ព្រៃឈើ​ជាច្រើន​ហិកតារ​ក្នុង​ស្រុក​ចុងកាល់​កំពុង​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

ប្រភព៖ វិទ្យុអាស៊ីសេរី

ព្រៃឈើ​នៅ​តំបន់​ចុង​វាំង ចន្លោះ​អតីត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន លី យ៉ុងផាត់ និង​ព្រៃ​សហគមន៍​តាជួង ក្នុង​ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ត្រូវ​មនុស្ស​ចំណូល​ថ្មី​កាប់​រំលំ។ រូបថត​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of ADHOC

ប្រភព​ពី​ពលរដ្ឋ​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ នៃ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ជន​ចំណូល​ថ្មី​ជាច្រើន​បាន​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ជិត​តំបន់​ដែល​ពួក​គេ​រស់នៅ ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ក្រុម​អ្នក​ភូមិ​និយាយ​ថា ក្រុម​មនុស្ស​ចំណូល​ថ្មី​ទាំងនោះ​មិន​ដឹង​មក​ពី​ទីណា​ឡើយ គឺ​ខ្លះ​បាន​យក​ត្រាក់ទ័រ​ឈូស​ព្រៃ ហើយ​យក​ដី​វាស់​ចែក​គ្នា​ដោយ​មិន​ឃើញ​អាជ្ញាធរ​ណា​មួយ​ចេញ​មុខ​បង្ក្រាប​ទេ។

ពលរដ្ឋ​ខ្លះ​នៅ​ភូមិ​ស្រះកែវ ឃុំ​ពង្រ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​នៅ​ចន្លោះ​ដី​អតីត​ក្រុមហ៊ុន លី យ៉ុងផាត់ និង​ដី​ព្រៃ​សហគមន៍​តាជួង ឲ្យ​បាន​ទាន់​ពេល​ទេ មិន​យូរ​មិន​ឆាប់ ព្រៃឈើ​ទីនោះ​នឹង​វិនាស​ហិនហោច​គ្មាន​សល់។

ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ចំណូល​ថ្មី​ជាច្រើន​មិន​ដឹង​មក​ពីណា បាន​នាំ​គ្នា​ទៅ​កាប់​ព្រៃ​ជាច្រើន​ហិកតារ ដោយ​អ្នក​ខ្លះ​មាន​ទាំង​ប្រើ​ត្រាក់ទ័រ​រុញ​ផង​ដើម្បី​យក​ដី​ទៅ​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ស្រះកែវ ជាច្រើន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា ថា ជា​រៀង​រាល់​ថ្ងៃ គាត់​ឃើញ​ក្រុម​មនុស្ស​ចំណូល​ថ្មី​បាន​នាំ​គ្នា​ជាច្រើន​ចូល​ទៅ​កាប់​ព្រៃ​នៅ​តំបន់​ចុង​វាំង ចន្លោះ​អតីត​ដី​ក្រុមហ៊ុន លី យ៉ុងផាត់ និង​សហគមន៍​ការពារ​ព្រៃឈើ​តាជួង ហើយ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ដី​ចែក​គ្នា។

បុរស​ដដែល​បញ្ជាក់​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​នៅ​ទីនោះ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ទៅ​សាកសួរ​ជន​ទាំងនោះ​ថា​មក​ពី​ទីណា​ឡើយ ពីព្រោះ​តែ​គាត់​មិន​ស្គាល់​គេ៖ «មិន​ដឹង​ជា​មនុស្ស​មក​ពីណា​ទេ គេ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ព្រៃ​យក​ដី​ចែក​គ្នា។ ព្រៃឈើ​ស្រស់ៗ​គេ​កាប់​រំលំ​បម្រុង​យក​ដី​ធ្វើ​ស្រែ​ធ្វើ​ចម្ការ»

អ្នក​ភូមិ​ស្រះកែវ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ចុងកាល់ និង​ខេត្ត​ឧត្តរមានជ័យ គួរ​ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​កាប់​រាន​ព្រៃឈើ​ទីនោះ ថា​តើ​មាន​ច្បាប់​អនុញ្ញាត​ដែរ​ឬ​ក៏​យ៉ាង​ណា?

