ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​២​នាក់​ទៅ​បំភ្លឺ​នៅ​តុលាការ​រឿង​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន

ប្រភព ៖ RFA

អ្នក​ភូមិ​សូវង្ស នៃ​ឃុំ​តាជេស ខេត្ត​កំពង់ឆ្នាំង ២០​នាក់ អម​ដំណើរ​តំណាង​ពលរដ្ឋ​ពីរ​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ទៅ​បំភ្លឺ​នៅ​មុខ​តំណាង​អយ្យការ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា។

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​កោះហៅ​ពលរដ្ឋ​ទាំង​ពីរ​គ្រួសារ​ទៅ​បំភ្លឺ​តាម​បណ្ដឹង​របស់​ភាគី​ក្រុមហ៊ុន ដែល​ចោទ​ពួកគេ​ថា បាន​ប្រើ​ហិង្សា​ចូល​កាន់កាប់​លើ​អចលនវត្ថុ​អ្នក​ដទៃ។

ពលរដ្ឋ​ដែល​អះអាង​ថា ដី​របស់​ខ្លួន​មិន​ទាន់​បាន​លក់ និង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​អះអាង​នៅ​ចំពោះ​មុខ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន ក្រោយ​ចេញ​ពី​បំភ្លឺ​នៅ​តុលាការ​ថា ភាគី​ក្រុមហ៊ុន​ដែល​មិន​ស្គាល់​ឈ្មោះ​ច្បាស់​លាស់​នោះ​​​ទៅ​វិញ​ទេ​ដែល​រំលោភ​យក​ដី​កន្លះ​ហិកតារ​របស់​ពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ភូមិ​សូវង្ស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ដោយ​លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក។

លោកស្រី ម៉ែន ម៉ៅ មាន​ប្រសាសន៍​ថា ដី​ស្រែ​គាត់​ទំហំ​ទទឹង​ជាង ៤០​ម៉ែត្រ និង​បណ្ដោយ​ជាង ៧០​ម៉ែត្រ បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​មិន​ដែល​បាន​លក់​ម្ដង​ណា​ឡើយ។​ នៅ​ឆ្នាំ​២០១៣ ក្រុមហ៊ុន​បាន​ព័ទ្ធ​របង​លើ​ដី​ដែល​ទិញ​ពី​អ្នក​ភូមិ​ក្បែរ​នោះ ហើយ​​ព័ទ្ធ​យក​ទាំង​ដី​របស់​គាត់​ទៀត។ លោកស្រី​នៅ​បន្ត​ចូល​ធ្វើ​ស្រែ​ធម្មតា ប៉ុន្តែ​ឆ្នាំ​នេះ​តំណាង​ក្រុមហ៊ុន​ឈ្មោះ លន់ សុខា បាន​មក​ហាមឃាត់​គាត់​មិន​ឲ្យ​ធ្វើ៖ «អម្បាញ់មិញ​គេ​ហៅ​ខ្ញុំ​សួរ​ថា បាន​ដី​កាន់​កាប់​តាំង​ពី​ថ្ងៃ​ណា​មក? ខ្ញុំ​ថា​មេ​ក្រុម​ចែក​តាំង​ពី​ឆ្នាំ​១៩៧៩។ គេ​ប្ដឹង​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​លើ​ប្លង់​ដី​គេ ហើយ​ដី​ខ្ញុំ​អត់​បាន​លក់​ទេ។ គេ​ឃាត់​តែ​ខ្ញុំ​ថា ខ្ញុំ​អត់​ធ្វើ ចាំ​ដោះស្រាយ​ឲ្យ ខ្ញុំ​អត់​អី​ហូប ខ្ញុំ​នឹង​ទៅ​ព្រោះ​ទៀត។ ចង់​ឲ្យ​បើក​របង​វិញ​ឲ្យ​យក​ទៅ​ដាក់​ត្រឹម​ដី​ដែល​ទិញ បាន»

លោកស្រី​ថា កន្លង​ទៅ​ភាគី​ក្រុមហ៊ុន​សន្យា​ផ្ដល់​សំណង​គោលនយោបាយ​ដី ១​ហិកតារ ១​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​ដែល​ធ្វើ​លិខិត​ទិញ​លក់ ឬ​ផ្ដល់​លុយ​មក​ឲ្យ​គាត់​ឡើយ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ស្រាប់​តែ​តំណាង​ក្រុមហ៊ុន​ឈ្មោះ លន់ សុខា មក​និយាយ​ជាមួយ​គាត់​ថា បើ​ព្រម​បញ្ចប់​រឿង​គេ​នឹង​ផ្ដល់​ប្រាក់​ចំនួន ១.៥០០​ដុល្លារ ប៉ុន្តែ​គាត់​ទាមទារ ១​ម៉ឺន ៥​ពាន់​ដុល្លារ ថ្លៃ​ដី​កន្លះ​ហិកតារ​របស់​ពួកគាត់​នោះ។

