ជនជាតិ​ដើម​ភាគតិច​ថា​ការ​យឺតយ៉ាវ​ចេញ​លិខិត​សម្គាល់​អត្តសញ្ញាណ​ធ្វើ​ឲ្យ​ពួក​គាត់​រងគ្រោះ

ប្រភព ៖ RFA

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ក្នុង​ខេត្ត​រតនគិរី បាន​បំពេញ​បែបបទ​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាង ៤​ឆ្នាំ​ហើយ។ បច្ចុប្បន្ន អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​លិខិត​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ។ ការ​យឺតយ៉ាវ​នេះ អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​កាន់​តែ​រងគ្រោះ​មិន​អាច​បន្ត​គម្រោង​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល និង​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ដើម្បី​ថែរក្សា​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​បាន​នៅ​គង់វង្ស។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ជាង ១៦០​គ្រួសារ​រស់នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម មិន​ទាន់​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​អ្នក​ភូមិ​ជា​ជនជាតិ​ដើម​ភាគតិច​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅ​ឡើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

កាល​ពី​ឆ្នាំ​២០១៣ ពលរដ្ឋ​ភូមិ​ភិ បាន​ប្រជុំ​ឯកភាព​គ្នា​បំពេញ​ឯកសារ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ពួក​គេ​តាម​រយៈ​តំណាង​សហគមន៍ អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​មាន​សមាគម​ខ្មែរ​លើ​ជា​អ្នក​សម្របសម្រួល​ការងារ​បច្ចេកទេស​សុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ពាក់ព័ន្ធ​ការ​ចុះ​បញ្ជី​នេះ។

តំណាង​ពលរដ្ឋ​ភូមិ​ភិ លោក សល់ គោក បញ្ជាក់​ថា រហូត​ពេល​នេះ អ្នក​ភូមិ​មិន​បាន​ដឹង​ថា អាជ្ញាធរ​សម្រេច​យ៉ាង​ណា​នោះ​ទេ អ្វី​ដែល​អ្នក​ភូមិ​កំពុង​ជួប​ប្រទះ គឺ​ការ​រំលោភ​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​កប់​សព និង​ដី​ព្រៃ​អារក្ស​ដែល​អ្នក​ភូមិ​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ច្រើន​ជំនាន់​មក​ហើយ។ លោក​ថា លិខិត​ស្នាម​សម្គាល់​អត្តសញ្ញាណ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​មាន​សារសំខាន់​សម្រាប់​គម្រោង​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល និង​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ដែល​ជា​លិខិត​បទដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​ការពារ​ការ​រំលោភ​សិទ្ធិ​ដីធ្លី និង​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច៖ «២០១២ ខ្ញុំ​ឧស្សាហ៍​ទៅ​សួរ​ខ្មែរ​លើ​ដែរ គេ​ថា​បញ្ជូន​ទៅ​ខេត្ត ពីព្រោះ​ពួក​ខ្ញុំ​អត់​ចេញ​ទៅ ពឹង​អង្គការ​ខ្មែរ​លើ គេ​ថា​អត់​ស្អី​គេ​ធ្វើ​ឲ្យ គេ​ថា​បញ្ជូន​ទៅ​ខេត្ត​ហើយ មិន​ទាន់​បញ្ជូន​ទៅ​ក្រសួង​ទេ។ គេ​ថា​អ៊ីចឹង»

ចាប់​ពី​ចុង​ឆ្នាំ​២០១២ មក ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ៧​មករា ផារី បាន​ចូល​មក​បោះ​ទីតាំង​នៅ​ជាប់​នឹង​ភូមិ​ភិ ហើយ​ហ៊ុមព័ទ្ធ​ឈូស​ឆាយ​ព្រៃ​ធ្វើ​ព្រំ​ដី​សម្បទាន​ប៉ះពាល់​ដី និង​ព្រៃឈើ​អ្នក​ភូមិ​អភិរក្ស​រាប់​រយ​ហិកតារ ធ្វើ​ឲ្យ​អ្នក​ភូមិ​នាំ​គ្នា​តវ៉ា​នៅ​ទីតាំង​ជាក់ស្តែង និង​ធ្វើ​ពាក្យ​បណ្ដឹង​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

ប្រធាន​ភូមិ​ភិ លោក សេវ ឌឿន ទទួល​ស្គាល់​ថា ដី​ដែល​អ្នក​ភូមិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​ដើម ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ ហើយ​មិន​បាន​ដោះស្រាយ​កាត់​ផល​ប៉ះពាល់​ពលរដ្ឋ​តាម​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ភូមិ​ឃុំ បាន​ព្យាយាម​ជួយ​អ្នក​ភូមិ ក៏ប៉ុន្តែ​លទ្ធផល​ទទួល​បាន​តិចតួច​បំផុត៖ «ចុះ​ទៅ​សិក្សា​ផ្ទាល់​កន្លែង​ចម្ការ​វិល​ជុំ ទោះ​បី​ខ្ញុំ​ក៏​មាន​ចម្ការ​នៅ​ហ្នឹង​ដែរ បី​ហិកតារ សួរ​អាជ្ញាប័ណ្ណ​គេ គេ​ថា​មេ​ភូមិ​ឯង​គ្មាន​សិទ្ធិ​សួរ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទេ។ គេ​ថា​អ៊ីចឹង។ ខ្ញុំ​នៅ​ស្ងៀម​ទៅ»

