ក្រុម​យុវជន​រិះគន់​អាជ្ញាធរ​ស្រុក​បរិបូរណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សិទ្ធិ​ដីធ្លី

ប្រភព៖ វិទ្យុអាស៊ីសេរី

 

ផែនទី​ខេត្ត​កំពង់ឆ្នាំង។

ក្រុម​និស្សិត និង​ពលរដ្ឋ​ខក​ចិត្ត​នឹង​អាជ្ញាធរ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ប្រមាណ ២៥​នាក់។ អាជ្ញាធរ​ថា ការ​ហាម​ឃាត់​នេះ ដោយសារ​ក្រុម​យុវជន​ពុំ​មាន​ជំនាញ​ច្បាប់​បង្រៀន​ពលរដ្ឋ។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា យុវជន​អាច​បើក​វគ្គ​បណ្ដុះបណ្ដាល​នោះ​បាន​ទៅ​តាម​ចំណេះ​ដឹង ដោយ​គ្រាន់​តែ​ជូន​ដំណឹង​អាជ្ញាធរ​ជាមុន។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​តាំងធ្នឹម ឃុំ​ពេជ្រចង្វារ ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ២០​នាក់ មក​ពី​ភូមិ​ទឹកជ្រាប់ តាំងត្រពាំង និង​ភូមិ​តាំងធ្នឹម នឹង​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​ពេជ្រចង្វារ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ ខែ​សីហា ដើម្បី​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ជាមួយ​និស្សិត​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​ជា​អាជ្ញាធរ​ហាមឃាត់។ គម្រោង​មិន​អាច​ផ្អាក​បាន ព្រោះ​ពួកគេ​បាន​អញ្ជើញ​អ្នក​ចូល​រួម និង​សុំ​ថវិកា​ពី​ម្ចាស់​ជំនួយ​រួច​ហើយ។

តំណាង​ពលរដ្ឋ​ម្នាក់​កញ្ញា ជន សុខា មាន​ប្រសាសន៍​ថា និស្សិត​ពីរ​រូប​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ បាន​ស្ម័គ្រចិត្ត​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​សិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ។ ក្រុម​និស្សិត និង​រូប​កញ្ញា​ពុំ​មាន​ចេតនា​អាក្រក់ ឬ​ធ្វើ​នយោបាយ​ឲ្យ​គណបក្ស​ណា​មួយ​ឡើយ ដោយ​គ្រាន់​តែ​ចង់​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​របស់​ខ្លួន ដែល​កន្លង​ទៅ​កញ្ញា​សង្កេត​ឃើញ​ថា អ្នក​ភូមិ​មិន​ទាន់​យល់​ដឹង៖ «ខ្ញុំ​ខក​ចិត្ត​ជាមួយ​គាត់​ណាស់ ព្រោះ​អី​ខ្ញុំ​គ្រាន់​តែ​បើក​វគ្គ​ចង់​បណ្ដុះបណ្ដាល​គាត់ (ពលរដ្ឋ) ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​ហើយ គាត់​មក​បដិសេធ​នូវ​អ្វី​ដែល​យើង​ជម្រាប​ដល់​គាត់។ គាត់​ថា បើ​យើង​នៅ​តែ​ធ្វើ​អ៊ីចឹង​គេ​អាច​ឲ្យ​ខាង​ប៉េអឹម ប៉ូលិស ទាហាន​អី​មក​ដល់​ពេល​ហើយ​អញ្ជើញ​គាត់​ចូល​រួម តើ​គាត់​ថា​បើក​វគ្គ​ធ្វើ​ឡើង​ចំ​តែ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ»

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​បើក​វគ្គ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​អភិបាល​ស្រុក​ស្ដីទី​លោក ថាន់ សារុំ បង្ហើប​ថា អាជ្ញាធរ​គ្រាន់​តែ​ចង់​ឲ្យ​ក្រុម​និស្សិត​អញ្ជើញ​អ្នក​ជំនាញ​សុរិយោដី​ស្រុក ឬ​ខេត្ត​ទៅ​បង្រៀន​ពលរដ្ឋ ទើប​មាន​ជំនាញ​ច្បាស់លាស់​ជាង​ពួកគេ៖ «ខ្ញុំ​អត់​បាន​ដឹង​ដែរ ព្រោះ​អី​តាម​ពិត​គាត់​មក​ជួប​ខាង​អភិបាល​ស្រុក ហើយ​អភិបាល​ស្រុក​បាន​ពិគ្រោះ​ជាមួយ​ខ្ញុំ។ គាត់​ថា គាត់​សិក្សា​តែ​គ្នា​គាត់​វា​អត់​មាន​ជា​ចំណេះដឹង​ស្អី​ផង ព្រោះ​អី​បើ​បាន​ខាង​សុរិយោដី​អី​ទៅ​ជួយ​សិក្ខាសាលា ឬ​បណ្ដុះបណ្ដាល​គាត់​ទៅ​កាន់​តែ​មាន​ចំណេះដឹង​ល្អ​ទៀត​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​និស្សិត​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ពលរដ្ឋ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​យល់​ថា អាជ្ញាធរ​គួរ​តែ​ត្រេកអរ​ទៅ​វិញ​ទេ ​ដែល​មាន​ក្រុម​និស្សិត ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ជួយ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​យល់​ពី​សិទ្ធិ និង​បញ្ហា​ដីធ្លី​ដែល​កើត​មាន៖ «ហេតុផល​ហ្នឹង​មិន​អាច​យក​ជា​ការ​បាន​ទេ! អ្នក​ណា​ក៏​មាន​សិទ្ធិ​ចែក​រំលែក​ចំណេះ​ដឹង​ដែរ ហើយ​មិន​ចាំ​ដល់​តែ​អ្នក​ជំនាញ​នោះ​ទេ។ អ៊ីចឹង​អស់​លោក​លោកស្រី​ដែល​ធ្វើ​ការងារ គាត់​មាន​ចំណេះដឹង​ប៉ុណ្ណា មិន​មែន​សាស្ត្រាចារ្យ​ច្បាប់​ណា ម៉េច​គាត់​ទៅ​បង្ហាត់ ឬ​ពន្យល់​ប្រជាជន​បាន»

ក្រុម​និស្សិត និង​តំណាង​ពលរដ្ឋ​បាន​យក​គោលដៅ​ឃុំ​ពេជ្រចង្វារ ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល ដោយសារ​ពលរដ្ឋ​នៅ​ឃុំ​នេះ និង​ឃុំ​ពីរ​ផ្សេង​ទៀត​ក្បែរ​នោះ កំពុង​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ចិន និង​ជប៉ុន ដែល​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​កាត់​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ មិន​ទាន់​ដោះស្រាយ​សំណង​ចប់​សព្វគ្រប់។ ប៉ុន្តែ​កន្លង​ទៅ​អាជ្ញាធរ​ប្រាប់​ថា ពលរដ្ឋ​ទាំង​នេះ​ពុំ​មាន​បញ្ហា​អ្វី​ទេ គ្រាន់​តែ​ចង់​បាន​សំណង​ឲ្យ​បាន​ឆាប់​ប៉ុណ្ណោះ។

លោក សំ ច័ន្ទគា ថា ការ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​ទៅ​តាម​សមត្ថភាព មិន​មែន​ជា​រឿង​ខុស​ច្បាប់​ដែល​អាជ្ញាធរ​ត្រូវ​ហាម​ឃាត់​ឡើយ ដូច្នេះ​ក្រុម​និស្សិត​អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s