ទូរទស្សន៍ CNN បដិសេធ​ថា​ខ្លួន​មិន​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​រឿង​ម្តាយ​លក់​ព្រហ្មចារី​កូន​ស្រី

ប្រភព ៖ RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​អាមេរិក ស៊ី.អិន.អិន (CNN) អំពី​កុមារី​ដែល​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នារី​ខ្មែរ និង​ព្រមាន​បណ្ដេញ​អង្គការ​អាមេរិក ឈ្មោះ​មេត្រី​អន្តរជាតិ (AIM) នៅ​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​ចោទ​ទូរទស្សន៍ ស៊ី.អិន.អិន ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែ​ខាង​ទូរទស្សន៍ ស៊ី.អិន.អិន បញ្ជាក់​ជំហរ​ឥត​កែប្រែ​នៅ​តែ​រក្សា​ខ្លឹមសារ​ពិត​នៃ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ស្រប​ពេល​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​បញ្ចេញ​ប្រតិកម្ម​ប្រញាប់ប្រញាល់​ខ្លាំង និង​ធ្វើ​តែ​តាម​អារម្មណ៍។

អនុ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​២ ខែ​សីហា ឲ្យ​ដឹង​ថា ភាពយន្ត​ឯកសារ​ស្ដីពី​ខ្សែ​ជីវិត​ក្រោយ​ពេល​ត្រូវ​បាន​គេ​ជួញដូរ​ផ្លូវ​ភេទ​ពាក់ព័ន្ធ​កុមារី​បី​នាក់​នៅ​កម្ពុជា ដែល​ត្រូវ​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល​នៅ​តំបន់​ស្វាយប៉ាក​នោះ គឺ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​នៃ​ស្ថានភាព​កុមារី​រងគ្រោះ​ដែល​ធំ​ដឹង​ក្ដី​នៅ​តំបន់​ស្វាយប៉ាក ដែល​ទូរទស្សន៍ ស៊ី.អិន.អិន ស៊ើប​អង្កេត​នៅ​ឆ្នាំ​២០១៣ និង​បន្ត​តាម​ដាន​ការវិវត្តន៍​របស់​ពួកគាត់​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ លោក ចូណេសិន បន្ថែម​ទៀត​ថា ភាពយន្ត​ឯកសារ​នោះ ក៏​បាន​គូស​បញ្ជាក់​អំពី​ភាព​ប្រសើរ​គ្រាន់​បើ​ជាង​មុន​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នេះ។

ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចោទ​ប្រកាន់​ទូរទស្សន៍ ស៊ី.អិន.អិន ថា បន្ទាប​បន្ថោក​តម្លៃ​ស្ត្រី​ខ្មែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ការ​ផ្សាយ​របស់​ទូរទស្សន៍ ស៊ី.អិន.អិន បែប​នេះ ថា​ពិបាក​ទទួល​យក៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​ប្រមាថ​ដែល​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ស៊ី.អិន.អិន ដោយ​និយាយ​ថា កម្ពុជា​ម្ដាយ​យក​កូន​ទៅ​លក់​ដើម្បី​ធ្វើ​ស្រីពេស្យា​នោះ។ នេះ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​មិន​អាច​ឲ្យ​អ្នក​ឯង​ប្រមាថ​ជនជាតិ​របស់​ខ្ញុំ​បាន​ទេ»

តំណាង​សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ មិន​យល់​ស្រប​នោះ​ទេ ព្រោះ​លោក​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​នោះ​មិន​បាន​ផ្សាយ​ថា នារី​រងគ្រោះ​ទាំង​នោះ​ជា​ជនជាតិ​អ្វី​នោះ​ទេ គ្រាន់​តែ​បាន​ផ្សាយ​ថា ពួកគាត់​ធំ​ដឹង​ក្តី​នៅ​តំបន់​ស្វាយប៉ាក​ប៉ុណ្ណោះ។

លោក ចូណេសិន បន្ថែម​ទៀត​ថា អត្ថបទ​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍​នោះ រៀបរាប់​យ៉ាង​ច្បាស់​អំពី​អង្គហេតុ​ពិត​ដែល​បញ្ជាក់​ថា អ្នក​រស់​នៅ​តំបន់​ស្វាយប៉ាក ភាគ​ច្រើន​ជា​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ តំណាង​ទូរទស្សន៍ ស៊ី.អិន.អិន រូប​នេះ លើក​ឡើង​ថា ការ​យក​រឿង​ជាតិ​សាសន៍​របស់​ជន​រង​គ្រោះ​ទាំង​នោះ មក​ធ្វើ​ជា​លេស​ក្នុង​ការ​ចោទ​ប្រកាន់​ទូរទស្សន៍ ស៊ី.អិន.អិន គឺ​ជា​ការ​យល់​ខុស និង​ផ្ទុយ​ពី​បំណង​ពិត​នៃ​ខ្លឹមសារ​ក្នុង​សេចក្ដី​រាយការណ៍​នោះ​ដែល​ផ្ដោត​លើ​​ជនរងគ្រោះ​ជា​កុមារី​នៅ​កម្ពុជា មិន​ចំពោះ​ថា​ពួកគាត់​ជា​ជនជាតិ​អ្វី​នោះ​ទេ តែ​ពួក​គាត់​រស់​នៅ​លើ​ដី​ខ្មែរ។

