សង្គម​ស៊ីវិល​​ចំនួន​២៧ ​ទទូច​​​ឲ្យ​​សាលាឧទ្ធរណ៍​​ទាត់ចោល​​ការ​កាត់ទោស​​​អ្នក​ស្រី​​ទេព វ​ន្នី​

ប្រភព ៖ វិទ្យុបារាំង

នៅ​រសៀល​នេះ សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​សំណុំរឿង​អ្នកស្រី​ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់​ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំកន្លះ​ក្រោម​បទល្មើស​ប្រើ​អំពើហិង្សា​នៅក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ មុន​សវនាការ​ចាប់ផ្តើម​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​ខាងមុខនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន២៧ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​ទទូច​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធចោល​នូវ​ការកាត់ទោស​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ដែល​រូ​ម​មាន​ជាអាទិ៍ អង្គការ​លើកលែងទោស​អន្តរជាតិ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក អង្គការ​លីកាដូ​ក៏ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ជាដើម​បានចាត់ទុក​ការផ្តន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​អ្នកស្រី​ទេព វ​ន្នីថា​ជា​រឿង​អយុត្តិធម៌។ ដូច្នេះ​ពួកគេ​បាន​សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលាឧទ្ធរណ៍​ទាត់ចោល​សាលក្រម​នោះ ដើម្បី​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវ​ច្បាប់​មកលើ​អ្នកស្រី​ទេព វ​ន្នី និង​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

អ្នកស្រី​ទេព វ​ន្នី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល២ឆ្នាំ៦ខែ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ប្រព្រឹត្តទៅ​នៅក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ឆ្នាំ២០១។ កាលណោះ គឺជា​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកស្រី​ទេព វ​ន្នី និង សន្តិសុខ​សាលាខណ្ឌ​ដូនពេញ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់ទុកថា សវនាការ​នេះ​មិនបាន​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​ស្មើភាព​ទេ ដោយសារតែ​ពុំមាន​ភ​ស្ត​តាង​ជាក់លាក់​សម្រាប់​បញ្ជាក់​ពីបទ​ចោទ ហើយ​ពុំ​ឃើញ​មាន​ដើមបណ្តឹង​ឫ​សាក្សី​ដាក់បន្ទុក​ណា​ម្នាក់​បានផ្តល់​សក្ខីកម្ម​ផ្ទាល់មាត់​ក្នុងពេល​សវនាការ​ដែរ​គឺ​មានតែ​សក្ខីកម្ម​ជា​សេចក្តីថ្លែងការណ៍​ប៉ុណ្ណោះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​កត់សម្គាល់​ទៀតថា ករណីនេះ គឺជា​ករណី​មួយ​ក្នុងចំណោម​ករណី​បី​ផ្សេងទៀត​ដែល​អសកម្ម​អស់​ជាច្រើន​ឆ្នាំ​ទៅហើយ តែ​បែរជា​ត្រូវ​សើរើ​មកវិញ។ ដូច្នេះ​ពួកគេ​គិតថា ការដាក់​ពន្ធនាគារ​អ្នកស្រី​ទេព វ​ន្នី​នេះ​ទំនង​ក្រោម​ហេតុផល​នយោបាយ និង​ជាការ​ប៉ុនប៉ង​ក្នុងការ​បំបិទ​សំឡេង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃមាត់​នៅ​កម្ពុជា មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​ខែកក្កដា ឆ្នាំ២០១៨ មកដល់។

សូមបញ្ជាក់ថា អ្នកស្រី​ទេព វ​ន្នី ក្រៅ​ពីបទ​ចោទ​មួយ​នេះ អ្នកស្រី​ក៏​ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ៦ថ្ងៃ​ពីបទ​ប្រមាថ​អ្នករាជការ​សាធារណៈ​កាលពី​ខែសីហា​ឆ្នាំ២០១៦ ។ ចំណែក​កាលពី​ខែកញ្ញា​ឆ្នាំ​ដដែល តុលាការ​ក៏បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល៦ខែ​ទៀត​ពីបទ«ប្រមាថ​និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស»ប្រព្រឹត្ត​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ២០១។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល ការតវ៉ា​ដោយ​សន្តិវិធី​និង​សេរីភាព​បញ្ចេញមតិ​មិនមែនជា​បទល្មើស​នោះទេ។ ដោយ​ចាត់ទុក​អ្នកស្រី​ទេព វ​ន្នី​ជា​អ្នកការពារ​សិទ្ធិមនុស្ស​មួយរូប​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ក៏បាន​អះអាងថា អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវបាន​ដាក់ទោស​ដោយសារ​តែ​ការអនុវត្ត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ដោយ​សន្តិវិធី​នោះឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s