ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​បារម្ភ​ពី​វប្បធម៌​ប្រពៃណី​ធ្លាក់​​ចុះ

ប្រភព : VOD

ជនជាតិ​ដើម​ភាគតិច​គ្រឹង ភូមិ​ថារ៉ងជង ឃុំ​អូរជុំ ស្រុក​អូរជុំ រៀបចំ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ក្នុង​សហគមន៍​របស់​ខ្លួន និង​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ការ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ប្រពៃណី​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​​បារម្ភ​ថា អត្តសញ្ញាណ​ពួកគេ​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ពេល​អនាគត។

​ចាប់​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​សាលា​ប្រជុំ​ភូមិ​ថារ៉ងជង ឋិត​នៅ​ទី​រួម​ស្រុក​អូរជុំ ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង នាំ​គ្នា​សំអាត​រោង​ប្រជុំ​ភូមិ ចង​លំអ​ក្រណាត់​ចម្រុះ​ពណ៌ រួម​ទាំង​ដាក់​តាំង​បដា​ពាក្យស្លោក​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគតិច និង​លើក​កម្ពស់​អភិរក្ស​វប្បធម៌​ប្រពៃណី​​ជនជាតិ​ដើម​ភាគតិច​ជាដើម។

នៅ​ខាង​ក្រោយ​សាលា​ប្រជុំ​ភូមិ អ្នក​ខ្លះ​បង្កាត់ភ្លើង​ដាំបាយ និង​សម្លាប់​ជ្រូក មាន់ ដើម្បី​រៀបចំ​ធ្វើ​ម្ហូប​អាហារ​សែន​ព្រេន និង​សម្រាប់​បរិភោគ​រួម​គ្នា​ក្នុង​ពិធី​ពេញ​មួយ​ថ្ងៃ​នៃ​ខួប​លើក​ទី​១៣ សម្រាប់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា និង​ជា​ខួប​លើក​ទី​២៣ នៅ​ថ្នាក់​ពិភពលោក។

​ជនជាតិ​ដើម​ទាំង​នោះ តុបតែង​ខ្លួន​ប្រាណ​បែប​ប្រពៃណី​ ស្លៀក​ប៉ឹង លែង​ខ្លួន​លំអ​ដោយ​ខ្សែក​តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច។

​បុរស​វ័យ​ជាង ៤០​ឆ្នាំ គឺ​លោក រ៉ាង ហុប គោះ​ជួង​ប្រមូល​អ្នក​ភូមិ​ឲ្យ​មក​ជុំ​គ្នា​បន្ថែម​ទៀត​នៅ​រោង​ប្រជុំ​ភូមិ ខណៈ​អ្នក​ភូមិ​ប្រមាណ ៤០​នាក់ រួម​ជាមួយ​មន្ត្រី​ភូមិ ឃុំ និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ជួប​ជុំ​គ្នា​ដើម្បី​បើក​មីទីង​លើក​ទី​ពីរ​របស់​សហគមន៍​ភូមិ​ថារ៉ងជង ទាក់ទិន​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​​នៃ​ជនជាតិ​ដើម​ភាគ​តិច​នេះ។

រ៉ាង ហុប និយាយ​ថា នេះ​ជា​ពិធី​សំខាន់​ដែល​ដាស់​ស្មារតី​អ្នក​ភូមិ​ឡើង​វិញ ខណៈ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ វប្បធម៌​ខាង​ក្រៅ​ជះឥទ្ធិពល​កាន់​តែ​ច្រើន​ទៅ​លើ​អត្តសញ្ញាណ​អ្នក​ភូមិ ជា​ពិសេស​ក្រុម​យុវវ័យ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌​ស្រុត​ចុះ​ជា​បន្តបន្ទាប់ ហើយ​អ្នក​ភូមិ​បាន​ក្លាយ​ជា​អ្នក​រង​គ្រោះ​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ គ្មាន​ដី​សម្រាប់​កប់​សព និង​ព្រៃ​សម្រាប់​ការ​គោរព​ត្រូវ​បាន​បាត់បង់​អស់​គ្មាន​សល់៖ «ខ្ញុំ​ព្រួយ​បារម្ភ​ដែរ បើ​ខ្ញុំ​ធ្វើ​ម្នាក់​ឯង​មិន​កើត បើ​អ្នក​ចេះ អ្នក​ចាស់ៗ​គេ​ចេះ គេ​អត់​ដឹក​នាំ។ នៅ​ភូមិ​នេះ​ជា​លើក​ទី​២ គេ​រំលឹក​ទៀត​គេ​អាច​អប់រំ​គេ​ឲ្យ​យល់​ដឹង​ពី​យុត្តិធម៌»

ភូមិ​ថារ៉ងជង ឋិត​នៅ​ទី​រួម​ស្រុក​អូរជុំ មាន​ចម្ងាយ​ពី​ក្រុង​បានលុង ប្រមាណ ១០​គីឡូម៉ែត្រ។ ភូមិ​នេះ​មាន​​ពលរដ្ឋ​រស់​នៅ​ជាង ១៦០​គ្រួសារ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​គ្រឹង មាន​ជាង ៩០​ភាគរយ។បច្ចុប្បន្ន​អ្នក​ភូមិ​មិន​ទាន់​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​នីតិបុគ្គល​បង្កើត​ជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផ្លូវ​ការ​នៅ​ឡើយ។

