ក្រុមហ៊ុន​បើក​ទ្វារ​ទឹក​៤​វិញ​ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

ប្រភព ៖ RFA

ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ សម្រេច​បើក​ទ្វារ​ទឹក​ចំនួន​៤ ឡើង​វិញ ដើម្បី​បង្ហូរ​ទឹក​រហូត​ដល់​កម្រិត​ធម្មជាតិ​វិញ ក្នុង​បំណង​សាងសង់​សំណង់​ដែល​នៅ​សេសសល់ បន្ទាប់​ពី​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​ចំនួន​៨ អស់​រយៈពេល​ជាង ២​សប្ដាហ៍​កន្លង​ទៅ បង្ក​ឲ្យ​លិច​ភូមិ និង​លំនៅឋាន​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ។

តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ សីហា ថា មន្ត្រី​បច្ចេកទេស​បាន​សម្រេច​បើក​ទ្វារ​ទឹក​ចំនួន​៤ ក្នុង​ចំណោម​ទ្វារ​ទឹក​ចំនួន​៨ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ កក្កដា តែ​ការ​បើក​នេះ ក្រុមហ៊ុន​ថា​មិន​បង្ក​ការ​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទេ។ លោក​បញ្ជាក់​ថា ការ​បិទ​សាកល្បង​មួយ​រយៈពេល​នេះ ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹក និង​បំពេញ​ការងារ​ដែល​នៅ​សេសសល់​មួយ​ចំនួន។

តំណាង​ក្រុមហ៊ុន លោក អ៊ុំ រ៉េត ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បើក​ទ្វារ​ទឹក​ចំនួន​៤ ទឹក​ផ្ដើម​ស្រក​ជា​បណ្ដើរៗ​មាន​កម្ពស់ ៦៨​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នៅ​ពុំ​ទាន់​កំណត់​ពេល​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ​នៅ​ឡើយ​ទេ ខណៈ​មន្ត្រី​បច្ចេកទេស​អះអាង​ថា ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់ នឹង​ប្រឈម​ទឹក​លិចលង់ ប្រសិន​បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទំនប់​ទាំងស្រុង៖ «យើង​បិទ​ទឹក​ហ្នឹង​បិទ​សាកល្បង​ទេ ដើម្បី​ពិនិត្យ​មើល​វា​មាន​ជ្រាប និង​លិច​ត្រង់​ណា​អត់។ បើក​វិញ​ដើម្បី​បង្ហូរ​ទឹក​ពី​បាត​អាង​ចេញ​មក ដល់​កម្រិត​ហើយ​យើង​ធ្វើ​សំណង់​ផ្សេងៗ​ទៀត​ដែល​នៅ​ថែមថយ ដូចជា​ធ្វើ​កញ្ច្រែង​កុំ​ឲ្យ​សំរាម​ចូល​តួប៊ីន»