ចំណែក​មេ​ឃុំ​សេសាន លោក សេវ ស្វែន ទទួល​ស្គាល់​ថា ទំនាស់​ដណ្ដើម​ដី​រវាង​ជនជាតិ​ដើម​ភាគតិច​ភូមិ​ភិ និង​ក្រុមហ៊ុន ៧​មករា ផារី កើត​មាន ៤​ឆ្នាំ​កន្លង​ទៅ​នេះ។ ចំណែក​អាជ្ញាធរ​ឃុំ​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ​បាន​រហូត​បច្ចុប្បន្ន។ លោក​ថា​អ្នក​ភូមិ​បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ប្ដឹង​តាម​ផ្លូវ​តុលាការ ចោទ​ថា​អ្នក​ភូមិ​រំលោភ​អចលនទ្រព្យ​ក្រុមហ៊ុន​ដោយ​ហិង្សា​ទៅ​វិញ៖ «ស្រុក ឃុំ ក៏​មិន​អាច​ដោះស្រាយ​បាន​ទេ គ្រាន់​តែ​សម្របសម្រួល​កុំ​ឲ្យ​មាន​ឈ្លោះ​ប្រកែក​តទៅទៀត។ ខ្ញុំ​មិន​អាច​ជំរុញ​បាន​ទៀត​ទេ ព្រោះ​ឯកសារ​បញ្ជូន​ទៅ​ខាង​លើ​អស់​ហើយ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ពលរដ្ឋ​ភូមិ​ភិ បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ និង​បាន​បង្ហាញ​ពី​កង្វល់​របស់​អ្នក​ភូមិ​ទាក់ទិន​ការ​បាត់បង់​ដី​ដែល​អ្នក​ភូមិ​គ្រោង​ស្នើសុំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

រហូត​មក​ទល់​នឹង​ពេល​នេះ មិន​មាន​ប្រភព​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន ៧​មករា ផារី នរណា​ជា​ម្ចាស់​ក្រុមហ៊ុន​នោះ​ទេ ខណៈ​ប្រភព​មន្ត្រី​មូលដ្ឋាន​ខ្លះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​នៅ​ពី​ក្រោយ ទើប​ការ​ដោះស្រាយ​ជម្លោះ​ដី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន និង​ការ​ស្នើសុំ​ចុះ​បញ្ជី​របស់​អ្នក​ភូមិ​ត្រូវ​អូស​បន្លាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សមាគម​ខ្មែរ​លើ លោក ឌិត កាវែល ទទួល​ស្គាល់​ថា ឯកសារ​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ពលរដ្ឋ​ភូមិ​ភិ បាន​ជាប់​គាំង​ដោយសារ​សមាគម​នេះ​ខ្វះខាត​មូលនិធិ​ជួយ​ជំរុញ​ឯកសារ​នៅ​ថ្នាក់​ខេត្ត មុន​នឹង​បញ្ជូន​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ សម្រេច៖ «តាម​ការពិត​មិន​មែន​កំហុស​ខាង​អភិវឌ្ឍន៍​ទេ ព្រោះ​ខាង​ខ្ញុំ​អត់​មាន​លុយ​គ្រប់គ្រាន់។ អ៊ីចឹង​ខ្ញុំ​ធ្វើ​ចោះៗ​អ៊ីចឹង»

ចំណែក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​រតនគិរី លោក កាតំ សូណាវន បញ្ជាក់​ថា មន្ទីរ​មិន​បាន​ឃើញ​លិខិត​ស្នើសុំ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​របស់​ពលរដ្ឋ​ភូមិ​ភិ នោះ​ទេ។ លោក​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​ពាក់ព័ន្ធ ដែល​គាំទ្រ​គម្រោង​ចុះ​បញ្ជី​នេះ។

ពលរដ្ឋ​ភូមិ​ភិ ឲ្យ​ដឹង​ថា ក្រុមហ៊ុន ៧​មករា ផារី បាន​ផ្សព្វផ្សាយ​ថា​នឹង​មិន​ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ ដី​ព្រៃ​អារក្ស ព្រៃ​កប់​សព​អ្នក​ភូមិ​នោះ​ទេ និង​រក្សា​ដី​មាត់​ទន្លេ និង​មាត់​អូរ​ទុក​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់ ក៏ប៉ុន្តែ​បច្ចុប្បន្ន ក្រុមហ៊ុន​រំលោភ​ការ​សន្យា និង​បាន​ហ៊ុមព័ទ្ធ​យក​ដី​សហគមន៍​ប្រើប្រាស់​ជាង ៦០០​ហិកតារ រួម​ទាំង​ដី​មាត់​ទន្លេ និង​ដី​មាត់​អូរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s