ជនជាតិ​ដើម​ភាគតិច​ថា​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ខណៈ​រដ្ឋាភិបាល​ថា​បាន​យក​ចិត្ត​ទុក​ដាក់

ប្រភព : VOD

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តំណាង​ជនជាតិ​ដើម​ភាគតិច​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​តំណាង​រាជ​រដ្ឋាភិបាល នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៣ នៅ​ទី​រួម​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា។ ពិធី​នេះ​មាន​គោល​បំណង​ជំរុញ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ការ​ផ្តល់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី ធនធាន​ធម្មជាតិ​នៅ​តំបន់​ដែល​ពួក​គាត់​រស់នៅ ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​បញ្ឈប់​ការ​រើសអើង​ដល់​ពួក​គាត់ ជាដើម។

ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៣ នៅ​ឆ្នាំ​២០១៧ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ គម្រប់​ខួប​លើក​ទី​១០ នៃ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​រៀបចំ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៣ និង​ជា​ទិវា​ជាតិ​លើក​ទី​១៣ មាន​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច តាម​រយៈ​ការ​ទទួល​ស្គាល់​ជា​សាធារណៈ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ទូទៅ​អំពី​វប្បធម៌ ប្រពៃណី និង​បញ្ហា​ប្រឈម​របស់​ពួក​គាត់​នៅ​ពេល​បច្ចុប្បន្ន។

លោក​បន្ត​ថា អ្វី​ដែល​ពិសេស​នៅ​ឆ្នាំ​នេះ​សម្រាប់​ប្រទេស​កម្ពុជា គឺ​ទាំង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ឯកភាព​គ្នា​រៀបចំ​ពិធី​នៅ​ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ប្រពៃណី​ទំនៀមទម្លាប់ ពិសេស​ជនជាតិ​ដើម​ភាគតិច​កួយ។ បន្ថែម​ពី​នេះ ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​លើក​ឡើង​ពី​សេចក្តី​ត្រូវការ ទៅ​កាន់​អ្នក​រៀបចំ​គោល​នយោបាយ និង​អ្នក​អនុវត្ត​ច្បាប់​ទៀត​ផង៖ «នៅ​ក្នុង​សេចក្តី​ប្រកាស​ហ្នឹង​សង្កត់​ធ្ងន់​ទៅ​លើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​៨។ ទិដ្ឋភាព​ទាក់ទង​ការ​ការពារ​វប្បធម៌ អត្តសញ្ញាណ​ទាក់ទង​ជនជាតិ​ដើម​ភាគតិច»

វេទិកា​ដែល​រៀបចំ​នៅ​ទី​រួម​ខេត្ត​កំពង់ធំ នេះ​មាន​អ្នក​ចូលរួម​ជាង ១​ពាន់​នាក់ មក​ពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល អាជ្ញាធរ​ខេត្ត អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ជនជាតិ​ដើម​ភាគតិច​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

តំណាង​រាជ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ពី​សមិទ្ធផល​សម្រេច​បាន​នានា ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគតិច និង​អះអាង​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា ដូចជា​លើក​កម្ពស់​លើ​វិស័យ​អប់រំ និង​វិស័យ​សុខភាព​ដល់​ពួក​គាត់ ស្រប​តាម​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច ឲ្យ​មាន​សាមគ្គីភាព​ល្អ​ក្នុង​សង្គម។ បន្ថែម​ពី​នេះ ជួយ​ឲ្យ​ពួក​គាត់​មាន​ចំណេះដឹង​ប្រសើរ និង​មាន​ប្រពៃណី​វប្បធម៌​ភ្លឺ​ថ្លា ព្រម​ទាំង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច ពោល​គឺ​គ្មាន​ភាព​ក្រីក្រ និង​គ្មាន​អនក្ខរជន។

ក្រៅ​ពី​ការ​ប្រារព្ធ​នៅ​ខេត្ត​កំពង់ធំ ពិធី​នេះ​ក៏​មាន​ការ​រៀបចំ​នៅ​តាម​សហគមន៍​ជាច្រើន​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

 