​ប៉ុន្តែ​ក្រសួង​កិច្ចការ​នារី ចាត់​ទុក​ភាពយន្ត​ឯកសារ​របស់ ស៊ី.អិន.អិន ថា ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​សេចក្ដី​ថ្លៃថ្នូរ កិត្តិយស​របស់​ស្ត្រី​ខ្មែរ និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧ ក្រសួង​កិច្ចការ​នារី អះអាង​ថា តាម​វប្បធម៌​ប្រពៃណី​ខ្មែរ​មិន​មាន​ទម្លាប់​លក់​កូន​ទេ ទោះ​បី​ជួប​ប្រទះ​ភាព​ក្រីក្រ​យ៉ាង​ណា​ក៏ដោយ។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ជនរងគ្រោះ និង​ម្ដាយ​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ជា​ជន​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​វប្បធម៌ ប្រពៃណី​របស់​គេ​ខុស​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ។

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ យល់​ស្រប​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្យានុភាព និង​កេរ្តិ៍​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្សាយ​ព័ត៌មាន។ ប៉ុន្តែ​អ្នកស្រី​យល់​ថា ទោះ​ជន​រង​គ្រោះ​ជា​អ្នក​ណា​ក៏ដោយ ជនជាតិ​ខ្មែរ ឬ​ជនជាតិ​វៀតណាម ក៏ដោយ ឲ្យ​តែ​កើត និង​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ស្រាវជ្រាវ​បន្ថែម ដោយ​មិន​ត្រូវ​ប្រញាប់​ប្រតិកម្ម​យ៉ាង​តក់​ក្រហល់​ពេក​នោះ​ទេ៖ «ប្រតិកម្ម​តាម​មនោសញ្ចេតនា ឬ​ក៏​តាម​កំហឹង​ទល់​កំហល់​អ៊ីចឹង​វា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ជា​នីតិរដ្ឋ​ដោះស្រាយ​បញ្ហា​បាន​ដោយ​សន្តិវិធី​ទេ ពីព្រោះ​រឿង​ហ្នឹង បើ​សិន​ណា​កើត​នៅ​ក្នុង​ស្រុក​ខ្មែរ ក៏​នៅ​តែ​ជា​បន្ទុក​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល។ ដូច្នេះ​បើ​យើង​ធ្វើ​ឆុងឆាំង វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​បាត់​កិត្តិយស​ទៅ​ទៀត»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​ប្រតិកម្ម​ខ្លាំង​សំដៅ​លើ​ទូរទស្សន៍ ស៊ី.អិន.អិន ប៉ុណ្ណោះ​នោះ​ទេ លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ស៊ើប​អង្កេត និង​បណ្ដេញ​អង្គការ​អាមេរិក​មួយ​ឈ្មោះ អង្គការ​មេត្រី​អន្តរជាតិ ដែល​បើក​ដំណើរការ​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​កុមារ​រង​គ្រោះ​ដែល​ត្រូវ​ម្តាយ​លក់​ឲ្យ​បម្រើ​សេវា​ផ្លូវភេទ ដោយសារ​តែ​នាយក​អង្គការ​នេះ​ផ្ដល់​បទសម្ភាសន៍​ឲ្យ ស៊ី.អិន.អិន អំពី​ស្ថានភាព​កុមារី​ដែល​ត្រូវ​បាន​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល។

លោក ហ៊ុន សែន ចោទ​អង្គការ​នេះ​មួលបង្កាច់​ការ​ពិត និង​បង្អាប់​ជាតិ​សាសន៍​ខ្មែរ​ដើម្បី​រក​លុយ​ចូល​អង្គការ៖ «ខ្ញុំ​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើការ​ស៊ើប​អង្កេត​ក្នុង​រឿង​នេះ ហើយ​គប្បី​ត្រូវ​បិទ​ចោល​នូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ដែល​យក​កម្ពុជា ធ្វើ​ជា​ដើម​ទុន​ដើម្បី​រៃអង្គាស ហើយ​បន្តុះបង្អាប់​មើល​ងាយ​មើល​ថោក​ចំពោះ​ជាតិ​សាសន៍​មួយ​នេះ មិន​ត្រឹមតែ​មិន​អាច​ទទួល​យក​បាន​ទេ គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​តែម្ដង»

​តំណាង​អង្គការ AIM ដែល​រង​ការ​គំរាម​បិទ​ទ្វារ និង​បណ្ដេញ​ចេញ​នេះ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ សីហា ថា អង្គការ​នេះ​បាន​បើក​បម្រើការ​នៅ​កម្ពុជា អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មក​ហើយ និង​នៅ​តែ​រក្សា​សេចក្ដី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា។

អ្នកស្រី ស្តេហ្វានី វ៉ាន់ថាសែល (Stephanie C. VanTassell) បន្ថែម​ថា អង្គការ​នេះ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​សមស្រប​មួយ​នៅ​ពេល​ខាង​មុខ។

តំណាង​ទូរទស្សន៍ ស៊ី.អិន.អិន វិញ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា សេចក្ដី​រាយការណ៍​របស់​ខ្លួន​គឺ​ជា​សេចក្ដី​រាយការណ៍​ពិត​ឥត​លម្អៀង ដែល​មាន​រៀបរាប់​អំពី​ស្ថានភាព​កុមារី​ដែល​ធ្លាប់​រងគ្រោះ​យ៉ាង​ឈឺ​ចាប់​ខ្លោចផ្សា​នៅ​ក្នុង​អំពើ​ជួញដូរ​មនុស្ស និង​ក៏​បាន​រៀបរាប់​អំពី​ស្នាដៃ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​អាជ្ញាធរ​កម្ពុជា និង​កិច្ច​សហការ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s