ស្ត្រី​ម្នាក់​គាំង​បេះដូង​សន្លប់​បន្ទាប់​ពី​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​ថ្មី​ក្នុង​តំបន់​ការពារ​នៃ​ឧទ្យាន​អង្គរ

ប្រភព ៖​ RFA

ប្រភព​ពី​ពលរដ្ឋ​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​សំណង់​ថ្មី​នៅ​ជិត​ប្រាសាទ​បន្ទាយក្ដី បាន​គាំង​បេះដូង​សន្លប់ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​សីហា។ ការ​គាំង​បេះដូង​សន្លប់​នោះ បន្ទាប់​ពី​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប សហការ​គ្នា​ចុះ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ ហើយ​បាន​វាយ​បំផ្លាញ​សំណង់​របស់​គាត់។

អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បញ្ជូន​សមត្ថកិច្ច​ចម្រុះ​មាន​កម្លាំង​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​អប្សរា កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ ចុះ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​ទាំងឡាយ​នៅ​តំបន់​ទី​១ និង​ទី​២ នៃ​ឧទ្យាន​អង្គរ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​សីហា។

ពលរដ្ឋ​ខ្លះ​នៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការ​ដែល​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​ថ្មី​របស់​ពួក​គេ​នោះ។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​សំណង់​ថ្មីៗ​ចំនួន​ពីរ​នៅ​ភូមិ​លាងដៃ ដែល​អាជ្ញាធរ​ចាប់​ផ្ដើម​ចុះ​រុះរើ​មុន​គេ គឺ​លោកស្រី សែម អ៊ីដា។ នាង​មាន​ប្រសាសន៍​ថា នាង​ទើប​តែ​មាន​គ្រួសារ​ថ្មី ហើយ​ឪពុក​ក្មេក​បាន​ចែក​ដី​ឲ្យ​ធ្វើ​ផ្ទះ​រស់នៅ​ផ្សេង ដោយសារ​តែ​ផ្ទះ​ដែល​មាន​ជា​យូរ​មក​ហើយ​តូច​ចង្អៀត។ រូប​នាង និង​ប្ដី​បាន​ចាប់​ផ្ដើម​ធ្វើ​ខ្ទម​ថ្មី​ពី​ឈើ​ប្រក់​ស័ង្កសី កាល​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ខែ​ឧសភា ដោយ​នាង​មិន​នឹក​ស្មាន​ថា ក្រោយ​ពី​បោះឆ្នោត​រួច អាជ្ញាធរ​ចុះ​រុះរើ​វិញ​ដូច្នេះ​ទេ៖ «ខ្ញុំ​ចង់​សួរ​ថា អ្នក​រុះរើ​ផ្ទះ​ខ្ញុំ​នេះ​គាត់​រស់នៅ​នឹង​អ្វី បើ​គាត់​រស់នៅ​លើ​ចុង​ត្នោត ខ្ញុំ​ក៏​អាច​រស់នៅ​បាន បើ​គាត់​រស់នៅ​ក្នុង​ផ្ទះ ខ្ញុំ​ក៏​ត្រូវ​មាន​សិទ្ធិ​ធ្វើ​ផ្ទះ​រស់នៅ​បាន​ដែរ»

ម្ចាស់​សំណង់​ថ្មី​ម្នាក់​ទៀត​នៅ​ភូមិ​លាងដៃ ដែរ លោក ទិត្យ បញ្ញាមុន្នី ចោទ​ប្រកាន់​អាជ្ញាធរ​ថា​បាន​រំលោភ​សិទ្ធិ​មាន​ទីលំនៅ​របស់​ពួក​គាត់។ បុរស​ដដែល​បញ្ជាក់​ថា គាត់​មាន​ភូមិ​កំណើត​នៅ​ទីនេះ បើ​មិន​ឲ្យ​គាត់​សង់​ផ្ទះ​រស់នៅ​ពេល​មាន​ប្រពន្ធ​កូន​នេះ តើ​ឲ្យ​គាត់​ទៅ​រស់នៅ​ទីណា?៖ «អាជ្ញាធរ​ពី​មុន​មក​ធ្លាប់​បាន​ប្រជុំ​នៅ​អង្គរ អ៊ិច ថា​បើ​បង​ប្អូន​រស់នៅ​តាំង​ពី​ដើម គឺ​អាច​កសាង​ជម្រក​បាន ចុះ​ហេតុ​អ្វី​ពេល​នេះ​ខ្ញុំ​ធ្វើ​ខ្ទម​នៅ​មិន​បាន

