ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​លើ​កោះរ៉ុង​បន្ត​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌

ប្រភព ៖ RFA

ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះរ៉ុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) បន្ត​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​កន្លង​មក​ដី​ចម្ការ​ដំណាំ​ពួកគាត់​មួយ​ផ្នែក ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដើម្បី​ពង្រីក​ផ្ទៃដី​អភិវឌ្ឍន៍​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដែល​មាន​លោក​ឧកញ៉ា គិត ម៉េង ជា​អគ្គនាយក​បាន​បន្ត​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ថា​តើ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា​វិនិយោគ ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ត្រឹមត្រូវ​ដែរ ឬ​ទេ។

ប្រជាពលរដ្ឋ​អះអាង​ថា ផ្នែក​ខ្លះ​នៃ​ដី​លំនៅឋាន និង​ដី​ចម្ការ​ដំណាំ​របស់​ពួកគាត់​ដែល​ធ្លាប់​កាន់កាប់ និង​បង្កបង្កើនផល ក្រោយ​ឆ្នាំ​១៩៧៩ មក ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប រំលោភ​យក​ទៅ​សង់​សំណង់​សណ្ឋាគារ​ផ្កាយ​ប្រាំ គឺ​មិន​ទាន់​ស្ថាប័ន​ពាក់ព័ន្ធ រួម​នឹង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិន​ទាន់​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ។

បុរស​វ័យ​ចាស់​ឈ្មោះ លោក សុខ ចិន្តា មាន​ចំណែក​ដី​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ដែល​អះអាង​ថា ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប រំលោភ​យក​ដីធ្លី បាន​លើកដៃ​សំពះ​ទទូច​ស្នើសុំ​ដល់​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជួយ​ចេញ​ទិន្នន័យ​ក្បាល​ដី ឬ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់ ព្រោះ​ការ​បិត​ផ្សាយ​បញ្ជី​ឈ្មោះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ដែនដី ស្ដីពី​លទ្ធផល​ចុះ​វាស់​ចំណែក​ក្បាលដី​ជូន​ពលរដ្ឋ​កន្លង​មក​នេះ មិន​មាន​ឈ្មោះ ឬ​បញ្ជី​ទិន្នន័យ​ក្បាលដី​ពួកគាត់​ទេ៖ «ខ្ញុំ​មាន​ដី​តែ​មួយ​កន្លែង​នេះ ឥឡូវ​ក្រុមហ៊ុន​លោក​ឧកញ៉ា គិត ម៉េង បាន​មក​រំលោភ​យក​ដី​ខ្ញុំ និង​បាន​សង់​សំណង់​ផ្សេងៗ នៅ​លើ​ដី​ខ្ញុំ។ យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​មាន​ដី​តែ​មួយ​កន្លែង​នេះ​ទេ ហើយ​ដី​នេះ ខ្ញុំ​មាន​ដាំ​ដំណាំ​ដាំ​ដុះ តាំង​ពី​ឆ្នាំ​១៩៧៩ ពេល​យួន​ចូល​មក​កម្ពុជា មក​ម្ល៉េះ គឺ​ខ្ញុំ​បាន​មក​រស់​នៅ​លើ​ដី​មួយ​កន្លែង​នេះ។  ឥឡូវនេះ​អាជ្ញាធរ​បាន​ចុះ​វាស់វែង គឺ​មាន​ក្បាល​ដី និង​មាន​ទិន្នន័យ​ក្បាលដី​ត្រឹមត្រូវ ប៉ុន្តែ​មិន​មាន​ឈ្មោះ​ពួក​ខ្ញុំ​ទេ។ ដូច្នេះ​សូម​ឲ្យ​សម្ដេច​ជួយ​កូន​ចៅ​ពួក​ខ្ញុំ​ផង ពួក​ខ្ញុំ​ក្រីក្រ​ណាស់»។

