ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​កំពត​ស្នើ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទម្លាក់​បទ​ចោទ

ប្រភព ៖ RFA

ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន និង​ក្រុមហ៊ុន​របស់​លោកស្រី ចាន់ សុធា ស្នើ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ទាំង ៧​នាក់ ដែល​រស់​នៅ​ភូមិ​តេជោពង្រក ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក។

​ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ភូមិ​តេជោពង្រក នៃ​ឃុំ​តេជោអភិវឌ្ឍន៍ លោស្រី ឡែន សូនីត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា ស្វាមី​របស់​លោកស្រី និង​អ្នក​ភូមិ​ចំនួន ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ​ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នេះ។

ស្ត្រី​វ័យ ៣៤​ឆ្នាំ​រូប​នេះ ចាត់​ទុក​ដីកា​កោះ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ថា​ជា​បន្ទុក​ថ្មី​លើ​គ្រួសារ​លោកស្រី​បន្ថែម​ពី​ការ​រំលោភ​បំពាន​ដី​ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សូ ងួន និង​ក្រុមហ៊ុន​របស់​អ្នកស្រី ចាន់ សុធា។ ក្រោយ​ទទួល​បាន​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ ពី​បទ​ញុះញង់​នោះ ស្វាមី​របស់​លោកស្រី​ដេក​ភ័យ​រាល់​ពេល និង​មិន​ហ៊ាន​ដើរ​ទៅ​ណា​មក​ណា​នោះ​ទេ សូម្បី​និយាយ​ស្ដី​ជាមួយ​អ្នក​សារព័ត៌មាន។

លោកស្រី ឡែន សូនីត៖ «ប្ដី​ខ្ញុំ​អត់​ចេះ​អត់​អី​ផង (អត់​ចេះ​អក្សរ) គេ​ហៅ​ទៅ ភ័យ​ចង់​ងាប់​ហើយ ដេក​អត់​លក់។ …គេ​ថា បើ​គេ​ឲ្យ​ដីកា​អ៊ីចឹង​ហើយ យើង​អត់​ទៅ គេ​ចាប់​ចង​ដាក់​ពន្ធនាគារ​អី​ទៀត ដំណើរ​គេ​ឲ្យ​យើង​ទៅ​ផ្ដិត​មេដៃ​ប្រគល់​ឲ្យ​ដី​ទៅ​គេ​តែម្ដង»

អ្នក​ភូមិ​តេជោពង្រក អះអាង​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​មាន​ជាង ២០០​គ្រួសារ ហើយ​មាន​គ្រួសារ​ខ្លះ​គឺ​ជា​ជន​ពិការ។ ពលរដ្ឋ​អះអាង​ថា ពួកគេ​បាន​ចូល​ទៅ​កាប់​រាន​ដី​នៅ​ទី​នោះ តាំង​ពី​អំឡុង​ឆ្នាំ​២០០០ ហើយ​នៅ​ឆ្នាំ​២០០៤ ក្រុមហ៊ុន​របស់​ឧកញ៉ា​បាន​បញ្ជូន​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំ​អ្នកភូមិ​ជា​បន្តបន្ទាប់។

​អ្នក​ភូមិ​តេជោពង្រក អះអាង​ថា ម្ដងម្កាល​ពួកគេ​តែង​រង​ការ​គំរាម​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​ភូមិ​ឃុំ​ថា នឹង​ចាប់ចង​ពួកគេ ព្រោះ​តែ​ទៅ​រស់​នៅ​​អនាធិបតេយ្យ​លើ​ដី​របស់​ឧកញ៉ា។ អ្នក​ភូមិ​អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​បាន​គំរាម និង​រំលោភ​យក​ពី​អ្នក​ភូមិ​រាប់ពាន់​ហិកតារ មិន​ត្រូវ​បាន​ក្រុមហ៊ុន​ដាំ​ដំណាំ​នោះ​ទេ ដោយ​ក្រុមហ៊ុន​គ្រាន់តែ​ធ្វើ​របង​ព័ន្ធ​ដី​រាប់ពាន់​ហិកតារ​នោះ​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា សូ ងួន និង​អ្នកស្រី ចាន់ សុធា ក៏​មិន​ខុស​ពី​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ឈ្មួញ​ដី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង នៃ​ស្រុក​ឈូក ដែរ ដោយ​សុទ្ធតែ​អះអាង​ថា ពួកគេ​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​នៅ​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត ថា​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ​បាន​នោះ​ទេ ដោយ​ពួកគេ​សំអាង​ថា អាជ្ញាធរ​ទាំង​ស៊ីវិល និង​កងកម្លាំង បាន​ជ្រោមជ្រែង​ជួយ​ខាង​ឧកញ៉ា​ក្នុង​ការ​រំលោភ​យក​ដី​ពលរដ្ឋ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​លោក សូ ងួន និង​អ្នកស្រី ចាន់ សុធា បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ចំណែក​អភិបាល​ស្រុក​ឈូក លោក ខៀវ ឫទ្ធីភណ្ឌ បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​មិន​បកស្រាយ​អ្វី​ទេ នៅ​ពេល​សួរ​អំពី​បញ្ហា​ជម្លោះ​ដីធ្លី​នេះ។ ទាក់ទង​ការ​ចោទ​របស់​ពលរដ្ឋ​ថា អាជ្ញាធរ​នៅ​ខេត្ត​កំពត ខ្លាច​អំណាច​ឧកញ៉ា និង​ឈ្មួញ​ទិញ​ដី​អភិបាលរង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា ធ្លាប់​បំភ្លឺ​ថា អាជ្ញាធរ​មាន​ភារកិច្ច​របស់​អាជ្ញាធរ ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ខ្លាច​ឈ្មួញ​នោះ​ទេ។

មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ស្នើ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ជៀសវាង​រង​ការ​ចោទ​ប្រកាន់​លើ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ ឬ​ការ​ចោទ​ថា អ្នក​មាន​អំណាច​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​លើ​ពលរដ្ឋ។

លោក ហេង ភារៈ៖ «បើសិនជា​រក​ឃើញ​ថា ការ​ឆ្វៀល​ដី​របស់​ក្រុមហ៊ុន​ហ្នឹង​មិន​ទាន់​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​ទេ អ៊ីចឹង​លោក​ទាំង​អស់​ហ្នឹង (ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង) គួរ​តែ​ទម្លាក់​ចោល​បទ​ចោទ ទុក​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ក្នុង​ការ​តវ៉ា​ទាមទារ​ដី​ដោយ​យុត្តិធម៌»

សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ខេត្ត​កំពត ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ហាក់​អូស​បន្លាយ​រាប់​ឆ្នាំ​មក​ហើយ ដែល​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​បាន​អស់​ជំនឿ​លើ​អាជ្ញាធរ។ ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​ឈូក បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លូកដៃ​អន្តរាគមន៍​ជួយ​ពលរដ្ឋ។ ពួកគេ​ចាត់​ទុក​ការ​អន្តរាគមន៍​របស់​មន្ត្រី​នៅ​ថ្នាក់​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី​ថា ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​ពួកគេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s