សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​មនុស្ស​៣​នាក់​ក្នុង​រឿង​ព​ពោះ​ជំនួស

ប្រភព ៖ RFA

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា បាន​សម្រេច​កាត់​ទោស​មនុស្ស ៣​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ពពោះ​ជំនួស​ជន​បរទេស។ ក្នុង​ចំណោម​មនុស្ស ៣​នាក់​នោះ គឺ​មាន​ខ្មែរ ២​នាក់ និង​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់។

អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ពពោះ​ជំនួស​ទាំង​បី​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ មួយ​ឆ្នាំ​កន្លះ និង​បង់​ប្រាក់​ពិន័យ​មួយ​ចំនួន​ទៀត។

មន្ត្រី​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បញ្ជាក់​ថា អ្នក​ទាំង ៣​រូប ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ផ្ដន្ទាទោស​ពី​បទ​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​ជំនួស និង​បទ​សុំ​ឲ្យ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​តាម​សាលក្រម​លេខ ១៩៩១ ចុះ​ថ្ងៃ​ទី​៣ សីហា។

ការ​ផ្ដន្ទាទោស​ដែល​ចៅក្រម​សម្រេច គឺ​១ ជន​ជាប់​ចោទ​ឈ្មោះ ឆាលស៍ ថាំមី អាឡេន (Charles Tammy Alayne) ជា​ស្ត្រី​សញ្ជាតិ​អូស្ត្រាលី ដោយ​ដាក់​ពន្ធនាគារ ១៨​ខែ ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល។ ជនជាប់ចោទ​ទី​២ ជា​បុរស​ខ្មែរ ឈ្មោះ ពេញ រិទ្ធី ដោយ​ដាក់​ពន្ធនាគារ ១៨​ខែ​ដែរ ហើយ​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល និង​ទី​៣ ជនជាប់ចោទ​ជា​ស្ត្រី​ជនជាតិ​ខ្មែរ ឈ្មោះ សំរិទ្ធ ច័ន្ទចរិយា ត្រូវ​បាន​ចៅក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨​ខែ ហើយ​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល​ដូច​គ្នា។

អ្នកស្រី ថាំមី ដេវិសឆាល (Tammy Davis-Charles) ជា​គិលានុបដ្ឋាយិកា​អូស្ត្រាលី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយសារ​តែ​បើក​គ្លីនិក​ផ្ដល់​សេវា​ជា​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​អ្នក​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ដោយ​ខុស​ច្បាប់។

នាយិកា​អង្គការ​យេនឌ័រ​កម្ពុជា អ្នកស្រី រស់ សុភាព នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា ការ​ផ្ដន្ទាទោស​នេះ បាន​ផ្ដល់​យុត្តិធម៌​ប៉ុណ្ណា​ទេ ទាំង​ចំពោះ​ជនជាប់ចោទ និង​ស្ត្រី​ដែល​ស៊ីឈ្នួល​ពពោះ ស្រប​ពេល​ដែល​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ជាក់លាក់​ហាម​មិន​ឲ្យ​ស្ត្រី​ពពោះ​ជំនួស​នៅ​ឡើយ៖ «ដោយសារ​យើង​អត់​ទាន់​មាន​ច្បាប់​អ៊ីចឹង ហើយ​កាត់​ហ្នឹង​ផ្អែក​ទៅ​លើ​ច្បាប់​ណា អាច​តុលាការ​គេ​ផ្អែក​លើ​ច្បាប់​ដែល​មាន​ស្រាប់ តែ​ច្បាប់​ហ្នឹង​វា​ផ្ដល់​យុត្តិធម៌​ដល់​ជន​ប្រព្រឹត្ត​ហ្នឹង​ដែរ ឬ​អត់? ឬ​ក៏​វា​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវ​បាន​គេ​ជួល​ឲ្យ​ពពោះ ពី​ព្រោះ​រឿង​ពពោះ​ហ្នឹង​ជា​រឿង​ថ្មី​សម្រាប់​កម្ពុជា ថ្វីត្បិត​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ប្រទេស​ផ្សេង។ ដោយ​សារ​ថា ប្រទេស​ផ្សេង​ហ្នឹង វា​មាន​បទពិសោធន៍​មិន​ល្អ ឬ​មិន​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ស្ត្រី​ហ្នឹង អ៊ីចឹង​បាន​ជា​គេ​ឈប់​ធ្វើ​រឿង​ហ្នឹង»

អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ លោក ជីវ ផល្លី មាន​ប្រសាសន៍​ថា ទោះ​ជា​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ជាក់លាក់​ហាម​មិន​ឲ្យ​ស្ត្រី​ពពោះ​ក្ដី ក៏​បញ្ហា​នេះ​មាន​ក្នុង​ក្រមព្រហ្មទណ្ឌ៖ «អន្តរការី​នៃ​ការ​ពពោះ​ហ្នឹង អា​ហ្នឹង​ទាក់ទង​ទៅ​នឹង​ក្រម​ព្រហ្មទណ្ឌ»

កាល​ពី​ចុង​ខែ​កក្កដា រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និង​អនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន អ្នកស្រី ជូ ប៊ុនអេង ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​តាក់​តែង​ច្បាប់​ស្ដីពី​ការ​ការពារ​ការ​ពពោះ​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​កេងប្រវ័ញ្ច​លើ​ទារក។

នាយិកា​អង្គការ​យេនឌ័រ​កម្ពុជា អ្នកស្រី រស់ សុភាព មាន​មតិ​ថា អ្នកស្រី​មិន​ចង់​ឲ្យ​មាន​ការ​ពពោះ​នៅ​កម្ពុជា​ទេ ព្រោះ​តាម​ឧទាហរណ៍​ករណី​នៅ​ប្រទេស​ថៃ ស្ត្រី​ដែល​ស៊ី​ឈ្នួល​ពពោះ​ជួប​ផល​លំបាក​ច្រើន​ទាំង​ផ្នែក​ផ្លូវ​ចិត្ត ការ​រើសអើង​ពី​សង្គម និង​ជីវភាព៖ «នៅ​ថៃ មិន​ទាន់​ដោះស្រាយ​រួច​ផង​រឿង​ពពោះ​ហ្នឹង កូន​វា​កើត​មក​ពីរ។ កូន​មួយ​វា​មាន​សម្បទា​ល្អ ហើយ​មួយ​ទៀត​មាន​រូបរាង​មិន​គ្រប់​លក្ខណៈ។ អ៊ីចឹង​ម្ដាយ​ដែល​គេ​បាន​ជួល​ហ្នឹង គឺ​គេ​យក​តែ​មួយ ហើយ​គេ​ទុក​កូន​ដែល​មិន​ល្អ​ហ្នឹង​ឲ្យ។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ស្ត្រី​ហ្នឹង​ដែល​ជា​អ្នក​ពពោះ​នោះ»

ករណី​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ពាក់ព័ន្ធ​នឹង​អន្តរការី​ពពោះ​នៅ​កម្ពុជា ទាំង ៣​រូប​នេះ គឺ​បន្ទាប់​ពី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ទោះ​ជា​មិន​ទាន់​មាន​ច្បាប់​ជាក់លាក់​ក្ដី ក៏​កាល​ពី​ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​លើ​គោលការណ៍​បណ្ដោះអាសន្ន​មួយ ដោយ​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​សុំ​កូន​អាច​យក​កូន​ដែល​កើត​ចេញ​ពី​ម្ដាយ​ពពោះ​ជំនួស​ចេញ​ពី​កម្ពុជា​បាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s