ចំណែក​ពលរដ្ឋ​ម្នាក់​ដែល​អម​ដំណើរ​ពលរដ្ឋ​ពីរ​នាក់​ឡើង​តុលាការ លោក ប្រាក់ អាត ថា​លោក​អាច​ធ្វើ​សាក្សី​ឲ្យ​ម្ចាស់​ដី​ទាំង​ពីរ​នាក់​បាន​គ្រប់​ពេល ព្រោះ​ដី​នោះ​គាត់​ធ្លាប់​ភ្ជួរ​ស៊ីឈ្នួល​រាល់​ឆ្នាំ៖ «បាន​ខ្ញុំ​ដឹង​ថា គាត់​អត់​ទាន់​លក់ ព្រោះ​អី​គាត់​ជួល​គោយន្ត​ខ្ញុំ​ទៅ​ភ្ជួរ​រាល់​តែ​ឆ្នាំ។ ឆ្នាំ​នេះ​គាត់​ជួល​ខ្ញុំ​ទៅ​ភ្ជួរ​ដែរ គាត់​ត្រាំ​ពូជ​ទៅ​បម្រុង​សាប​ហើយ គេ​យក​ពូជ​មក​សំដិល​ចោល​វិញ ​គាត់​មាន​ចៅ​មួយ​វាល​អត់​អី​ហូប​ហើយ​ឆ្នាំ​នេះ​នោះ»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ឈ្មោះ លន់ សុខា ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ីថា បញ្ជាក់​យ៉ាង​ខ្លី​ថា តុលាការ​នឹង​ចាត់ការ​បណ្ដឹង​ព្រហ្មទណ្ឌ​លើ​ពលរដ្ឋ​ដែល​ទៅ​ភ្ជួរ​រាស់​ដី​គេ​មាន​ប្លង់​រឹង។ លោក​ថា លោក​ពុំ​មាន​សមត្ថកិច្ច​ទៅ​វែកញែក​រក​ម្ចាស់​ដី​ក្រៅ​ពី​ប្លង់​ដែល​មាន​ស្រាប់​នេះ​ឡើយ៖ «គាត់​បាន​ទៅ​ភ្ជួរ​លើ​ដី​គេ ដី​គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ។ អា​ហ្នឹង​មិន​សម្ភាសន៍​ខាង​ខ្ញុំ​ទេ ព្រោះ​កាល​ណា​គេ​បញ្ជាក់​ថា គេ​មាន​ប័ណ្ណ​រឹង យើង​សំអាង​អ្វី​ដែល​ជា​ឯកសារ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់​ថា បើ​តុលាការ​មាន​ភាព​យុត្តិធម៌ តុលាការ​នឹង​វែកញែក​ឲ្យ​ឃើញ​ថា តើ​អ្នក​ណា​ជា​ម្ចាស់​សិទ្ធិ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ​ជា​មុន ទើប​ចាត់​ការ​បណ្ដឹង​ព្រហ្មទណ្ឌ​ដែល​កើត​ចេញ​ពី​ជម្លោះ​ដីធ្លី​នេះ។ លោក​ថា បន្ទាប់​ពី​ពលរដ្ឋ​មក​សុំ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​លោក លោក​នឹង​ចុះ​អង្កេត ហើយ​ធ្វើ​អន្តរាគមន៍​ករណី​នេះ៖ «ខ្ញុំ​ថា​នេះ​ជា​ទម្លាប់​ដដែល​ដែល​អ្នក​មាន​តែងតែ​យក​ផ្លាក ឬ​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​ទៅ​គំរាម​យក​ដី​ប្រជាពលរដ្ឋ​ដែល​គេ​អត់​ទាន់​បាន​លក់ ឬ​ទៅ​យក​ដី​តាម​ទំនើង​ចិត្ត»

លោក សំ ច័ន្ទគា បន្ថែម​ថា ​​អ្នក​មាន​លុយ និង​មាន​អំណាច​ហ៊ុមព័ទ្ធ​របង​រំលោភ​យក​ដី​ពលរដ្ឋ​​មាន​រូបភាព​ស្រដៀង​គ្នា​នេះ​​ច្រើន​ករណី ហើយ​បើ​​ផ្អែក​លើ​ប្លង់​រឹង តុលាការ​អាច​ចាប់​ពលរដ្ឋ​ដាក់​គុក​បាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s