យុវជន​បារម្ភ​ពី​ការ​បាត់បង់​ភូមិ​ថ្មបីដុំ​នៅ​តាកែវ​ទៅ​ប្រទេស​វៀតណាម

ប្រភព ៖ RFA

ក្រុម​យុវជន​បាន​ចេញ​របាយការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ភូមិ​ថ្មបីដុំ នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ ទៅ​ប្រទេស​វៀតណាម។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ក្នុង​យុទ្ធនាការ “១០០រាត្រី” បន្ត​ពី​លោក​បណ្ឌិត កែម ឡី។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​នេះ ដោយ​ចាត់​ទុក​ថា ជា​របាយការណ៍​ក្រុមអគតិ និង​អះអាង​ថា ភូមិ​ថ្មបីដុំ នៅ​តែ​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ជា​រៀង​រហូត។

​របាយការណ៍​បឋម​ក្នុង​រាត្រី​៣៤ របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៤​ទំព័រ បាន​ដាក់​ចំណង​ជើង​ថា “ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​តំបន់​គ្រីមៀ (Crimea) ទី១​នៅ​​កម្ពុជា”។ ភូមិ​ថ្មបីដុំ​នេះ ស្ថិត​ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​ក្រុម​យុវជន​បាន​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​២៤ និង​ទី​២៥ ខែ​កក្កដា។

​ការ​ព្រួយ​បារម្ភ​ថា ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​របស់​វៀតណាម​នោះ ដោយ​ក្រុម​យុវជន​សំអាង​លើ​ការ​រក​ឃើញ​៥​ចំណុច​សំខាន់ៗ។ ទី​១ គឺ​នៅ​ភូមិ​ថ្មបីដុំ នោះ មាន​ជនជាតិ​វៀតណាម រស់​នៅ​ស្ទើរ​តែ​ជាង ៩៩​ភាគរយ ក្នុង​នោះ​មួយ​ចំនួន​តូច​ចេះ​និយាយ​ខ្មែរ​តិចៗ។ ទី​២ រចនាបថ​សាងសង់​អគារ ផ្ទះសម្បែង ស្លាក​យីហោ​រក​ស៊ី និង​ការ​រស់​មាន​លក្ខណៈ​ជា​វៀតណាម ទី​៣ ពុំ​ឃើញ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដូច​វៀតណាម ដែល​នៅ​ជាប់​បង្គោល​ព្រំដែន​លេខ ២៦៥ ហើយ​ពលរដ្ឋ​វៀតណាម ចេញ​ចូល​យ៉ាង​សេរី។ ទី​៤ ភូមិ​ថ្មបីដុំ កម្រ​មាន​ប្រជាជន​ខ្មែរ​ចេញ​ចូល​ទី​នោះ ហើយ​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​នោះ​ឡើយ ខុស​ពី​វៀតណាម ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ភូមិ​ថ្មបីដុំ ទៅ​ប្រទេស​របស់​គេ​ដូចជា​បាន​សាងសង់​ផ្លូវ​ទាំង​ផ្លូវ​ទឹក និង​ផ្លូវ​គោក។ រី​ឯ​ចំណុច​ចុង​ក្រោយ​នោះ នៅ​ភូមិ​ថ្មបីដុំ គ្មាន​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ទេ ដូចជា​គ្មាន​វត្ត​អារាម សាលា​រៀង​ខ្មែរ មាន​តែ​ថ្មបីដុំ ដែល​ពលរដ្ឋ​ខ្មែរ​ស្គាល់​ថា ជា​របស់​ខ្មែរ តែ​នៅ​ពេល​នេះ ទី​នោះ​មាន​ការ​គោរព​បូជា​ពី​ប្រជាជន​វៀតណាម ទៅ​ហើយ។

