ភាគី​ពាក់ព័ន្ធ​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ជន​ពិការ​ឲ្យ​បាន​ច្រើន

ប្រភព ៖ RFA

មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជន​ពិការ​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ដើម្បី​ពិភាក្សា​អំពី​បរិស្ថាន​ការងារ​សម្រាប់​ជន​ពិការ និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ។ ជន​ពិការ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន។

អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក កែវ បូរេន្ទ្រ ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​សិទ្ធិ​ជន​ពិការ ដើម្បី​ត្រួត​ពិនិត្យ តាមដាន និង​ជំរុញ​សកម្មភាព​ការងារ​របស់​មូលនិធិ​ជន​ពិការ សំដៅ​បង្កើន​ការ​កៀរគរ​ធនធាន​ដើម្បី​ជួយ​ដល់​ជន​ពិការ៖ «ក្រសួង​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ណា​ដែល​មិន​អាច​ទទួល​ជន​ពិការ​ធ្វើ​ការ​នៅ​កន្លែង​របស់​ខ្លួន​បាន​ទេ ត្រូវ​បង់​វិភាគទាន​ទៅ​មូលនិធិ​ជន​ពិការ»

លោក​បញ្ជាក់​ថា តាម​ការ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ​២០១៤ កម្ពុជា មាន​អត្រា​ពិការភាព​ប្រហែល ៤​ភាគរយ ឬ​ប្រហែល​ជា​ជាង​កន្លះ​លាន​នាក់ (៥២៤.០០០​នាក់) នៃ​ចំនួន​ប្រជាជន​សរុប។ ហើយ​នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ ជន​ពិការ​ដែល​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​មាន​ជាង ៣​ពាន់​នាក់ (៣.៥២៩​នាក់) និង​ឯកជន​មាន​ជាង ២​ពាន់​នាក់ (២.០៧២​នាក់) សរុប​ទាំង​រដ្ឋ និង​ឯកជន​មាន​ជាង ៥​ពាន់​នាក់ (៥.៦០១​នាក់)។

តួលេខ​នេះ​បង្ហាញ​ថា ប្រហែល​ជា ១​ភាគរយ​ប៉ុណ្ណោះ​នៃ​ជន​ពិការ​ដែល​មាន​ឱកាស​ទទួល​បាន​ការងារ​ធ្វើ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន យល់​ឃើញ​ថា នេះ​ជា​ចំនួន​ទាប​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល គឺ​ស្ថាប័ន​រដ្ឋ​ដែល​មាន​មន្ត្រី​ចាប់​ពី ៥០​នាក់​ឡើង​ទៅ ត្រូវ​មាន​ជន​ពិការ ២​ភាគរយ និង​វិស័យ​ឯកជន​ដែល​មាន​កម្មករ​និយោជិត ១០០​នាក់​ឡើង​ទៅ ត្រូវ​មាន​ជន​ពិការ ១​ភាគរយ។

លោក ងិន សៅរ័ត្ន សង្កេត​ឃើញ​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ជន​ពិការ ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​សមស្រប។ នោះ គឺ​ជា​បញ្ហា​សមត្ថភាព​ការងារ​របស់​ជន​ពិការ​ខ្លួន​ឯង កង្វះ​ការ​ផ្តល់​ឱកាស​ពី​វិស័យ​ឯកជន និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​កន្លែង​ការងារ​មិន​អំណោយ​ផល​សម្រាប់​ជន​ពិការ៖ «ជន​ពិការ​អាច​ធ្វើ​ការងារ​បាន ក៏​ដោយសារ​គាត់​មាន​ឱកាស​គ្រប់គ្រាន់ តែ​ការ​បើក​ឱកាស​ក្នុង​វិស័យ​ឯកជន​ហាក់​ដូចជា​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​វិស័យ​ឯកជន​មាន​រាប់​ម៉ឺន​នាក់ មាន​តែ ២ ឬ ៣​ស្ថាប័ន​ដែល​បាន​ផ្តល់​ឱកាស​ដល់​ជន​ពិការ។ ដូច្នេះ យើង​ទាមទារ​ឲ្យ​មាន​ការ​គោរព​អនុក្រឹត្យ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ពី​វិស័យ​ឯកជន ហើយ​រដ្ឋ​យើង​ធ្វើ​យ៉ាង​ម៉េច​ត្រូវ​តែ​បំពេញ​ឲ្យ​បាន ២​ភាគរយ ជា​គំរូ​ដល់​ស្ថាប័ន​ឯកជន»