អ្នក​ភូមិ​លាងដៃ ជាច្រើន​នាក់​និយាយ​ថា ការ​សង់​ផ្ទះ និង​ខ្ទម​ថ្មី​សម្រាប់​រស់នៅ​នីមួយៗ គឺ​ពួក​គេ​បាន​ទៅ​ខ្ចី​បុល​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​លាន​រៀល ហើយ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​រុះរើ​វិញ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ទាំង​ផ្ទះ​នៅ ឯ​ការ​ជំពាក់​បំណុល​ក៏​កាន់​តែ​ធ្ងន់ធ្ងរ។

អ្នក​ភូមិ​លាងដៃ ម្នាក់​ទៀត លោក គិន គង់ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អប្សរា​ដែល​ចុះ​រុះរើ​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​នោះ សូម​គិត​ទៅ​ដល់​គោល​នយោបាយ​ចេញ​សង​ខ្លះៗ​ផង៖ «ឲ្យ​គិតគូរ​ជួយ​ដោះដូរ​ជា​សំណង ជា​ថវិកា​បន្តិចបន្តួច​ខ្លះ កុំ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ដុនដាប»

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​អប្សរា​ដែល​ចាត់​វិធានការ​ចុះ​រុះរើ​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​នោះ មិន​បាន​និយាយ​ពី​គោល​នយោបាយ​សំណង​ណា​មួយ​ឡើយ។

អភិបាល​ស្រុក​អង្គរធំ លោក ឡុង រដ្ឋារក្ស ដែល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​ចុះ​រុះរើ​សំណង់​ថ្មីៗ មាន​ប្រសាសន៍​ថា ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ថ្មីៗ​ក្នុង​តំបន់​អង្គរ​នេះ គឺ​លោក​ធ្វើ​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​អប្សរា រួម​នឹង​សាលា​ខេត្ត​សៀមរាប ដែល​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​ត្រឹម​ថ្ងៃ​ទី​៩ ខែ​សីហា ហើយ​លើស​ពី​ថ្ងៃ​នោះ គឺ​អាជ្ញាធរ​នឹង​ចុះ​រុះរើ៖ «ធម្មតា​ទេ ការ​រុះរើ​គាត់​តែងតែ​មាន​ការ​ស្នើសុំ ឬ​សំណូមពរ​ឲ្យ​រក្សា​ទុក​សំណង់​របស់​គាត់​ដដែល ក៏ប៉ុន្តែ​ផ្លូវ​ច្បាប់​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់​បាន​នោះ​ទេ»

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា អាជ្ញាធរ​អប្សរា​ដែល​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​អង្គរ​ចំនួន​ពីរ​ស្រុក និង​មួយ​ក្រុង គឺ​នៅ​ឃុំ​រលួសខាងលិច នៃ​ស្រុក​ប្រាសាទបាគង នៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប និង​នៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ នៃ​ស្រុក​អង្គរធំ។

ប្រភព​ពី​អ្នក​ភូមិ​រហាល សង្កាត់​នគរធំ ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា មាន​ស្ត្រី​ម្ចាស់​សំណង់​ថ្មី​ម្នាក់​នៅ​ជិត​ប្រាសាទ​បន្ទាយក្ដី បាន​គាំង​បេះដូង​សន្លប់​នៅ​ពេល​ដែល​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ​សំណង់​របស់​គាត់។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ស៊ុំ ម៉ាប់ ធ្លាប់​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ថា ចាប់​តាំង​ពី​ថ្ងៃ​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​មាន​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នៃ​ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង និង​ស្រុក​អង្គរធំ បាន​កើត​ឡើង​ចំនួន​ជាង ៥២០​កន្លែង។ លោក​អគ្គនាយក​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា ប្រសិន​បើ​មិន​រើ​សំណង់​ទាំងនោះ​ទេ គឺ​ហានិភ័យ​អង្គរ​របស់​កម្ពុជា អាច​នឹង​ត្រូវ​បាន​គេ​ដាក់​ជា​ជំហាន​ដំបូង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​បើ​ការ​ប៉ះពាល់​នៅ​តែ​បន្ត គឺ​អាច​នឹង​ត្រូវ​គេ​លុប​ចេញ​ពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា តាម​ការ​ចុះ​ពិនិត្យ គឺ​សំណង់​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ខុស​ច្បាប់​នោះ ពិត​ជា​សំណង់​ថ្មីៗ​មែន ប៉ុន្តែ​លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ដែល​អនុវត្ត​ការ​ចុះ​រុះរើ​សំណង់​ទាំងនោះ គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ​ភាព​គ្នា កុំ​ឲ្យ​រុះរើ​សំណង់​ខ្លះ ប៉ុន្តែ​សំណង់​ខ្លះ​ទៀត​មិន​ហ៊ាន​រុះរើ​ឲ្យ​សោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s