​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ផ្អែក​លើ​ការ​រក​ឃើញ​ទាំង ៥​ចំណុច​ខាង​លើ​នេះ ធ្វើ​ឲ្យ​ពួកគេ​ហ៊ាន​សន្និដ្ឋាន​ថា ភូមិ​ថ្មបីដុំ នឹង​ក្លាយ​ជា​របស់​វៀតណាម នៅ​ថ្ងៃ​អនាគត បើ​ទោះ​បី​ជា​មាន​ការ​បោះ​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​២០១១ នៅ​ទី​នោះ គឺ​បង្គោល​ព្រំដែន​លេខ ២៦៥ ក៏ដោយ​ចុះ៖ «ចំណុច​ប្រាំ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នេះ គឺ​ជា​ចំណុច​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​ថ្មបីដុំ​នោះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​យើង​យ៉ាង​ជាក់ច្បាស់ ដូចជា​យើង​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការ​ចេញ​ចូល​របស់​វៀតណាម នៅ​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ធ្វើ​ផ្លូវ​ពី​ភូមិ​ថ្មបីដុំ មក​កម្ពុជា យើង​ឲ្យ​បាន​មួយ​ខ្សែ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ខ្មែរ​ទៅ​រស់​នៅ​ទី​នោះ ឲ្យ​បាន​ច្រើន​ទៅ​ច្រើន​ទៅ​ជាង​ពលរដ្ឋ​វៀតណាម។ នេះ​ទើប​យើង​ធានា​ថា ទៅ​ថ្ងៃ​អនាគត​យើង​អត់​បាត់បង់​ទឹក​ដី»

រី​ឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ឡើយ៖ «ទុក​អោយ​រាត្រី​ស្អី​គេ​នោះ​បន្ត​ទៀត​ទៅ ខ្ញុំ​គ្មាន​អ្វី​ទៅ​អត្ថាធិប្បាយ​ទេ»។

​ចំណែក​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ  មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ការ​ធុញទ្រាន់​ចំពោះ​មនុស្ស​អគតិ​មួយ​ចំនួន​ដែល​តែងតែ​និយាយ​អ៊ីចេះ និយាយ​អ៊ីចុះ អំពី​តំបន់​ថ្មបីដុំ។ ទោះ​យ៉ាង​ណា លោក​ហ៊ាន​ធានា​ថា តំបន់​ថ្មបីដុំ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត​តាកែវ ដោយ​មាន​ប៉ូលិស ទាហាន ប៉េអឹម ឈរ​ជើង​នៅ​ទីនោះ​យ៉ាង​រឹង​មាំ៖ «ថ្មបីដុំ ជា​តំបន់​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ក្រោម​អធិបតេយ្យភាព​កម្ពុជា មាន​ប៉ុស្តិ៍​ប៉ូលិស មាន​ប៉ុស្តិ៍​យោធា ឈរ​ជើង​យ៉ាង​រឹម​មាំ​នៅ​ទី​នោះ មាន​ទាំង​ប៉ូលិស​ព្រំដែន យោធា​ព្រំដែន ប៉ូលិស​ព្រំដែន​វរៈព្រំដែន​៦០៣ ហើយ​និង​វីរៈ​ព្រំដែន​៣០១ ឈ​ជើង​យ៉ាង​រឹង​មាំ​នៅ​ទី​នោះ។ យើង​មាន​កាស៊ីណូ​ធំៗ ដើម្បី​ការពារ​បន្ទាត់​ព្រំដែន​របស់​យើង​នៅ​ទី​នោះ យើង​មាន​ផ្សារ​បីដុំ នៅ​ទី​នោះ ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ព្រំដែន អត់​មាន​គ្រីមៀ ទី​១ ទី​២ ទី​៣ ដូច​ពួក​អគតិ​មួយ​ចំនួន​និយាយ​ទេ»

​ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លើក​ឡើង​ថា អ្វី​ដែល​មាន​នៅ​ក្នុង​របាយការណ៍​នោះ គឺ​ពួកគេ​គ្រាន់តែ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ភូមិ​ខ្មែរ​ប៉ុណ្ណោះ ហើយ​លោក​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​ជំទាស់​លើ​របាយការណ៍​នេះ គាត់​គួរ​តែ​មាន​របាយការណ៍​ណា​មួយ​ដែល​បង្ហាញ​ពី​ការពិត​ជាក់ស្ដែង​ក្នុង​តំបន់​នោះ មក​បង្ហាញ​ពួក​យើង​វិញ ហើយ​បើ​ពួកគាត់​អត់​មាន ហើយ​សូម្បីតែ​ការ​ចុះ​ទៅ​ផ្ទាល់ គាត់​មិន​ទាន់​ទាំង​បាន​ចុះ​ទៅ​ផង តើ​គាត់​យក​សម្ដី​គាត់​មក​ប្រកែក​ថា របាយការណ៍​នេះ​មិន​ត្រឹមត្រូវ ដូច្នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គប្បី​សម្រាប់​ប្រជាជន​ខ្មែរ​ដែរ»

​ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ក៏​បាន​លើក​ហេតុផល ៥​ចំណុច​ដែរ​ថា នៅ​តំបន់​ថ្មបីដុំ​នោះ មិន​អាច​ទៅ​ជា​របស់​វៀតណាម។ ទី​១ គឺ​កម្ពុជា មាន​ច្រក​ថ្មបីដុំ ទី​២ មាន​កាស៊ីណូ​ថ្មបីដុំ ទី​៣ មាន​អ្នកតា​ថ្មបីដុំ ទី​៤ មាន​ព្រំដែន​ច្រក​ថ្មបីដុំ ទី​៥ គឺ​មាន​ឃុំ​ច្បាស់​ដែល​គេ​ស្គាល់​ថា​ថ្មបីដុំ៖ «ថ្មបីដុំ​នេះ យើង​បាន​ដឹង​ហើយ​ថា វា​ជា​របស់​កម្ពុជា ដែល​យើង​បាន​បោះ​បង្គោល​រួច​ហើយ។ ចំណុច​ទី​២ ម្តុំ​នោះ​សំបូរ​កាស៊ីណូ ហើយ​កាស៊ីណូ យើង​ដឹង​ហើយ​ថា ខ្មែរ​យើង​មិន​សូវ​លេង​ទេ មាន​តែ​ខាង​វៀតណាម លេង មិន​ខុស​ពី​ខាង​ប៉ោយប៉ែត ទេ។ កន្លែង​នេះ​ដែល​យើង​ចូល​ចិត្ត​ជ្រុលនិយម ហើយ​ខ្វះ​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ។ បើ​យើង​ក្រឡេក​មើល​ប៉ោយប៉ែត សូម្បីតែ​ហាង​ក៏​ដាក់​ភាសា​ថៃ ដែរ ហើយ​បើ​យើង​ទៅ​ប្រទេស​ថៃ វិញ យើង​ឃើញ​ពេទ្យ​ខ្លះ​ដាក់​អក្សរ​ខ្មែរ អក្សរ​អង់គ្លេស និង​អក្សរ​ថៃ ដូច​គ្នា។ អ៊ីចឹង​ធម្មតា​នៅ​ជិត​ព្រំដែន​វា​អ៊ីចឹង ហើយ​គាត់​និយាយ​គ្រីមៀ នេះ គាត់​មាន​យល់​អត់​រឿង​គ្រីមៀ នេះ?»

​ក្នុង​របាយការណ៍​ស្រាវជ្រាវ​នោះ ក្រុម​ការងារ “១០០​រាត្រី” បាន​បង្ហាញ​វិធីសាស្ត្រ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថា ពួកគេ​បាន​ចុះ​មូលដ្ឋាន​ផ្ទាល់ ជួប​ប្រជាពលរដ្ឋ និង​អាជ្ញាធរ និង​ធ្វើការ​អង្កេត​ផ្ទាល់​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច នយោបាយ បញ្ហា​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ និង​អ្វី​ដែល​ជា​តម្រូវការ​ចម្បង​ដែល​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ជា​អាទិភាព និង​ជា​បន្ទាន់។ គោល​បំណង​នៃ​ការ​ស្រាវជ្រាវ​នេះ ពួកគេ​បញ្ជាក់​ថា ដើម្បី​ជួយ​រដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស ឲ្យ​មាន​ការ​រីក​ចម្រើន និង​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ និង​ចូលរួម​ការពារ​ប្រទេស​ទាំង​អស់​គ្នា ហើយ​ពួកគេ​អះអាង​ថា គ្មាន​ចេតនា​រិះគន់​ជាន់​ពន្លិច​គណបក្ស​ណា​មួយ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s