អ្នក​បឹងកក់​ស្នើ​អ្នកស្រី រ៉ូណា ស្មីត ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី

ប្រភព ៖ RFA

សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ប្រមាណ ១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ជា​ថ្មី​ម្តង​ទៀត ដើម្បី​ស្នើ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ពួក​គេ​ក៏​បាន​យក​ញត្តិ​ស្រដៀង​គ្នា​នេះ​ដាក់​តាម​ស្ថានទូត​នៃ​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ករណី​ដូច​គ្នា​នេះ។

ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ជា​លើក​ទី​ពីរ​នេះ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​ការ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី រយៈពេល​មួយ​ឆ្នាំ ដោយ​តុលាការ​ក្រុង​ភ្នំពេញ។

ខ្លឹមសារ​នៃ​ញត្តិ​នេះ គឺ​ស្នើ​ឲ្យ​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ូណា ស្មីត ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា អញ្ជើញ​ចូលរួម​រំឭក​ខួប ១​ឆ្នាំ ដែល​អ្នកស្រី ទេព វន្នី ត្រូវ​ជាប់​ពន្ធនាគារ។ សហគមន៍​រងគ្រោះ​ដីធ្លី​តំបន់​បឹងកក់ ក៏​ស្នើ​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​តុលាការ ដែល​ពួក​គេ​យល់​ថា​កំពុង​រឹតត្បិត​មក​លើ​ពលរដ្ឋ​ផង​ដែរ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ក្រោយ​ពេល​ដាក់​ញត្តិ​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី គឺ​ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឡើង​ដោយ​គំនុំ មិន​មែន​ដោយសារ​តែ​អ្នកស្រី ទេព វន្នី បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ដូច្នេះ​សហគមន៍​បឹងកក់​សង្ឃឹម​ថា អ្នកស្រី រ៉ូណា ស្មីត នឹង​អាច​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​រូប​នេះ៖ «»។

ក្រៅ​ពី​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ពី​អ្នកស្រី រ៉ូណា ស្មីត ក្រុម​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់​ក៏​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នៃ​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ ដើម្បី​ជូន​ដំណឹង​អំពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​របស់​អ្នកស្រី ទេព វន្នី និង​ស្នើ​ប្រទេស​ទាំងនោះ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី។ ដូច​គ្នា​នឹង​ញត្តិ​ដាក់​ជូន​អ្នកស្រី រ៉ូណា ស្មីត ដែរ អ្នក​បឹងកក់​ស្នើ​ប្រទេស​សមាជិក​អាស៊ាន ឲ្យ​ជួយ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​តុលាការ ដែល​ពួក​គេ​យល់​ថា​កំពុង​រឹតត្បិត​មក​លើ​ពលរដ្ឋ។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ពេល​កំពុង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ១៤​លាន​រៀល ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ។ កាល​ពី​សប្ដាហ៍​មុន សាលា​ឧទ្ធរណ៍​បាន​បន្ត​ការ​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី ដោយ​រក្សា​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ។

ការ​សម្រេច​បែប​នេះ​របស់​តុលាការ​ជាន់​ទាប និង​ជាន់​ខ្ពស់​ទាំង​ពីរ បាន​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​សិទ្ធិ​មនុស្ស ហើយ​សម្រាប់​សហគមន៍​បឹងកក់ វា​គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​តុលាការ​បន្ត​ការ​ឃុំ​ខ្លួន​តំណាង​របស់​ពួក​គាត់។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​កាត់​ទោស​អ្នកស្រី ទេព វន្នី គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​វត្តមាន​របស់​អ្នកស្រី រ៉ូណា ស្មីត នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​ការ​សម្រេច​របស់​តុលាការ​កម្ពុជា ឡើយ៖ «»។

តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៨ សីហា។ ដំណើរ​ទស្សនកិច្ច​លើក​ទី​បួន​នេះ អ្នកស្រី​នឹង​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាទូទៅ ហើយ​ជាពិសេស គឺ​សិទ្ធិ​កុមារ ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជួញដូរ និង​កេងប្រវ័ញ្ច​លើ​កុមារ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ជឿជាក់​ថា អ្នកស្រី រ៉ូណា ស្មីត អាច​នឹង​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី ហើយ​បើ​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ លើក​រឿង​នេះ​យក​ទៅ​ជជែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នោះ​សំណុំ​រឿង​នេះ​នឹង​មាន​ផល​វិជ្ជមាន​សម្រាប់​អ្នកស្រី ទេព វន្នី៖ «»។

នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ដែល​ជា​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​អ្នកស្រី ទេព វន្នី ក្រុម​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ នឹង​យក​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ដូចជា សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន និង​សហភាព​អឺរ៉ុប ជាដើម ដើម្បី​ស្នើ​ប្រទេស​ទាំងនោះ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី។

គម្រោង​ដាក់​ញត្តិ​នេះ នឹង​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក ចំណែក​ឯ​ពេល​ល្ងាច នៅ​សហគមន៍​បឹងកក់​នឹង​មាន​កម្មវិធី​សម្ដែង​មតិ និង​បួងសួង​សុំ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​អ្នកស្រី ទេព វន្នី។ កម្មវិធី​នេះ នឹង​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ហើយ​ពលរដ្ឋ​សហគមន៍​បឹងកក់​ចង់​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ចូលរួម​នៅ​ក្នុង​កម្មវិធី​នោះ​ជា​ខ្លាំង ដើម្បី​ឲ្យ​អ្នកស្រី​បាន​ដឹង​អំពី​ភាព​អយុត្តិធម៌​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ​ក្នុង​ពេល​កន្លង​ទៅ និង​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s