ចំណែក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត ឈ្មោះ ជី វិស័យ ដែល​អះអាង​ថា មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ក៏​បាន​សំពះ​បួងសួង​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ ព្រោះ​អាជ្ញាធរ​មិន​ទាន់​បាន​ចេញ​ទិន្នន័យ​ក្បាល​ដី​ដែល​បាន​ចុះ​វាស់​នោះ​ជូន​ពួកគាត់​ទេ៖ «ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប គេ​មក​ហាម​មិន​ឲ្យ​ខ្ញុំ និង​កូនចៅ​រស់​នៅ​លើ​ដី​ខ្ញុំ​នេះ​ទេ ដោយ​ក្រុម​ថា ដី​របស់​គេ ប៉ុន្តែ​ដី​នេះ​គឺ​ជា​ដី​របស់​ខ្ញុំ​បាន​កាន់កាប់​ពិត​ប្រាកដ​កន្លង​មក ហេតុ​ដូច​ម្ដេច​បាន​ជា​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប មក​អះអាង​ថា ជា​ដី​គេ​ទៅ​វិញ ហើយ​ពេល​នេះ​គឺ​បាន​មក​សង់​ផ្ទះ​សម្បែង​ពេញ​ទាំង​អស់​នៅ​លើ​ដី​ខ្ញុំ។ ដី​ខ្ញុំ​គឺ​មាន​ដាំ​ដើម​ស្វាយ មាន​ដាំ​ដើម​ចន្ទី និង​មាន​កូនចៅ​បាន​មក​សង់​ផ្ទះ​នៅ​លើ​ដី​ជាក់ស្ដែង​នេះ​កន្លង​មក ប៉ុន្តែ​ពេល​នេះ​ខាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​មក​ដេញ​មិន​ឲ្យ​ពួក​ខ្ញុំ​រស់នៅ​លើ​ដី​​នេះ​ទៀត​ទេ។ ឥឡូវ​នេះ ខ្ញុំ​សូម​ឲ្យ​សម្ដេច​ជួយ​ឲ្យ​នាង​ខ្ញុំ​បាន​ដី​សង់ផ្ទះ និង​ដាំ​ដំណាំ​ដូចដើម​វិញ»។

ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក មាន​ប្រសាសន៍​ថា បើ​ពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា​ទៅ​លើ​ការ​ចេញ​ទិន្នន័យ​ក្បាល​ដី ឬ​បាត់ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​វាស់​ចំណែក​ក្បាលដី បន្ទាប់​ពី​អាជ្ញាធរ​បាន​បិត​ប្រកាស​ទិន្នន័យ​ក្បាល​ដី​នៅ​សង្កាត់​កោះរ៉ុង ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​មក​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ជូន។ លោក នួន ប៉ុក មាន​ការ​រារែក​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​កង្វល់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប មាន​ទីតាំងនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ដោយ​អះអាង​ថា រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​លើ។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ករណី​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប នេះ លោក​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​សម្របសម្រួល​ជា​បន្ត​ទៀត ដោយ​ប្រកាន់​យក​យុទ្ធសាស្ត្រ​ឈ្នះៗ​ទាំង​អស់​គ្នា។

ទំនាស់​នេះ លោក យន្ត មីន បាន​អះអាង​ថា កន្លង​មក​លោក​ធ្លាប់​បាន​អញ្ជើញ​ភាគី​ទំនាស់​មក​សម្របសម្រួល​ម្ដង​រួច​ហើយ ដោយ​ខាង​ភាគី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប យល់​ព្រម​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ​តវ៉ា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ចម្ការ​ដំណាំ​ពួកគាត់​នៅ​ភូមិ​សុខសាន្ត។

លោក​បន្ត​ថា ករណី​នេះ​រូប​លោក​ក៏​បាន​ផ្ញើ​របាយការណ៍​ដាក់​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​រួច​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ៖ «ជម្លោះ​នេះ ខ្ញុំ​កំពុង​អញ្ជើញ​ខាង​ភាគី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប និង​ភាគី​ម្ចាស់​ដី​ម្ខាង​ទៀត​មក​មក​ជួប​ពិភាក្សា​គ្នា ដើម្បី​រិះរក​វិធី​កណ្ដាល​មួយ​ប្រយោជន៍​ឲ្យ​ឈ្នះ​ទាំង​អស់​គ្នា ហើយ​រឿង​នេះ​ខ្ញុំ​បាន​ស៊ីញ៉េ​នៅ​លើ​ឯកសារ​របាយការណ៍​ដាក់​ជូន​ទៅ​ក្រសួង​ដែនដី ឲ្យ​ខាង​ក្រសួង​ជំនាញ​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​មាន​ជម្លោះ​ជាមួយគ្នា​មក​ជួប​ពិភាក្សា​ដើម្បី​សម្របសម្រួល​បញ្ចប់​ជម្លោះ»។

