រដ្ឋមន្ត្រី​បង្ហាញ​ចំណុច​ខ្វះខាត​ ក្នុង​ការ​ពន្យល់​ពី​គម្រោង​ផ្លូវ​រថភ្លើង​ថ្មី

ប្រភព ៖ ភ្នំពេញបុស្តិ៍

រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​ចំពោះ​ការ​មិន​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ក្រោយ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន Royal Railway​សង់​ផ្លូវ​រថភ្លើង​ថ្មី​ចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​រហូត​មាន​ការ​តវ៉ា​ដុត​កង់​រថយន្ត​ជំទាស់​នឹង​គម្រោង​នេះ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​សម្ភារ​បរិក្ខារ​គ្រឿងចក្រ​ពី​ក្រុមហ៊ុន​វិនិយោគ​ដឹកជញ្ជូន​ហឺណាន​របស់​ចិន​នៅ​មូលដ្ឋាន​ស្ថាបនា​ផ្លូវ​ថ្នល់​ (​អូរដឹម​) កាលពី​ថ្ងៃ​ទី​ ២១ ​ខែ​កក្កដា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​វា​គឺជា​កំហុស​ឆ្គង​មួយ​ដែល​មិន​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់​ពី​គម្រោង​ និង​ផលប៉ះពាល់​នេះ ខណៈ​កំពុង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាត់​ចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រវែង​ជាង​ ១ ​គីឡូម៉ែត្រ​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ផ្លូវដែក​នេះ​គឺ​ធ្វើ​ឡើង​តាម​ផ្លូវ​ដែល​មាន​ស្រាប់​ហើយ​មិន​ប៉ះពាល់​ដល់​លំនៅឋាន​ពលរដ្ឋ​ទេ ហើយ​ក៏​មិន​បង្ក​សំឡេង​រំខាន​ដែរ​។ ​

លោក​បាន​អំពាវនាវ​កុំ​ឲ្យ​បារម្ភ​ចំពោះ​ការ​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ធុន​ស្រាល​នេះ​ព្រោះ​មិន​ប៉ះពាល់​ដល់​ផ្ទះ​ពួកគាត់​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​អំឡុង​ពេល​សាងសង់​នេះ​ពលរដ្ឋ​បាន​តវ៉ា​ដុត​កង់ឡាន ហើយ​ម្នាក់ៗ​ត្អូញត្អែរ​ថា​យើង​ធ្វើ​ផ្លូវ​រថភ្លើង អ៊ីចឹង​បាន​ផ្លូវ​ពី​ណា​ដើរ​? ​ខ្ញុំ​ថា​ ការពិត​មិនមែន​ទេ ផ្លូវ​ឡាន​នៅ​តែ​ជា​ផ្លូវ​ឡាន​ដដែល​គេ​គ្រាន់តែ​បង្កប់​ផ្លូវដែក​ក្នុង​ផ្លូវ​ថ្នល់​ហ្នឹង​ទេ អត់​មាន​រុះរើ​ផ្ទះ​ពលរដ្ឋ​ទេ​គឺ​យើង​ធ្វើ​លើ​ផ្លូវ​​មាន​ស្រាប់​។ ដូច្នេះ វា​មិន​មាន​អ្វី​ដែល​ត្រូវ​ដេញ​គាត់​ចេញ​ទេ​»​។

លោក ម៉េង គ្រុយ និង​លោក អែម សារ៉េត ជា​អ្នក​ភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​រហូត​មក​ទល់​ពេល​នេះ​ពលរដ្ឋ​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​មក​ពន្យល់​ពី​គម្រោង​នេះ​នៅ​ឡើយ​ទេ​។

លោក​ថា ​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​សាងសង់​ដោយ​មិន​បាន​ពន្យល់​ពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​គម្រោង​នេះ​ទេ​ពលរដ្ឋ​នៅ​តែ​មិន​ពេញ​ចិត្ត​ និង​នាំ​គ្នា​តវ៉ា​ជំទាស់​មិន​ឲ្យ​បន្ត​ការ​សាងសង់​ទៀត​ឡើយ​។

