ចាប់​ខ្លួន​ ៣ ​នាក់​ពេល​ផ្ទុះ​អំពើ​ហិង្សា​រឿង​ជម្លោះ​ដីធ្លី​នៅ​កំពត

ប្រភព ៖ ភ្នំពេញបុស្តិ៍

អ្នកភូមិ ៣ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​មួយ ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ខណៈ​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​ឃុំ​តេជោអភិវឌ្ឍន៍​បាន​ប៉ះទង្គិច​ជាមួយ​តំណាង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បង្គាប់​ឱ្យ​ទៅ​វាយកម្ទេច​លំនៅឋាន​របស់​ពួកគេ​។

វីដេអូ​ពី​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ថា​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន បាន​វាយកម្ទេច​ផ្ទះ​សំបែង​របស់​អ្នកភូមិ​ក្នុង​នោះ​ក៏​ឃើញ​អ្នក​ភូមិ​បាន​ចាប់​ទាញ​កម្មករ​ក្រុមហ៊ុន​ម្នាក់​ទម្លាក់​ពី​ម៉ូតូ​ហើយ​បាន​វាយដំ​ផង​ដែរ ខណៈ​ដែល​អ្នក​ភូមិ​ផ្សេង​ទៀត​ឃើញ​កំពុង​វាយ​កម្ទេច​កញ្ចក់​រថយន្ត​ក្រុមហ៊ុន​។

អំពើ​ហិង្សា​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជា​ច្រើនសា​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​កន្លង​មក​នេះ​ជា​អ្វី​ដែល​អ្នក​ភូមិ​ជ្រៃ​បាក់​បាន​ប្រឈម​ជាមួយ​ទាហាន និង​កងរាជ​អាវុធហត្ថ​ដែល​កំពុង​ការពារ​ដី​របស់​ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ចាន់ សុធា​។

ជម្លោះ​ដីធ្លី​នេះ​យ៉ាង​ហោច​ណាស់​បាន​កើតឡើង​ចាប់​តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ​នៅ​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​រាប់ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​វាស់វែង​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​។

ប៉ុន្តែ​ទីតាំង​ដាច់​ស្រយាល​មួយ​កន្លែង​នៃ​ខេត្ត​កំពត​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំប្រទល់​ខាង​កើត​ជាមួយ​ឧទ្យាន​ជាតិ​បូកគោ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជ្រៃបាក់​អះអាង​ថា​ពួកគាត់​មិន​ត្រូវ​បាន​គេ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ទេ ដោយសារ​ពួកគាត់​មិន​បាន​បង់លុយ​ទៅ​ឲ្យ​អាជ្ញាធរ​។

យោង​តាម​អ្នកស្រី​ សៀង ចាន់ថន អាយុ ៦២ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​គ្រួសារ​របស់​អ្នកស្រី និង​អ្នកភូមិ​ដទៃ​ទៀត​បាន​រស់នៅ​លើ​ដី​នោះ​ដែល​ឥឡូវ​នេះ​វា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន First Bio-Tech Agricultural អស់​រយៈពេល​ប្រាំ​ឆ្នាំ​មុន​ពេល​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ឆ្នាំ ២០១២​។ ពួកគេ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​ទាមទារ​យក​ដី​របស់​ពួកគេ​ និង​សាងសង់​លំនៅឋាន​របស់​ពួកគេ​ឡើង​វិញ​។

អ្នកស្រី​ ចាន់ថន ថ្លែង​ថា​៖ «​ឥឡូវ​នេះ​យើង​គ្រាន់​តែ​អាច​ឈរ​មើល​ផ្ទះ​របស់​យើង​ត្រូវ​បាន​គេ​វាយកម្ទេច​ប៉ុណ្ណោះ​។ យើង​មិន​ហ៊ាន​ទៅ​ប្រឈម​ជាមួយ​ពួកគេ​ទេ ពីព្រោះ​ពួកគេ​មាន​កាំភ្លើង​»​។

ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​ថ្លែង​ថា​ដី​នេះ​ជា​កម្មសិទ្ធិ​ពេញ​ច្បាប់​របស់​ក្រុមហ៊ុន​របស់​លោក​ សុធា ​ដែល​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១ ​ម៉ឺន​ហិកតា​ទទួល​បាន​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​អ្នកភូមិ​បាន​ព្យាយាម​ទាមទារ​យក​ដី​នោះ​នៅ​ឆ្នាំ ២០១២ ដោយ​បាន​រើ​មក​កាន់​តំបន់​នោះ និង​បាន​សាងសង់​លំនៅឋាន​របស់​ពួកគេ​យ៉ាង​ប្រញាប់​ប្រញាល់​។

លោក​ សាន គ្រីយ៉ា មេឃុំ​តេជោអភិវឌ្ឍន៍​បាន​ថ្លែង​ថា​អ្នកភូមិ​ភាគ​ច្រើន​ដែល​ឥឡូវ​នេះ​កំពុង​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ​គឺ​ពួកគេ​មិន​ដែល​រស់នៅ​ទី​នោះ​ទេ​ពី​មុន​មក​។

លោក​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ផង​ដែរ ដែល​ថា​លោក​បាន​ទទួល​សំណូក​ ខណៈ​ដែល​កម្មវិធី​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី​កំពុង​ដំណើរការ​។ «​ខ្ញុំ​មិន​បាន​ទទួល​សូម្បី ១០០ រៀល​។ អ្នក​ដែល​បាន​និយាយ​ថា​ខ្ញុំ​បាន​យក​លុយ សូម​មក​និយាយ​ជាមួយ​ខ្ញុំ ហើយ​នឹង​នៅ​ចំពោះ​មុខ​ច្បាប់​។ នេះ​ជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្ញុំ​»​។

លោក​ គ្រីយ៉ា បាន​បញ្ជាក់​ថា​អ្នកភូមិ​បាន​ចូល​មក​ចាប់​ដី​រស់នៅ​ទី​នេះ​កាលពី​ខែ​កក្កដា​ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​នាំ​យក​មក​ជាមួយ​នូវ​កាំបិត​ផ្គាក់ ពូថៅ​ និង​ចម្ពាម​ដើម្បី​មក​ប្រឈម​តទល់​ជាមួយ​កម្មករ​ក្រុមហ៊ុន​។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​អ្នកភូមិ​ចំនួន​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​កាលពី​សប្ដាហ៍​មុន​។

អ្នកភូមិ​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​មាន​ដូចជា​លោក ព្រឿង ប្រាណ លោក សរ សី ​ដែល​អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​ដឹង​ថា​មាន​អាយុ​ប៉ុន្មាន​នោះ​ទេ ហើយ​ម្នាក់​ទៀត​ឈ្មោះ ជា ស៊ីថា អាយុ​ ៤០ ​ឆ្នាំ​។ លោក​ គ្រីយ៉ា បាន​ថ្លែង​ថា​ពួកគេ​កំពុង​ស្វែងរក​ចាប់​ខ្លួន​អ្នកភូមិ​បន្ថែម​ទៀត​ដែល​គេ​ជឿ​ថា​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​ប្រឈម​នេះ​កើតឡើង​។

មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពត​លោក​ កែវ សុផល បាន​ថ្លែង​ថា​របាយការណ៍​អំពី​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នោះ​ត្រូវ​បាន​ធ្វើ​រួច​ហើយ​ និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ប៉ុន្តែ​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។

លោក​ សៅ សាមឿន ស្នងការរង​ខេត្ត​កំពត​បាន​បញ្ជាក់​ថា​កងរាជ​អាវុធហត្ថ និង​ទាហាន​បាន​សហការ​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ដល់​ក្រុមហ៊ុន​ការ​អនុវត្ត​គឺ​ខុស​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​នៅ​ទូទាំង​ប្រទេស​។

វីដេអូ​មួយ​កាលពី​ដើម​ខែ​នេះ​បង្ហាញ​ថា​អ្នក​ភូមិ​ជ្រៃបាក់​ ៣០ នាក់​ដែល​នៅ​លើ​ដី​ក្រុមហ៊ុន​បាន​និង​កំពុង​ស្រែក​ដាក់​ទាហាន​មួយ​ក្រុម​ហើយ​បន្ទាប់មក​ទាហាន​បាន​បាញ់​ឡើង​លើ​ដើម្បី​បំភ័យ​ពួកគេ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s