ប្រភព ៖ RFA
ក្រុមអង្គការស៊ីវិលបីស្ថាប័នបានចេញរបាយការណ៍ស្ដីពីការអង្កេតរបស់ខ្លួនពេញមួយឆ្នាំក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់រដ្ឋាភិបាល។ របាយការណ៍នោះលើកឡើងថា ច្បាប់មួយចំនួនដែលបានធ្វើឡើងក្នុងឆ្នាំ២០១៦ បានរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ទន្ទឹមនឹងការរកឃើញថា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋត្រូវរឹតត្បិតកាលពី២០១៦ កន្លងទៅនោះ របាយការណ៍របស់សង្គមស៊ីវិលក៏រកឃើញទៀតថា មនុស្ស ៩នាក់ បានរត់ចោលស្រុកទៅក្រៅប្រទេសព្រោះភ័យខ្លាចការសងសឹក ក្រោយពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន។
ក្រៅពីនេះ ក៏មានការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិតាមរយៈរូបភាពផ្សេងៗទៀតជាច្រើន ខណៈអ្នកវិភាគនយោបាយ គណបក្សប្រឆាំង និងអ្នកតវ៉ាផ្សេងទៀត ត្រូវទទួលបណ្តឹងបទចោទបរិហារកេរ្តិ៍ និងបទញុះញង់ និងបទល្មើសផ្សេងជាដើម។
របាយការណ៍កម្រាសជាង ១០០ទំព័រ ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា មានឈ្មោះថា គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ត្រូវបានអង្គការសង្គមស៊ីវិលចំនួនបី គឺមជ្ឈមណ្ឌលសិទ្ធិកម្ពុជាកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់ដោយមិនយកកម្រៃ (ICNL) រួមគ្នាសិក្សា និងស្រាវជ្រាវចាប់ពីដើមខែមេសា ឆ្នាំ២០១៦ ដល់ចុងខែមីនា ឆ្នាំ២០១៧។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណ និយាយថា របាយការណ៍នេះគឺជាការចូលរួមក្នុងការរិះគន់ដើម្បីរដ្ឋាភិបាលឲ្យមានការកែលំអ។ លោកបន្តថា ការបង្ហាញរបាយការណ៍ គឺចង់រំលឹកទៅរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់គឺផ្ដោតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្ស៖ «ច្បាប់សព្វថ្ងៃពេលខ្លះគឺបង្កើតទៅតាមចំណងអ្នកនយោបាយ មិនមែនបង្កើតផ្អែកទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន»។
អាស៊ីសេរី មិនទាន់អាចសុំការប្រតិកម្មពីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ ថ្ងៃទី១០ ខែសីហា។
លោក ស៊ឹង សែនករុណ ឲ្យដឹងថា ក្រោយចេញរបាយការណ៍លើកទី១ នៃឆ្នាំទី១ ក្រុមអង្គការសង្គមស៊ីវិល នឹងចេញរបាយការណ៍នៅឆ្នាំបន្ទាប់ទៀត។
របាយការណ៍ដដែលលើកឡើងទៀតថា ការធ្វើច្បាប់មួយចំនួនក្នុងឆ្នាំ២០១៦ កន្លងទៅ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។ ច្បាប់ទាំងនោះបានផ្ដល់សិទ្ធិអំណាចយ៉ាងច្រើនដល់រដ្ឋាភិបាល និងដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះអ្នករំលោភបំពាន។ ភាសារមិនច្បាស់លាស់ដែលមានចែងក្នុងច្បាប់ទាំងនោះ បង្កើតនូវហានិភ័យនៃការអនុវត្តច្បាប់តាមអំពើចិត្ត៕