តំណាង​ជនជាតិ​ដើម​ភាគតិច​គ្រឹង មក​ពី​ខេត្ត​រតនគិរី លោកស្រី ឡាត់ សុខឯម មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​បញ្ហា​ដីធ្លី ការ​អប់រំ​នៅ​មាន​កម្រិត ស្ថានភាព​រស់នៅ​ជួប​ការ​លំបាក និង​ការ​រើសអើង។ លោកស្រី​បន្ត​ថា អ្វី​ដែល​ពួក​គាត់​ចង់​បង្ហាញ​ទៅ​រាជ​រដ្ឋាភិបាល និង​សាធារណជន គឺ​ចង់​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជា​អាទិភាព ព្រោះ​ពួក​គាត់​ជា​ជន​ងាយ​រងគ្រោះ ម្យ៉ាង​ត្រូវ​បញ្ឈប់​ការ​រើសអើង​ដល់​ជនជាតិ​ដើម​ភាគតិច៖ «បញ្ហា​ទាំងអស់​ហ្នឹង​ជា​បញ្ហា​ចម្បង ដែល​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​រង​ភាព​ក្រីក្រ ព្រោះ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​ខ្មែរ និង​លើ​ពិភពលោក ពឹង​ទាំងស្រុង​លើ​ធនធាន​ធម្មជាតិ»

ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៩ សីហា ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក។

ជនជាតិ​ដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា មាន​ប្រមាណ ២៤​ក្រុម និង​ប្រើប្រាស់​ភាសា​ខុសៗ​គ្នា ហើយ​មាន​ចំនួន​ប្រហែល ១​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច លោក សៅ វណ្ណសី កត់​សម្គាល់​ថា ច្បាប់​លិខិត​បទដ្ឋាន​ផ្សេងៗ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​កិច្ច​ការពារ​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ល្អ​ប្រសើរ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​មាន​ភាព​យឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ជួប​បញ្ហា​ប្រឈម៖ «ប្រសិន​បើ​មាន​ការ​ពន្លឿន​ទទួល​ស្គាល់​ជនជាតិ​ដើម​ភាគតិច​ទៅ​លើ​ដី​សមូហភាព ដែល​ជា​ដី​គាត់​សម្រាប់​រក្សា​ទុក ជា​ដី​ប្រពៃណី​វប្បធម៌​របស់​គាត់។ ខ្ញុំ​គិត​ថា​បញ្ហា​ទំនាស់​ដីធ្លី នឹង​លែង​កើត​មាន​ឡើង»

ក្រោយ​ពី​បញ្ចប់​វេទិកា​នេះ តំណាង​ថ្នាក់​ដឹកនាំ​សហគមន៍ និង​សមាជិក​ជនជាតិ​ដើម​ភាគតិច​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​មើល​ឃើញ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៧ ចំពោះ​ការ​ទទួល​ស្គាល់​អត្តសញ្ញាណ និង​លើក​កម្ពស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន។ ប៉ុន្តែ​ពួក​គាត់​បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ ដោយសារ​ការ​អនុវត្ត​ច្បាប់ គោល​នយោបាយ និង​អនុសាសន៍​ផ្សេងៗ​នៅ​មាន​ភាព​យឺតយ៉ាវ មិន​អាច​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​ឡើង​នៅ​តាម​មូលដ្ឋាន​ជុំវិញ​រឿង​ដីធ្លី ដែនដី​ដូនតា និង​ធនធាន​ធម្មជាតិ។

ពួក​គាត់​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជា​អាទិភាព​មួយ​ចំនួន ដូចជា​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​រុករក​រ៉ែ និង​ក្រុមហ៊ុន​ដី​សម្បទាន​នៅ​តាម​បណ្ដា​ខេត្ត ដូចជា​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​ព្រះវិហារ ព្រម​ទាំង​ដោះស្រាយ​វិបត្តិ​ដីធ្លី​រវាង​សហគមន៍​ជាមួយ​ក្រុមហ៊ុន​នៅ​តំបន់​ទាំងនេះ។ លើស​ពី​នេះ​ទៀត ទាមទារ​បញ្ឈប់​ការ​រើសអើង​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង និង​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s