បដា​មួយ​ផ្ទាំង​ដែល​អ្នក​ភូមិ​បង្ហាញ​ក្នុង​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ​មាន​អត្ថន័យ​ថា ត្រូវ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​របស់​អ្នក​ភូមិ​ទាក់ទិន​កិច្ច​ការពារ​ដីធ្លី​ដែល​កាន់​តែ​រួម​តូច ខណៈ​តំបន់​នោះ​ត្រូវ​បាន​ពលរដ្ឋ​ចំណាក​ស្រុក​ចូល​មក​តាំង​ទីលំនៅ​កាន់​តែ​ច្រើន។

មាន​តួនាទី​ជា​ជំនួយ​ការ​ភូមិ​ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ អ្នកស្រី កង សៀវ រៀបរាប់​ថា ដី​លំនៅឋាន​ក្នុង​ភូមិ​កាន់​តែ​ចង្អៀត​សូម្បី​ដី​សម្រាប់​កប់​សព និង​ព្រៃ​អារក្ស​សម្រាប់​ប្រពៃណី​​ជនជាតិ​គ្មាន​សេសសល់​សម្រាប់​គម្រោង​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​នោះ​ទេ។ អ្នកស្រី​បារម្ភ​ទៅ​ថ្ងៃ​អនាគត ប្រសិន​អ្នក​ភូមិ​មិន​បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​ទេ ដី​ភាគ​ច្រើន​របស់​អ្នក​ភូមិ​នឹង​ត្រូវ​បាត់បង់​បន្ត​ដោយសារ​ការ​លក់ដូរ​របស់​ពលរដ្ឋ​ក្រីក្រ៖ «ទំនៀមទម្លាប់​ប្រពៃណី​​ពី​ដើម​បាត់បង់​អស់​ហើយ ខ្ញុំ​គិត​ថា អាជ្ញាធរ​ដែនដី​សុំ​រក​ដី​លំនៅឋាន​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​កាន់តែ​ចង្អៀត​ហើយ​មនុស្ស​ច្រើន»

​នៅ​ក្នុង​សារ​របស់​តំណាង​អង្គការ​សហប្រជាជាតិ និង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ឆ្នាំ​នេះ​បាន​គាំទ្រ និង​បង្ហាញ​ពី​គោលនយោបាយ​លើក​ស្ទួយ​សិទ្ធិ​រស់​នៅ​​របស់​ជនជាតិ​ដើម​ភាគតិច និង​គោល​នយោបាយ​ចុះ​បញ្ជី​ដី​ជនជាតិ​ដើម​ជា​កម្មសិទ្ធិ​សមូហភាព រួម​ទាំង​ច្បាប់​ជាតិ អន្តរជាតិ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច។

មេ​ភូមិ​ថារ៉ងជន លោក ព្រឹម ញ៉េន កត់សំគាល់​ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​នេះ​មាន​សារសំខាន់​បង្ហាញ​ឲ្យ​អ្នក​ភូមិ​យល់​ដឹង​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​បច្ចុប្បន្ន​ពួកគាត់​មាន​ការ​យល់​ដឹង​ទាប ហើយ​ទទួល​យក​វប្បធម៌​មិន​ល្អ​ពី​ខាង​ក្រៅ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ក្លាយ​ជា​ជនរងគ្រោះ។ លោក​បារម្ភ​ថា អ្នក​ភូមិ​សេសសល់​តែ​ដី​ធ្វើ​ចម្ការ និង​ដី​លំនៅឋាន​គ្មាន​ដី​កប់​សព ព្រៃ​អារក្ស និង​ដី​ត្រៀម​ហេតុ​នេះ​គម្រោង​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ដោះស្រាយ។

​ចំណែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរជុំ លោក ស៊ីម ផ្លាន បញ្ជាក់​ថា អ្វី​ដែល​អ្នក​ភូមិ​ត្រូវ​នាំ​គ្នា​បន្ត​ការពារ​គឺ​អនុវត្ត​ប្រពៃណី​ទំនៀមទម្លាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ឡែក​អាជ្ញាធរ​បាន​ស្នើ​សុំ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ពីរ​ហិកតារ​សម្រាប់​ធ្វើ​តំបន់​កប់​សព​សហគមន៍ ហេតុ​នេះ​អ្នក​ភូមិ​ត្រូវ​ខិត​ខំ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​​រៀបចំ​ឯកសារ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល​ដើម្បី​ឈាន​ទៅ​ចុះ​​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព៖ «ចូលរួម​ដើម្បី​ឲ្យ​គាត់​យល់​ពី​អត្ថប្រយោជន៍​នៃ​ជនជាតិ​ដើម​ភាគតិច​របស់​យើង។ រាជរដ្ឋាភិបាល​​គាត់​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​យើង គេ​មិន​ឲ្យ​បាត់បង់​ជនជាតិ​ដើម​យើង​ទេ​មិន​ឲ្យ​បាត់បង់​អត្តសញ្ញាណ​យើង​ទេ»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ភូមិ​ថារ៉ងជន បាន​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​នៅ​ក្នុង​ទិវា​ជនជាតិ​ដើម​ពិភពលោក​ឆ្នាំ​នេះ​ថា អ្នក​ភូមិ​នៅ​តែ​មាន​ឆន្ទៈ​រក្សា​ប្រពៃណី​យ​វប្បធម៌ និង​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​នៅ​គង់វង្ស និង​រួម​ចំណែក​អភិវឌ្ឍន៍​សហគមន៍​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដូច​ជនជាតិ​ដទៃ​ទៀត​​ក្នុង​សកលលោក៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s