ជន​ពិការ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា កញ្ញា​ធ្លាប់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​ការ​នោះ​ទេ ដោយសារ​និយោជក​ឃើញ​កញ្ញា​ជា​ជន​ពិការ និង​គិត​ថា​មិន​មាន​សមត្ថភាព​ធ្វើ​ការ។ កញ្ញា​បញ្ជាក់​ថា មិន​ចង់​ឃើញ​ជន​ពិការ​ដទៃ​ទៀត​ត្រូវ​រើសអើង​បែប​នេះ​ឡើយ ហើយ​កញ្ញា​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន ផ្ដល់​ឱកាស​ស្មើ​គ្នា​ដល់​ជន​ពិការ​ដូច​មនុស្ស​ធម្មតា​ដែរ៖ «ខ្ញុំ​ទៅ​លក់ដូរ​នៅ​តាម​រោងចក្រ។ ខ្ញុំ​ឃើញ​ជន​ពិការ​ជើង គេ​ទទួល​ឲ្យ​ធ្វើ​ការ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដែល​គេ​លើក​ទឹក​ចិត្ត យក​អ្នក​ពិការ​ធ្វើ​ការ។ អ្នក​ពិការ​មាន​សមត្ថភាព​ធ្វើ​ការ​ដូច​អ្នក​ដទៃ​ដែរ»

បើ​ទោះ​បី​ជា​ស្ថាប័ន​ឯកជន​ជាច្រើន​ហាក់​មើល​រំលង​ជន​ពិការ​ក្តី ក៏​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ផ្តល់​ឱកាស​ដល់​ជន​ពិការ​ដែរ ដោយសារ​ពួក​គេ​អាណិតអាសូរ​ដល់​ជន​ពិការ និង​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​ជន​ពិការ។

ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​នៃ​ធនាគារ​អេស៊ីលីដា (Acleda) លោក រស់ សេរីសោភា ថ្លែង​ថា ការ​ជ្រើសរើស​បុគ្គលិក​ឲ្យ​ចូល​បម្រើ​ការ​ក្នុង​គ្រឹះស្ថាន​របស់​លោក គឺ​អាស្រ័យ​លើ​កត្តា​សមត្ថភាព មិន​មាន​ការ​រើសអើង​ជន​ពិការ​នោះ​ទេ។ លោក​ថា ជាង ១០​ភាគរយ​នៃ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា គឺ​ជា​ជន​ពិការ ហើយ​ពួក​គេ​មាន​សមត្ថភាព និង​ជំនាញ​ការងារ​ដូច​មនុស្ស​មិន​ពិការ​ដែរ៖ «ការ​ធ្វើ​តេស្ដ​ប្រឡង គឺ​យើង​ប្រឡង​ពាក់ព័ន្ធ​នឹង​វិញ្ញាសា​ចំណេះ​ដឹង អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ពិការភាព​នេះ គឺ​យើង​អត់​មាន​និយាយ​ទេ»

ចំណែក​ឯ​អ្នកស្រី អ៊ុង វណ្ណា ដែល​ជា​ប្រធាន​សិប្បកម្ម​មួយ​ឈ្មោះ វ៉ត-ម្រុំ​ខ្មែរ​ធម្មជាតិ វិញ បញ្ជាក់​ថា ក្នុង​ចំណោម​បុគ្គលិក​ទាំង ៣០​នាក់​នៃ​សិប្បកម្ម​របស់​អ្នកស្រី មាន ៦​នាក់​គឺ​ជា​ជន​ពិការ។ មូលហេតុ​ដែល​អ្នកស្រី​ផ្តល់​ឱកាស​ច្រើន​ដល់​ជន​ពិការ​នេះ គឺ​ដោយសារ​អ្នកស្រី​មាន​កូន​ប្រុស​ម្នាក់​ជា​ជន​ពិការ ដូច្នេះ​អ្នកស្រី​យល់​ពី​ស្ថានភាព​ពិត​របស់​ជន​ពិការ៖ «ជា​សំណូមពរ ខ្ញុំ​ក៏​ស្នើ និង​ទទូច​ដល់​សិប្បកម្ម និង​មុខ​របរ​ឯកជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​មាន​លទ្ធភាព​ជួយ​ផ្តល់​ការងារ​ដល់​ជន​ពិការ សូម​មេត្តា​សហការ​គ្នា​ជួយ»

អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​មាន ៣​ប្រភេទ គឺ​ជន​ពិការ​ភ្នែក​ទាំង​សងខាង ជន​ពិការ​គ​ថ្លង់ និង​ជន​ពិការ​ផ្នែក​សតិ​ស្មារតី។ អង្គការ​មួយ​នេះ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់​ការ​បណ្តុះបណ្តាល​ឲ្យ​បាន​ទូលំទូលាយ​ដល់​ក្រុម​ជន​ពិការ​ទាំងនេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឱកាស​ផ្លាស់ប្ដូរ​ជីវិត​តាម​រយៈ​ចំណេះ​ដឹង និង​ជំនាញ​ដែល​ខ្លួន​មាន៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s