ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន៖ អង្គការ​ជាង​៦០​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង និង​ឈប់​យាយី​អ្នក​ស្រី​ទេព វន្នី​ត​ទៅ​ទៀត

ប្រភព ៖ RFI

គិត​ត្រឹម​ថ្ងៃ​ទី​១៥ សីហា​នេះ គឺ​ជា​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ដែល​អ្នក​ស្រី​ទេព វន្នី សកម្មជន​សហគមន៍​បឹង​កក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ក្នុង​គម្រប់​ខួប​មួយ​ឆ្នាំ​នេះ​ អង្គការ​សង្គម​ស៊ីវិល​ជាង​៦០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះ​លែង​អ្នក​ស្រី​ទេព វន្នី និង​ឈប់​យាយី​លើ​អ្នក​ស្រី​ក៏​ដូច​ជា​សមាជិក​នៃ​សហគមន៍​បឹង​កក់​ដទៃ​ទៀត។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន​៦៤ មាន​ជា​អាទិ៍ អង្គការ​លើក​លែង​ទោស​អន្តរជាតិ សមាជិក​សភា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​លីកាដូ​ជា​ដើម បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ស្រី​ទេព វន្នី នៅ​ក្នុង​ពន្ធនាគារ​ពី​សំណាក់​តុលាការ​ខ្មែរ។ ជាមួយ​នឹង​ការ​ខក​ចិត្ត​នេះ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​បដិសេធ​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​លើ​អ្នក​ស្រី​ទេព វន្នី ព្រម​ទាំង​ទម្លាក់​ចោល​រាល់​បទ​ចោទ ដែល​ពួក​គេ​ចាត់​ទុក​ថា មាន​ចរិត​នយោបាយ និង​ពុំ​មាន​ភស្តុតាង​ជាក់​លាក់​ដែល​កើត​មាន​ជា​បន្ត​បន្ទាប់​លើ​សកម្មជន​បឹង​កក់​រូប​នេះ។

អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​ដ៏​លេច​ធ្លោ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​អំឡុង​ពេល​ដែល​អ្នក​ស្រី និង​សកម្មជន​ដី​ធ្លី​ផ្សេង​ទៀត​បាន​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង​គ.ជ.ប។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​៦​ខែ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣ បន្ថែម​ពី​លើ​បទ​ចោទ​ដទៃ​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​ការ​ឃុំ​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ​លើ​អ្នក​ស្រី​ទេព វន្នី​ថា ជា​ការ​យាយី​ក្នុង​គោល​បំណង​បំបិទ​សំឡេង​អ្នក​ស្រី។ សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ វិធានការ​នេះ​បាន​រួម​ចំណែក​បង្កើត​បាន​ជា​បរិយាកាស​ភ័យ​ខ្លាច​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​បុគ្គល​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​លុប​ចោល​នូវ​ការ​ផ្តន្ទា​ទោស​លើ​អ្នក​ស្រី​ទេព វន្នី ដើម្បី​ដោះ​លែង​អ្នក​ស្រី​ពី​ពន្ធនាគារ និង​បញ្ឈប់​ការ​យាយី​ដែល​មាន​ដូច​ជា ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​លើ​អ្នក​ស្រី​ទេព វន្នី និង​សមាជិក​នៃ​សហគមន៍​បឹង​កក់​ផ្សេង​ទៀត។

ក្រៅ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៤ នៅ​ក្នុង​គម្រប់​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ស្រី​ទេព វន្នី​នេះ វេទិកា​អាស៊ី​ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​អ្នក​ស្រី​ទេព វន្នី​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ធានា​បរិយាកាស​ល្អ​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​និង​អនុញ្ញាត​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អនុវត្ត​នូវ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s