កិច្ចសន្យា​លក់​ឈើ​ក្នុង​ជម្រក​សត្វព្រៃ​ឲ្យ​វៀតណាម ​បែកធ្លាយ

ប្រភព ៖ ភ្នំពេញបុស្តិ៍

​កិច្ចសន្យា​លក់​ឈើ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ឈើ​យ៉ាង​តិច ៥០០ ដើម​ក្នុង​តម្លៃ​ត្រឹមតែ​ ១៥ ០០០ ដុល្លារ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទៅ​ឲ្យ​វៀតណាម​នោះ​ត្រូវ​បាន​បែកធ្លាយ​នៅ​សប្តាហ៍​នេះ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បទល្មើស​លក់​ឈើ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ចំនួន​​ ៣០ ​ម៉ឺន​ម៉ែត្រគុប តម្លៃ​រាប់លាន​ដុល្លារ​ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) នៅ​ប្រទេស​អង់គ្លេស​បាន​រកឃើញ​នាពេល​ថ្មីៗ​នេះ​។

ការ​បែកធ្លាយ​ឯកសារ​នេះ​បាន​កើតឡើង​ជាង​ ២ ​ខែ​ក្រោយ​ពី​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​បាន​ចេញ​របាយការណ៍​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​រវាង​មន្ត្រី និង​ឈ្មួញ​ឈើ​វៀតណាម និង​កម្ពុជា​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ស្រែ​ពក ឧទ្យាន​ជាតិ​វីរជ័យ​ និង​អូរយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី​។

កិច្ចសន្យា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​គឺ​ធ្វើ​ឡើង​រវាង​អ្នក​ប្រមូល​ទិញ​ឈើ​ឲ្យ​វៀតណាម​ឈ្មោះ ម្រិច ធើម និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន លោក​ ខាំ ផសាវ៉ាត មេភូមិ​សមុទ្រ​ក្រោម​, អនុភូមិ លោក ប៊ុន ធានសឿន រួម​នឹង​គណៈកម្មការ​សហគមន៍ លោក ថាន់ ម្ហើល និង​លោក​ ខាំ ម៉ាសាក​។

យោង​តាម​កិច្ចសន្យា​ដែល​មាន​ស្នាម​មេដៃ​មនុស្ស​ទាំង​ ៥ ​រូប​ខាង​លើ​នោះ​បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ទិញ​លក់​ឈើ​ចំនួន​ពីរ​ភ្នំ​គឺ​ភ្នំ​ម៉ាហាត​ និង​ភ្នំអាត​ដែល​ស្ថិត​ក្នុង​ព្រៃ​សហគមន៍ និង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ក្នុង​ស្រុក​លំផាត់​ក្នុង​តម្លៃ​ទឹកប្រាក់ ១៥០០០ ដុល្លារ​កាលពី​ថ្ងៃ​ទី​ ១០ ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ​។

លោក​ ថាន់ ម្ហើល បាន​ទទួល​ស្គាល់​ពី​ការ​លក់​ឈើ​នោះ​មែន​ដែល​ការ​លក់​នោះ​គឺ​មាន​ការ​យល់ព្រម​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​ចំនួន ២៤៤ គ្រួសារ​។

លោក​ ម្ហើល ​អះអាង​ថា​ទឹកប្រាក់​ចំនួន​ ៧០០០ ដុល្លារ​ត្រូវ​បាន​យក​ទៅ​សាងសង់​រោង​ប្រជុំ​ភូមិ​មួយ​ទំហំ ៩ ​គុណ ១០ ​ម៉ែត្រ​ចាក់​សាប​ប្រក់​ស័ង្កសី និង​ចែក​ឲ្យ​សហគមន៍​ ១ ​គ្រួសារ ១០៥០០០ រៀល​។ លើស​ពី​នោះ​ចាស់ទុំ​ភូមិ និង​ស្ត្រី​មេម៉ាយ​ក៏​ទទួល​បាន​ទឹកប្រាក់​បន្ថែម​ម្នាក់​ ១០៥០០០ ​រៀល​។

លោក​ ម្ហើល ​បាន​និយាយ​ថា​៖ «​ប្រជាពលរដ្ឋ​គេ​ឯកភាព​ព្រមព្រៀង​ [​លក់​] ​ទាំងអស់​គ្នា​ជាមួយ​អាជ្ញាធរ​យក​លុយ​ធ្វើ​រោង​ភូមិ និង​ចែក​គ្នា​។ មុន​ដំបូង​គេ​កក់ ១ ​ម៉ឺន​ដុល្លារ​ហើយ ៦-៧ ថ្ងៃ​ក្រោយ​មក​ទៀត​បាន​គេ​ឲ្យ​គ្រប់​»​។

