អ្នក​បឹងកក់​ដាក់​ញត្តិ​ទៅ​អ.ស.ប សុំ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី

ប្រភព ៖ RFA

អ្នក​សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ ប្រមាណ ២០​នាក់ យក​ញត្តិ​ទៅ​ដាក់​ជូន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា។ ការ​ដាក់​ញត្តិ​នេះ គឺ​តាម​រយៈ​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

តំណាង​អ្នក​សហគមន៍​ដែល​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា គឺ​លោកស្រី បូវ សោភា ថ្លែង​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ថា គោល​បំណង​ដាក់​ញត្តិ គឺ​ចង់​ជួប​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បី​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ៖ «ហើយ​មួយ​ទៀត គឺ​យើង​ចង់​បង្ហាញ​ពី​ការ​ដែល​ពួក​យើង​រង​អំពើ​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ព្រោះ​ពួក​ខ្ញុំ​បាន​ដឹង​ហើយ​ថា គាត់​នឹង​មក​ជួប​ជាមួយ​លោក អង្គវង្ស វឌ្ឍានា ដែល​គាត់​ធ្វើ​ការ​នៅ​ក្រសួង​យុត្តិធម៌ ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធ​តុលាការ​បាន​ខ្លះ។ គាត់​នឹង​សិក្សា​គ្នា​មើល ដើម្បី​ផ្ដល់​ស្នាម​ញញឹម​ដល់​ប្រជាពលរដ្ឋ។ ទង្វើ​ទាំងអស់​នោះ​ហើយ​ដែល​ខ្ញុំ​ចង់​ជួប​គាត់​ថា ពួក​ខ្ញុំ​រាល់​ថ្ងៃ​ត្រូវ​បាន​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​យ៉ាង​ម៉េច​ខ្លះ ត្រូវ​រង​អំពើ​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​យ៉ាង​ម៉េច​ខ្លះ ហើយ​ត្រូវ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ម៉េច​ខ្លះ ដែល​ផ្ទុយ​ចាក​ពី​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស​ពិតប្រាកដ។ តែ​ទីបំផុត គឺ​ពួក​ខ្ញុំ​អត់​ដែល​បាន​ទទួល​ការ​គោរព​ទេ ព្រោះ​អី​តុលាការ​បាន​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​បាន​ស្គាល់​នូវ​ភាព​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ ពី​ប្រព័ន្ធ​ដែល​មិន​គោរព​ច្បាប់​សិទ្ធិ​មនុស្ស​ទាំងអស់​ហ្នឹង​ឯង»

ការ​ដាក់​ញត្តិ​នេះ គឺ​មួយ​ថ្ងៃ​មុន​ការ​មក​ដល់​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត ដែល​នឹង​មក​ទស្សនកិច្ច​ស្វែង​យល់​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ សីហា។

ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត មក​កម្ពុជា នេះ​ជា​លើក​ទី​បួន ដែល​នឹង​មាន​រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៨ សីហា។ ក្នុង​ទស្សនកិច្ច​លើក​នេះ អ្នកស្រី​នឹង​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាទូទៅ ហើយ​ជាពិសេស គឺ​សិទ្ធិ​កុមារ ដែល​អ្នកស្រី​នឹង​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ស្ថានភាព​ជួញដូរ និង​កេងប្រវ័ញ្ច​លើ​កុមារ។ ក្នុង​ពេល​នេះ​ដែរ អ្នកស្រី រ៉ូណា ស្មីត ក៏​គ្រោង​ជួប​មន្ត្រី​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ការទូត​នានា​នៅ​កម្ពុជា។ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែរ​ដែល​អ្នក​បឹងកក់​ចង់​ជួប​អ្នកស្រី។

ការ​មក​ដល់​របស់​អ្នកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​ទី​៨ សីហា ក៏​ចំ​ថ្ងៃ​ដែល​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ គ្រោង​ប្រកាស​សាល​ដីកា​លើ​ករណី​អ្នកស្រី ទេព វន្នី។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មិន​ទាន់​អាច​បញ្ជាក់​បាន​ថា អ្នកស្រី រ៉ូណា ស្មីត អាច​ជួប​អ្នក​បឹងកក់ ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​អ្នកស្រី​ឆ្លើយតប​ថា នឹង​ប្រគល់​ញត្តិ​រក​អន្តរាគមន៍​ករណី​អ្នកស្រី ទេព វន្នី នោះ​បន្ត៖ «ពេល​ដែល​លោកស្រី រ៉ូណា ស្មីត មក​ដល់​ប្រទេស​កម្ពុជា លោកស្រី វ៉ាន់ហ៊ី លី នឹង​ពិភាក្សា​គ្នា​ជាមួយ​លោកស្រី រ៉ូណា ស្មីត ពី​ពេលវេលា​ថា តើ​គាត់​អាច​ជួប​បាន​ឬ​យ៉ាង​ណា»

អ្នកស្រី ទេព វន្នី ជា​តំណាង​សហគមន៍​បឹងកក់ និង​ជា​សកម្មជន​ដីធ្លី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ។ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប។ អ្នកស្រី ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ថា បាន​បង្ក​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៣។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍ លោក ង៉ែត សារ៉ាត ថ្លែង​ថា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​ការ​សម្រេច​ករណី​នេះ​នៅ​ថ្ងៃ​អង្គារ ទី​៨ សីហា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s