ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​នៅ​រតនគិរី​សុំ​ឲ្យ​អ.ស.ប​អន្តរាគមន៍​ករណី​រំលោភ​ដីធ្លី

ប្រភព ៖ RFA

ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​ជា​ថ្មី​ទៀ សុំ​​ឲ្យ​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ការ​តវ៉ា​ករណី​ក្រុមហ៊ុន​សម្បទាន​ឈូស​ឆាយ​​ដី​ប៉ះពាល់​ដី​កប់​សព ព្រៃ​តំណម និង​ដីចម្ការ​វិល​ជុំ​របស់​អ្នក​ភូមិ​សម្រាប់​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​ភិ ជាង ១៦០​គ្រួសារ ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា ផារី (7 Makara Phari) កាត់​ចេញ​ដី​កប់​សព ដី​ព្រៃ​តំណម ដី​ចម្ការ​វិល​ជុំ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​​​ដើម​ភាគ​តិច។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​សាលា​ប្រជុំ​ភូមិ​ភិ បន្ទាប់ពី​មន្ត្រី​ការិយាល័យ​​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​រាជធានី​ភ្នំពេញ ចុះ​ទៅ​កាន់​តំបន់​​នោះ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ភូមិ​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ស្ថាប័ន​នេះ​ឲ្យ​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ភូមិ​ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​នេះ។

​តំណាង​សហគមន៍ លោក សល់ តូច បញ្ជាក់​ថា សហគមន៍​បាន​ដាក់​ពាក្យ​ប្តឹង​ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ដោះស្រាយ​អ្វី​អាច​ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ លោក​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ស្រុក មិន​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​បាន​ទេ ពីព្រោះ​អ្នក​ភូមិ​ត្រូវ​បាន​ក្រុមហ៊ុន​ចោទ​ថា ជា​អ្នក​រំលោភ​ដី​របស់​ក្រុមហ៊ុន​ទៅ​វិញ៖ «កិច្ច​សន្យា​របស់​គាត់​តាំង​ពី​ចម្ការ​វិល​ជុំ អូរ តាំង​ពី​ចំណី​ទន្លេ ហើយ​សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន ៧​មករា ផារី នៅ​តែ​បន្ត​ឈូស​ឆាយ​ដាំ​ដុះ​ទៅ​លើ​ចម្ការ​វិល​ជុំ​បង​ប្អូន»

​ពលរដ្ឋ​ភូមិ​ភិ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ព្រៃ​កប់​សព ព្រៃ​គោរព​បូជា និង​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​នៅ​តំបន់​នោះ​អស់​ប្រមាណ ៦០០​ហិកតារ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ច្រាំងទន្លេ ឬ​ដី​មាត់​ទន្លេ និង​ចំណី​អូរ អស់​គ្មាន​សល់។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​កាប់​ឈើ​ប្រណិត​​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ព្រំដែន​ខុស​ច្បាប់។

មន្ត្រី​សមាគម​ខ្មែរ​លើ លោក ឌិត កាវែល ចាត់​ទុក​ការ​តវ៉ា​របស់​អ្នក​ភូមិ​ថា ជា​ការ​ត្រឹមត្រូវ ពីព្រោះ​អ្នក​ភូមិ​គឺ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រើប្រាស់​អាស្រ័យ​ផល​ដីធ្លី ព្រៃឈើ​នៅ​តំបន់​សហគមន៍​អភិរក្ស។ លោក​ថា ការ​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ និង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «យោង​លើ​ច្បាប់​ភូមិ​បាន​គាត់​មាន​សិទ្ធិ​គ្រប់គ្រង​ហើយ​មួយ​ទៀត​​ការ​សន្យា​របស់​អាជ្ញាធរ​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​គាត់​ដោយ​សមរម្យ»

​ទាក់ទង​រឿង​នេះ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ និង​បាន​ធ្វើ​របាយការណ៍​ទាក់ទិន​ការ​តវ៉ា​ជូន​អាជ្ញាធរ​បន្ថែម​ទៀត​ហើយ៖ «ការ​សម្រុះសម្រួល​បែប​ណា ចាំ​មើល​ខេត្ត​ឆ្លើយ​តប​សិន»

​ឆ្លើយ​តប​នឹង​សំណើ​របស់​អ្នក​ភូមិ មន្ត្រី​ការិយាល័យ​ឧត្តរ​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​ចុះ​ជួប​ពលរដ្ឋ​ភូមិ​ភិ លោក គឹម សម្បត្តិ ថ្លែង​ថា ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ចាត់​ទុក​កង្វល់​របស់​ពលរដ្ឋ​ថា​ជា​ករណី​​ត្រូវ​តែ​មាន​ដំណោះស្រាយ​សមស្រប ការពារ​សិទ្ធិ​រស់​នៅ​របស់​សហគមន៍។ លោក​ថា អ្នកភូមិ​​ត្រូវ​រក្សា​ភាព​អត់ធ្មត់ គ្មាន​អំពើ​ហិង្សា ខណៈ​ការិយាល័យ​សិទ្ធិមនុស្ស​កំពុង​ស្វែង​រក​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ៖ «អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​គាត់​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​ដំណើរ​មក​ថ្ងៃ​នេះ ដើម្បី​ចង់​ស្ដាប់ ចង់​ឃើញ​ផ្ទាល់​ពី​ពុក​ម៉ែ​បង​ប្អូន ថា​តើ​នៅ​ភូមិ​មាន​បញ្ហា​អ្វី​ខ្លះ?»

​មន្ត្រី​អាជ្ញាធរ​ស្រុក​ក៏​បាន​អះអាង​ដែរ​ថា ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ភូមិ​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s