ទោះ​យ៉ាង​ណា​លោក​ ម្ហើល ​ថា​លោក​មិន​បាន​ដឹង​ថា​គេ​ទិញ​ឈើ​នោះ​យក​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ​គឺ​គ្រាន់តែ​ដឹង​ថា​ឈ្មោះ​ ម្រិច ធើម ​ជា​អ្នក​គួកជេ​ទិញ​ឈើ​នោះ​ប៉ុណ្ណោះ​។

លោក​ ម្ហើល ​មិន​គិត​ថា​ការ​លក់​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាម​នោះ​ជា​អំពើ​ខុសច្បាប់​នោះ​ទេ​។

លោក​បាន​ចោទ​សួរ​ថា​៖ «​ខុស​ច្បាប់​អី​? ​បើ​គេ​ពី​លើ​មក​អ្នក​ធំៗ​សុទ្ធតែ​គេ​ធ្វើ​បាន​។ ពលរដ្ឋ​ម៉េច​មិន​បាន​? ​ឈើ​ក្នុង​ដី​រដ្ឋ​»​។

ក្រៅពី​ការ​កាប់​ឈើ​នៅ​តំបន់​នោះ​ក៏​កើត​មាន​បទល្មើស​កាប់ឆ្ការ​ទន្ទ្រាន​ដីព្រៃ​ខុស​ច្បាប់​ផង​ដែរ ហើយ​កាលពី​សប្តាហ៍​មុន​ មន្ត្រី​ពី​អង្គការ​អាដហុក និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​រួម​នឹង​ពលរដ្ឋ​ភូមិ​សមុទ្រ​ក្រោម​ចំនួន ៩ នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​ដោយ​ប្តឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចំនួន​ ៧ ​នាក់​ចាប់ពី​ថ្នាក់​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា​រហូត​ដល់​ស្រុក​លំផាត់ និង​មន្ត្រី​បរិស្ថាន​ផង​ដែរ​។ ក្នុង​នោះ​ក៏​មាន​លោក​មេភូមិ​ឈ្មោះ ខាំផ សាវ៉ាត និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក ផុន ខេមរិន្ទ ផង​ដែរ​។

ដើមបណ្តឹង​ម្នាក់​លោក កូន ម៉ូ បាន​អះអាង​ថា​ពលរដ្ឋ​​ក្នុង​ភូមិ​មិន​ឯកភាព​ឲ្យ​មាន​ការ​លក់​ឈើ​នោះ​ទេ​។

លោក​ថា​ដំបូង​ឡើយ​ពួក​អ្នក​ផ្តិត​មេដៃ​លក់​ឈើ​ទាំង​នោះ​បាន​ព្យាយាម​លាក់​រឿង​នោះ​តែ​ក្រោយ​មក​ទើប​កិច្ចសន្យា​នោះ​ត្រូវ​បាន​បែកធ្លាយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា ហើយ​ទើប​ពួកគេ​ចេញ​លុយ​ឲ្យ​ ១ ​គ្រួសារ​ជាង ១០ ​ម៉ឺន​រៀល​នោះ​។

លោក​ ម៉ូ ឲ្យ​ដឹង​ថា ​ឈើ​ទាំង​នោះ​យ៉ាង​តិច​បំផុត​ក៏​មាន ៥០០ ដើម​ដែរ ដែល​មាន​ដូចជា​ឈើ​សុក្រំ គគីរ កកោះ និង​ត្បែង​ជាដើម​។ «​គេ​លក់​ឲ្យ​វៀតណាម​។ គេ​កាប់​រំលំ​ខ្លួន​គេ ដឹក​ខ្លួន​គេ​ទៅ​វៀតណាម​។ ដំបូង​យើង​អត់​ដឹង​ទេ ទល់​តែ​ចាប់​ក្រដាស​ [​កិច្ចសន្យា​] មាន​ភ័ស្តុតាង​នោះ​បាន​។ យើង​តវ៉ា​ទើប​បាន​លុយ​នោះ​»​។

ពលរដ្ឋ​អ្នក​ប្តឹង​ម្នាក់​ទៀត​លោក​ ឆន ផល្លា អាយុ​ ៣៩ ​ឆ្នាំ​បាន​ឃើញ​កិច្ចសន្យា​នោះ​ដោយ​ចៃដន្យ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៏​មុន​។