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង លោក ហ្វុត ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ សីហា ថា រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅ​តែ​បន្ត​យាម​នៅ​តាម​ដង​ផ្លូវ​លេខ​៧៨ និង​ផ្លូវ​ចូល​ឃុំ​ស្រែគរ ដដែល ក្នុង​បំណង​មិន​ចង់​ឲ្យ​អ្នក​ខាង​ក្រៅ​ចេញ​ចូល​ឃុំ​ស្រែគរ។ លោក​ថា បច្ចុប្បន្ន​ទឹក​ទន្លេ​សេសាន​ស្រក​ចុះ​ជាង ២​ម៉ែត្រ ធៀប​កម្ពស់​ទឹក​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ហើយ​អំឡុង​ពេល​ទឹក​ជំនន់​ឡើង​មួយ​រយៈពេល បង្ក​ការ​ប៉ះពាល់​ដល់​ផល​ដំណាំ​ពលរដ្ឋ​មួយ​ចំនួន និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យ​សម្បត្តិ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ខកខាន​មិន​បាន​ធ្វើ​កសិកម្ម​ផង៖ «ឲ្យ​បន្ថយ​អាជ្ញាធរ​សមត្ថកិច្ច​ថយ​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​រារាំង​អ្នក​រក​ស៊ី​ប៉ះពាល់​អ្នក​ខ្លះ​គាត់​ចឹង​មក​លក់ដូរ​នៅ​ភូមិ​ស្រែគរ ចឹង​គាត់​មិន​ព្រម​ឲ្យ​មក​ចឹង អ្នក​ខ្លះ​គាត់​ចង់​រក​ស៊ី​អេតចាយ​មិន​ព្រម​ឲ្យ​គាត់​មក»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ធ្លាប់​បញ្ជាក់​ថា កម្លាំង​ដែល​ដាក់​ពង្រាយ​នោះ​ក្នុង​បំណង​ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទៅ​វិញ​ទេ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ យល់​ថា អាជ្ញាធរ​ខែត្រ​បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ ហាក់​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ច្រើន​ជាង​ការ​ចាំ​ជួយ​សង្គ្រោះ ត្បិត​ទីតាំង​ដែល​សមត្ថកិច្ច​ឈរ​ជើង​នោះ​មិន​ចំ​ទីតាំង​ដែល​ត្រៀម​សង្គ្រោះ​ទេ។ លោក​យល់​ថា បើ​អាជ្ញាធរ​ខែត្រ​ចង់​ឲ្យ​ពលរដ្ឋ​ព្រម​ទទួល​សំណង និង​ចាកចេញ​ពី​ភូមិ​ចាស់ គួរ​តែ​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​ចិត្ត ប្រសើរ​ជាង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅ​ក្រហាយ​នាំ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល៖ «តាម​ពិត​យើង​ធ្វើ​ចឹង​បិទ​ផ្លូវ​សេដ្ឋកិច្ច​ប្រយោល ចឹង​ខុស​ច្បាប់​ហើយ។ គាត់​ត្រូវការ​ចាក់​សាំង​ម៉ូតូ​យប់​ព្រលប់ ដឹក​ជញ្ជូន​របស់​គាត់ ធ្វើ​ចឹង​មិន​មែន​ការពារ​ពលរដ្ឋ​ទេ គឺ​ផ្ទុយ​ទៅ​វិញ​ធ្វើ​បាប​ពលរដ្ឋ​ទៅ​វិញ​ទេ»

ទីប្រឹក្សា​ស្រាវជ្រាវ​ឯករាជ្យ លោក ភូ ប៊ុនថាន់ សន្និដ្ឋាន​ថា ការ​បើក​ទ្វារ​ទឹក​របស់​ក្រុមហ៊ុន​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទេ ក៏ប៉ុន្តែ​អំឡុង​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​សាកល្បង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​រួម​មាន ការ​ផ្តាច់​ស្ពាន ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ និង​ការ​រារាំង​អ្នក​ខាង​ក្រៅ​ដែល​ទំនង​ជា​ម្ចាស់​ជំនួយ​មិន​ឲ្យ​ចូល​តំបន់​នោះ ដូចជា​មន្ត្រី​អង្គការ​សហប្រជាជាតិ ជាដើម៖ «ការ​សាងសង់​ទំនប់​គេ​សាកល្បង​ជា​រឿង​ធម្មតា ដើម្បី​ឲ្យ​គុណភាព​នៃ​ជញ្ជាំង​ទំនប់​អាច​ទប់ទល់​នឹង​ទំហំ​ទឹក​ដែល​ស្តុក​ហ្នឹង​បាន​អត់ ហើយ​គុណភាព​នៃ​ការ​ផលិត​អគ្គិសនី​អាច​គ្រប់គ្រាន់​តាម​តម្រូវការ​ដែល​គ្រោង​បាន​អត់។ ខ្ញុំ​ឃើញ​ថា មួយ​ទៀត​ដែល​មិន​ប្រក្រតី​ទាក់ទង​ការ​បិទ​ទឹក​សាកល្បង​ហ្នឹង គឺ​មាន​ការ​ដក​ស្ពាន​មួយ​ចេញ ហាក់​បី​ដូចជា​ការ​កាត់​ជើង​ពលរដ្ឋ​ចឹង»

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ គឺ​មាន ៣​ក្រុមហ៊ុន​ដែល​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។

រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ចំនួន ១២០​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s