ៅ ទៅ​វិញ​។

លោក​ថា​ការ​គំរាម​សម្លាប់​នោះ​គឺជា​ការ​ប្រមាថ​អាយុជីវិត​ដ៏ធ្ងន់ធ្ងរ​ដែល​ជា​ទោស​ព្រហ្មទណ្ឌ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s