លោក​ក៏​បាន​អះអាង​ផង​ដែរ​ថា​ ពលរដ្ឋ​អត់​មាន​ចូលរួម​លក់​ឈើ​នោះ​ទេ​។ លោក​ថា​ឈ្មោះ​ ម្រិច ធើម គឺជា​អ្នក​​ម៉ៅការ​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​អាជ្ញាធរ​ភូមិ​នោះ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។ ដើមឈើ​ដែល​ធំៗ​រហូត​ដល់​មាន​មុខ​កាត់​មួយ​ម៉ែត្រ​ក៏​ត្រូវ​បាន​កាប់​ចាប់​ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ​ដែល​កន្លែង​ខ្លះ​មាន​ជនជាតិ​វៀតណាម​ចូល​កាប់​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ដី​នៅ​តំបន់​ហ្នឹង​ក្រសួង​បរិស្ថាន​អ្នក​ការពារ​ហើយ​ចុះ​ជាប់​នៅ​ទី​នោះ​។ គេ​ដឹកឈើ​រង្គើ​ទាំង​ដី ឡាន​ធំ ១ ​ជើង ៦-៧ ​ដើម​ចូល​ទៅ​យួន ម្តង​ ៧-៨ ​គ្រឿង​។ ខ្ញុំ​ជឿជាក់​ថា​គាត់​ដឹង​ព្រោះ​គាត់​ជា​អ្នក​ការពារ​នៅ​ហ្នឹង​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​លោក ខាំផ សាវ៉ាត និង​លោក ប៊ុន ធានសឿន ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​ពួកលោក​មិន​ដំណើរការ​។

ទោះ​យ៉ាង​ណា​លោក​អនុភូមិ​ ប៊ុន ធានសឿន ​ក៏​បាន​ប្រាប់​វិទ្យា​អាស៊ីសេរី​ដោយ​ទទួល​ស្គាល់​ដូច​គ្នា​ទៅ​នឹង​លោក​ ថាន់ ម្ហើល ​ដែរ​ថា​ពិត​ជា​មាន​ការ​ទិញ​លក់​ឈើ​នោះ​មែន​ដោយ​យក​លុយ​ទៅ​សង់​សាលា​ប្រជុំ​ភូមិ​។ ទោះ​យ៉ាង​ណា​លោក​ ម្ហើល ​ថា​លោក​ក៏​មិន​ខ្លាច​ការ​ប្តឹង​នោះ​ដែរ​ហើយ​នឹង​ចូល​ទៅ​បំភ្លឺ ប្រសិន​បើ​មាន​ការ​កោះ​ហៅ​។

លោក​ នូ ថេរ អភិបាល​ស្រុក​លំផាត់​បាន​ថ្លែង​ថា​លោក​មិន​បាន​ដឹង​ពី​បញ្ហា​នោះ​ទេ​ហើយ​សាលា​ស្រុក​ក៏​មិន​ដែល​ឯកភាព​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​លក់​ឈើ​បែប​នោះ​ដែរ​។

ទោះ​យ៉ាង​ណា​ លោក​ក៏​មិន​ទាន់​ប្រាកដ​ថា​សាលាស្រុក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ដែរ ព្រោះ​អត់​ទាន់​ឃើញ​កិច្ចសន្យា​នោះ​។

លោក​ ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ក៏​មិន​បាន​ដឹង​ពី​ការ​លក់​ឈើ​នោះ​ដែរ​ហើយ​លោក​ថ្លែង​ថា​មន្ទីរ​នឹង​ស្រាវជ្រាវ​រឿង​នោះ​។ ប៉ុន្តែ​ចំពោះ​ការ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​នោះ​វិញ ក្រុម​ការងារ​លោក និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​កាលពី​ខែ​មុន​ហើយ​បាន​ឃើញ​ពលរដ្ឋ​កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​។

លោក​បន្ថែម​ថា​ក្រុម​ការងារ​បាន​ទប់ស្កាត់​រហូត​ដល់​មាន​ពលរដ្ឋ​ប្រមាណ​ជា ៥០ ​នាក់​ទៅ​តវ៉ា​នៅ​សាលាស្រុក​ដើម្បី​ទាមទារ​យក​ដី​នោះ​ដោយ​អះអាង​ថា​ជា​ដី​ចម្ការ​ចាស់​។

លោក​ ខេមរិន្ទ ថ្លែង​ថា​៖ «​ក្រុម​ការងារ​កំពុង​តែ​ដុតដៃ​ដុតជើង ធ្វើ​ការងារ​នេះ​។ ខ្លះ​ថា​ដីចម្ការ​ចាស់​របស់​គាត់​… មាន​ការ​ទន្ទ្រាន​មែន តែ​យើង​បាន​ទប់ស្កាត់​ហើយ​»​។

លោក​បន្ថែម​ថា ​ក្រុម​ការងារ​កំពុង​តែ​រៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។

បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ចេញ​ឈើ​ទៅ​វៀតណាម​កាលពី​ខែ​មករា​ឆ្នាំ​ ២០១៦ ក៏ដោយ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ពន្ធគយ​របស់​វៀតណាម​ដែល​បាន​ចេញ​ កាលពី​ខែ​ឧសភា​ បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំ​ ២០១៧ ប្រទេស​កម្ពុជា ​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​នាំ​ចេញ​ឈើ​ទៅ​វៀតណាម​ដែល​មាន​ទំហំ​គឹត​ជា​ទឹកប្រាក់​មាន​ចំនួន ៩៧ លាន​ដុល្លារ​គឺ​មាន​ការ​កើនឡើង​ជាង​ពីរ​ដង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៦៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s