ពលរដ្ឋ​មាន​ផ្ទះ​អម​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ខ្លាច​ទឹក​ភ្នែក​ដោយ​ការ​អភិវឌ្ឍ

ប្រភព​៖ RFA

ពលរដ្ឋ​ប្រមាណ ៦០​នាក់​មក​ពី​សហគមន៍​ចំនួន​៨ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សំណើ​របស់​ពួក​គេ​ដែល​បាន​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​ជួប​ជជែក​ពិភាក្សា​ស្វែងរក​ចំណុច​សមរម្យ​មួយ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​តំបន់​ផ្លូវ​រថភ្លើង។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ពលរដ្ឋ​ស្ងៀមស្ងាត់ និង​បន្ត​រស់នៅ​តាម​ជីវភាព​ធម្មតា​សិន។

ការ​លើក​គ្នា​មក​ជួបជុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ម្តង​ហើយ​ម្តង​ទៀត​នេះ ដោយសារ​ពលរដ្ឋ​ព្រួយ​បារម្ភ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​ផ្លូវ​រថភ្លើង​មួយ​នេះ​មិន​មាន​តម្លាភាព។

តំណាង​សហគមន៍​ភូមិ​២៣ លោកស្រី មាស ស្រីមុំ ថ្លែង​ថា អាជ្ញាធរ​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ប្រវែង​ពិតប្រាកដ​ដែល​ត្រូវ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្ងប់​ចិត្ត។ លោកស្រី​បន្ថែម​ថា ប្រសិន​បើ​រាល់​ការ​អភិវឌ្ឍ​មិន​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ការ​អភិវឌ្ឍ​នោះ​នឹង​មិន​អាច​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ឡើយ៖ «អភិវឌ្ឍ​ដើម្បីសង្គម​ជាតិមែន​ទេខ្ញុំ​មិន​ប្រឆាំង​ទេ តែ​អភិវឌ្ឍ​ត្រូវ​មាន​តម្លាភាព រាស្ត្រ និង​រដ្ឋ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ត្រូវ​ជួយ​សហការ​គ្នា​ឲ្យ​ល្អ​បាន​ប្រសើរ កុំ​ឲ្យ​រាស្ត្រ​ចេញ​ទៅទឹក​ភ្នែក​ហើយ ជេរ​ប្រទេច​បណ្ដាសា​ដូច​បុរីកីឡា បឹងកក់ ដី​ក្រហម យើង​ឃើញ​ស្រាប់​ហើយ​ទុក្ខ​លំបាកគាត់​ប៉ុនណា លំបាក​ណាស់»

ពលរដ្ឋ​ដែល​ជួបជុំ​គ្នា​ថ្ងៃ​នេះ រស់នៅ​ក្នុង​សង្កាត់​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ មាន​សង្កាត់​ទឹកល្អក់១ សង្កាត់​ស្រះចក និង​សង្កាត់​បឹងកក់២។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ពលរដ្ឋ​ទាំង ៨​សហគមន៍​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួប​ផ្ទាល់​ជាមួយ​អភិបាល​រាជធានី​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ឃួង ស្រេង។

ក្នុង​ជំនួប ពលរដ្ឋ​គ្រោង​ជជែក​លើ​ប្លង់​អភិវឌ្ឍន៍​ដែល​ពលរដ្ឋ​រៀបចំ​ក្នុង​គោល​បំណង​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់។ ប្លង់​អភិវឌ្ឍន៍​ដែល​ពលរដ្ឋ​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ជជែក​នោះ គឺ​បែងចែក​ចំនួន​ពីរ​ផ្សេង​គ្នា គឺ​ប្លង់​ទី​១ ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​២ ភូមិ​២១ និង​ភូមិ​២៣ ស្នើសុំ​អភិវឌ្ឍ​ផ្លូវ​ដែល​មាន​ទទឹង ១៤​ម៉ែត្រ វាស់​ពី​របង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) មក​ទល់​មុខ​ផ្ទះ​ពលរដ្ឋ។ ចំណែក​ប្លង់​ទី​២ គឺ​ពលរដ្ឋ​រស់នៅ​ភូមិ​២ ភូមិ​១៥ ភូមិ​១៦ ភូមិ​១៧ និង​ភូមិ​២២ ស្នើ​អភិវឌ្ឍ​ផ្លូវ​សងខាង​អ័ក្ស​ផ្លូវ​រថភ្លើង​ចម្ងាយ ៨​ម៉ែត្រ​កន្លះ។

ពលរដ្ឋ​ម្នាក់ គឺ​លោក នាង ផាននិត្យ ឲ្យ​ដឹង​បន្ទាប់​ពី​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា នេះ​ថា សំណើ​របស់​ពួក​គេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​សាលា​ក្រុង​ទាមទារ​ឲ្យ​ពលរដ្ឋ​ស្ងប់ស្ងាត់ និង​បន្ត​រស់នៅ​ដូច​ធម្មតា​ទៅ​វិញ៖ «ពួក​យើង​ប្រហែល​ជា​អត់​ស្ងប់ស្ងាត់​ទេ ព្រោះ​វា​អត់​មាន​អី​មួយ​ច្បាស់លាស់ ច្បាស់​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ខាង​ពួក​យើង ហើយ​គាត់​បញ្ជាក់​ថា ឥឡូវ​គាត់​កំពុង​ស្ដារ​ប្រឡាយ​នៅ​ស្ទឹងមានជ័យ ហើយ​អ៊ីចឹង​គាត់​កំពុង​រៀបចំ​ខាង​ស្ទឹងមានជ័យ សិន ពេល​រៀបចំ​រួច​រាល់​ហើយ ទើប​មក​ខាង​ផ្លូវ​៧០ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៥ បាន​បញ្ចប់​ពី​ផ្លូវ​លេខ​៥ ហ្នឹង​ទៅ ទើប​គាត់​ចូល​ដល់​តំបន់​ខាង​ពួក​ខ្ញុំ ខាង​អភិវឌ្ឍ​ថ្មី។ អ៊ីចឹង​ពួក​ខ្ញុំ​គឺ​ជា​ជម្រើស​ទី​៣ ប៉ុន្តែ​មិន​ដឹងពេល​ណា​គាត់​ធ្វើ​ទេ»

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សង្កេត​ឃើញ​ថា សាលា​រាជធានី​ភ្នំពេញ​ពិត​ជា​មិន​បាន​ផ្តល់​ព័ត៌មាន​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ និង​តែង​លើក​គ្នា​មក​សាកសួរ​ព័ត៌មាន​បែប​នេះ។ លោក សៀ ភារម្យ ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួប​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់ និង​មាន​ផែនការ​ច្បាស់លាស់ ដូច​អ្វី​ដែល​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅ​អគារ​ប៊ូឌីង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s