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឃុំ​ពង្រ និង​ស្រុក​ចុងកាល់ មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់​ទេ​ថា តើ​ក្រុម​មនុស្ស​ចំណូល​ថ្មី​ដែល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​មក​ពីណា? គឺ​បាន​ត្រឹម​តែ​សន្និដ្ឋាន​ប៉ុណ្ណោះ។

មេ​ឃុំ​ពង្រ លោក ប៉ាន់ ឃាន់ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា​អ្នក​ដែល​ទៅ​កាប់​ព្រៃឈើ​នៅ​តំបន់​ចុង​វាំង​នោះ ជា​អ្នក​ណា​ទេ ប៉ុន្តែ​លោក​យល់​ថា ប្រហែល​ជា​ម្ចាស់​ដី​ដែល​មេ​ឃុំ​មុន​បាន​ចុះ​ហត្ថលេខា​ប្រគល់​ឲ្យ​គេ​រួច​ហើយ៖ «ខ្ញុំ​ដូចជា​មិន​ទាន់​បាន​ដឹង​អំពី​សកម្មភាព​កាប់​ព្រៃ​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នៅ​តំបន់​ចុង​វាំង​នោះ ពី​មុន​គឺ​មេ​ឃុំ​បាន​ចែក​ឲ្យ​ពលរដ្ឋ​កាប់​គាស់​ធ្វើ​ចម្ការ​ដាំ​ដំឡូង​ហើយ»

ថ្វីត្បិតតែ​មេ​ឃុំ​ពង្រ អះអាង​ដូច្នេះ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទីនោះ​នៅ​ឡើយ​ទេ។

ចំណែក​អភិបាល​ស្រុក​ចុងកាល់ លោក រិទ្ធី ប៉ាក មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​យ៉ាង​ណា​ទេ។ លោក​អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា ដី​តំបន់​នោះ ជាច្រើន​ឆ្នាំ​មុន​គឺ​កង​ទាហាន​ធ្លាប់​បាន​ស្នើសុំ​អាជ្ញាធរ ប៉ុន្តែ​នៅ​ពេល​ដែល​កើត​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ គឺ​ទាហាន​ទាំងនោះ​បាន​ដក​ចេញ​ពី​ស្រុក​ចុងកាល់ ទៅ​បោះ​ទីតាំង​នៅ​ស្រុក​បន្ទាយអំពិល ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយអំពិល ជាច្រើន​គ្រួសារ។ លោក​ថា មនុស្ស​ដែល​ទៅ​កាប់​ព្រៃ​នៅ​តំបន់​ចុង​វាំង​នោះ ប្រហែល​ជា​ពលរដ្ឋ​មក​ពី​ស្រុក​បន្ទាយអំពិល ដែល​អាជ្ញាធរ​ខេត្ត​បាន​ដោះដូរ​ដី​នោះ​ឲ្យ​ពួក​គាត់ ដោយ​មាន​ឯកសារ​តាម​ច្បាប់​ត្រឹមត្រូវ៖ «សង្ស័យ​តែ​គាត់​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​ខាង​ស្រុក​បន្ទាយអំពិល នោះ​ទេ​ដឹងមិន​មាន​អ្នក​ណា​កាប់​ព្រៃឈើ​យក​ដី​ទេ មាន​តែ​បង​ប្អូន​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​បន្ទាយអំពិល ដែល​ត្រូវ​ដោះដូរ​ដី​ថ្មី»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សូត្រ ស៊ីសុឃាង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក អ៊ឹម សាវរិទ្ធិ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​មនុស្ស​ចំណូល​ថ្មី​នាំ​គ្នា​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើន​ហិកតារ នៅ​តំបន់​ចុង​វាំង នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ក៏​បាន​ចុះ​ទៅ​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ចុង​វាំង ជិត​ភូមិ​ស្រះកែវ នៃ​ឃុំ​ពង្រ នោះ​ដែរ កាល​ពី​ចុង​សប្ដាហ៍​នេះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​ព្រៃឈើ​ជាច្រើន​ហិកតារ​ត្រូវ​គេ​កាប់​រំលំ ហើយ​ឈូស​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ លោក ស្រី ណារ៉េន ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ចុះ​ទៅ​ពិនិត្យ​មើល​ក្រុម​មនុស្ស​ដែល​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ទាំងនោះ ថា​តើ​មាន​ច្បាប់​អនុញ្ញាត​ដែរ​ឬ​ក៏​យ៉ាង​ណា?៖ «ពីព្រោះ​ដី​ហ្នឹង​វា​នៅ​ចន្លោះ​អតីត​ដី​របស់​ក្រុមហ៊ុន ខ្ញុំ​ខ្លាច​តែ​មាន​ការ​ឃុបឃិត​គ្នា​ដើម្បី​យក​ដី​មក​ចែក​គ្នា»

អ្នក​ភូមិ​ស្រះកែវ ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​ឧសភា មក​ម្ល៉េះ គេ​ឃើញ​ក្រុម​មនុស្ស​ចំណូល​ថ្មី​ជាច្រើន​នាំ​គ្នា​ជិះ​គោយន្ត​ចូល​ទៅ​កាប់​ព្រៃឈើ​ដើម្បី​រុក​រាន​យក​ដី ក៏ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ទៅ​សាកសួរ ឬ​ក៏​មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s