លោក​ គ្រុយ ​ថា​៖ «​ខ្ញុំ​មិន​មាន​សិទ្ធិ​អ្វី​ហាមឃាត់​នឹង​ការ​អភិវឌ្ឍ​ទេ ប៉ុន្ដែ​ក្រុមហ៊ុន​ត្រូវ​តែ​សិក្សា​ពី​ផលប៉ះពាល់​ជា​មុន​សិន​ដោយ​ជួយ​ពន្យល់​ពី​ហេតុផល​ឲ្យ​បាន​ច្បាស់ មិនមែន​មក​ស្ងាត់ៗ​ចាប់​ធ្វើ​ភ្លាមៗ​អ៊ីចឹង​ទេ​»​។

លោក ឃឹម ចាន់វណ្ណៈ ចៅសង្កាត់​កាកាប​ថ្មី​ដែល​ទើប​ជាប់​ឆ្នោត​បាន​ឲ្យ​ដឹង​ថា​លោក​ក៏​មិន​បាន​ទទួល​ដំណឹង​ពី​ក្រុមហ៊ុន​ដែរ​ក្នុង​ការ​ចុះ​មក​ពន្យល់​ពលរដ្ឋ​នោះ​។

លោក​ថា​៖ «​ខ្ញុំ​បាន​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​ដែរ ប៉ុន្ដែ​ទូរស័ព្ទ​មិន​ចូល​សោះ អ៊ីចឹង​ខ្ញុំ​ក៏​បាន​ធ្វើ​របាយការណ៍​មួយ​ទៅ​ឲ្យ​ខាង​ខណ្ឌ​ជួយ​ទាក់ទង​ទៅ​ក្រុមហ៊ុន​សួរ​នាំ​ពី​បញ្ហា​ទាំង​នេះ​»​។

លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ទី​ ២១ ខែ​កក្កដា​លោក​បាន​ប្រជុំ​ជាមួយ​សាលាក្រុង​រួច​ហើយ ប៉ុន្ដែ​ការ​សម្រេច​យ៉ាង​ណា​អាស្រ័យ​លើ​អាជ្ញាធរ​ក្រុង​។

លោក​បញ្ជាក់​ថា​៖ «​យើង​កំពុង​រៀបចំ​ព័ត៌មាន​ហ្នឹង​ហើយ យើង​បាន​ឲ្យ​ការដ្ឋាន​នោះ​ផ្អាក​សិន ហើយ​យើង​នឹង​រក​ពេល​ណាត់​ជួប​ពលរដ្ឋ​»​។

ចំណែក​លោក ម៉េត មាសភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​ប្រជុំ​សាលា​រាជធានី​បាន​សម្រេច​ផ្អាក​ការដ្ឋាន​បណ្ដោះអាសន្ន និង​កំណត់​ពេល​ជាក់លាក់​ណា​មួយ​ដើម្បី​អញ្ជើញ​ពលរដ្ឋ​ដែល​មាន​ការ​ព្រួយបារម្ភ​នឹង​គម្រោង​នេះ​មក​ស្ដាប់​ការ​ពន្យល់​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​សម្រេច​ប្រាប់​ការដ្ឋាន​ឲ្យ​ផ្អាក​ការ​សាងសង់​មួយរយៈ​សិន​ដោយ​រង់ចាំ​ការ​ដោះស្រាយ​ និង​អញ្ជើញ​ពលរដ្ឋ​មក​ជជែក​គ្នា អំពី​គម្រោង​នៃ​ការ​សាងសង់​ និង​មិន​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ព្រួយបារម្ភ​នោះ​ទេ​»​។

លោក John Guiry នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ នឹង​បើក​ដំណើរការ​ផ្លូវ​ដែក​រត់​ក្នុង​ចន្លោះ​រវាង ២៤ ​និង​ ២៥ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​នឹង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១០៥ នៅ​ឆ្នាំ​ ២០១៨ ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គម្រោង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពលរដ្ឋ​ និង​ហាង​ ឬ​ទីផ្សារ​របស់​អ្នក​ណា​ម្នាក់​ឡើយ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s