ទោះ​ជា​បែប​នេះ​ក្ដី ខាង​តំណាង​ភាគី​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​បាន​អះអាង​ថា កន្លង​មក​ពួកគេ​មិន​ទាន់​ទទួល​បាន​ការ​សម្របសម្រួល​ណា​មួយ​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាមួយ​ភាគី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ម្ដង​ណា​ទេ។ តំណាង​ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​លទ្ធផល​ដែល​ថា បាន​ពួកគេ​ព្រម​ទទួលយក​លទ្ធផល​នៃ​ការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ជា​លាយលក្ខណ៍​អក្សរ​មក​បង្ហាញ​ជា​សាធារណៈ។ តំណាង​ភាគី​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី ក៏​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ​ទៅ​លើ​​សកម្មភាព​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដើម្បី​ឈាន​ដល់​ផ្ដល់​យុត្តិធម៌​ដីធ្លី​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប រំលោភ​យក​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ​នៅ​ភូមិ​សុខសាន្ត នៅ​ពេល​កន្លង​មក។

តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង កន្លង​មក​បាន​ចោទ​ប្រជាពលរដ្ឋ​តវ៉ា​លើ​ទំនាស់​ដីធ្លី​នៅ​ភូមិ​សុខសាន្ត ថា​ជា​ជន​អនាធិបតេយ្យ និង​មាន​គំនិត​ប៉ុនប៉ង​រំលោភ​យក​ដី​ក្រុមហ៊ុន​ដែល​ត្រូវ​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ស្រប​ច្បាប់​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង។ តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​បង្ហាញ​ឯកសារ​ច្បាប់​មួយ​ចំនួន​ជូន​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទាក់ទង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​វិស័យ​ទេសចរណ៍​ស្រប​ច្បាប់​នៅ​លើ​កោះរ៉ុង ពី​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល។

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​បាន​បដិសេធ ហើយ​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ និង​ជួយ​អន្តរាគមន៍​យក​ចំណែក​ផ្ទៃដី​ដែល​ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​រំលោភ​យក​សង់​សំណង់​ផ្សេងៗ​កន្លង​មក ប្រគល់​ជូន​ពួកគាត់​អាស្រ័យ​ផល​ដូច​ដើម​វិញ។

​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី អំពាវនាវ​ដល់​ក្រសួង​ដែនដី ពិសេស​ប្រមុខ​ដឹកនាំ ជួយ​ចេញ​មុខ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ។

បន្ថែម​លើ​នេះ អ្នកស្រី សុធារី ក៏​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ទៅ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​ផ្កាយ​ប្រាំ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប នៅ​លើ​កោះរ៉ុង កន្លង​មក ត្រូវ​ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ថា​តើ​បាន​អនុវត្ត​ស្រប​តាម​កិច្ចសន្យា​វិនិយោគ​ត្រឹមត្រូវ ឬ​យ៉ាង​ណា៖ «រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប អត់​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ជា​ភាគី​ជម្លោះ​ឲ្យ​ចប់​នោះ​ទេ ប៉ុន្តែ​បាន​ឃើញ​តែ​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ការ​សាងសង់​សំណង់​អគារ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន ព្រមទាំង​បាន​សង់​ផ្លូវ​មួយ​ខ្សែ​ដាក់​ជូន​ពលរដ្ឋ​ទូទៅ​ប្រើប្រាស់ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដីធ្លី មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ធ្វើការ​ដោះស្រាយ​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ សេន កោះរ៉ុង (Royal Sands Koh Rong) ក្នុង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុង​អំឡុងពេល​បើក​ការដ្ឋាន​សាងសង់​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចូលរួម​បើក​ពិធី​សម្ពោធ។

រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ។ ក្នុង​ប្លង់​អភិវឌ្ឍន៍​កោះរ៉ុង ទាំង​មូល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែល​គេ​ចង​ព្យួរ​នៅ​តាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាលដី​កោះរ៉ុង ក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​នា​មូលដ្ឋាន​នេះ​មាន​ទំហំ​សរុប​ជិត ៨​ពាន់​ហិកតារ (៧.៨២៦)។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នឹង​កោះ​អញ្ជើញ​ភាគី​ពលរដ្ឋ​រងគ្រោះ និង​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប មក​ជួប​ពិភាក្សា​គ្នា​ឈាន​ទៅ​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ដោយ​ពេល​នេះ​រដ្ឋបាល​ខេត្ត​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s