លោក កែវ រ៉េមី៖ រដ្ឋាភិបាល​មាន​ជំហរ​ម៉ឺងម៉ាត់​ធានា​និង​គោរព​សិទ្ធិ​នយោបាយ

ប្រភព ៖ RFA

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​មាន​គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ធានា​ពី​សុខ​សន្តិភាព និង​សុវត្ថិភាព​ជូន​ម្ចាស់​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​នៅ​រាល់​អំឡុង​ពេល​ដំណើរការ​នៃ​ការ​បោះឆ្នោត។ ការ​បញ្ជាក់​ជំហរ​ដូចនេះ​របស់​មន្ត្រី​រដ្ឋាភិបាល ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ចង់​ឃើញ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​មិន​មាន​ការ​គំរាម​កំហែង និង​ស្ងប់ស្ងាត់។

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ថ្លែង​ការពារ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ស្ថិរភាព​នយោបាយ​ដែល​រក​បាន​មក​ដោយ​លំបាក​នេះ​ឡើយ ជាពិសេស​រាល់​ពេល​មាន​ការ​បោះឆ្នោត​ម្ដងៗ ការ​រក្សា​ពី​បរិយាកាស​ឲ្យ​បាន​ស្ងប់ស្ងាត់ ទាំង​មុន និង​ក្រោយ​ពេល​បោះឆ្នោត គឺ​ជា​ទិសដៅ​ទី​មួយ​របស់​រដ្ឋាភិបាល​ចង់​បាន​បំផុត។

ការ​ថ្លែង​ដូចនេះ​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ក្រោយ​ពេល​ជំនួប​ទ្វេ​ភាគី​ជាមួយ​ប្រតិភូ​ជប៉ុន ដែល​ដឹកនាំ​ដោយ​អគ្គនាយក​រង​នៃ​ការិយាល័យ​កិច្ចការ​បរទេស​នៃ​ក្រសួង​ការ​បរទេស​ជប៉ុន លោក ម៉ាសាតូ អូតាកា (Masato Otaka) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា។ ជំនួប​បិទ​ទ្វារ​នេះ រៀបចំ​ឡើង​នៅ​ការិយាល័យ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។

អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ដោយ​មិន​សំចៃ​មាត់​រូប​នេះ បញ្ជាក់​ជំហរ​ថា គណបក្ស​កាន់​អំណាច​មិន​ធ្វេសប្រហែស​សោះ​ឡើយ​រឿង​សន្តិសុខ និង​បរិយាកាស​ស្ងប់ស្ងាត់​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ហើយ​ការ​បោះឆ្នោត​ដែល​មិន​មាន​អំពើ​ហិង្សា​នោះ​ហើយ គឺ​ជា​វត្ថុ​បំណង​របស់​លោក ហ៊ុន សែន ដែល​តែង​ក្រើន​រំឭក​មន្ត្រី​នៅ​ក្នុង​ជួរ​គណបក្ស។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​បារម្ភ​បំផុត​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​រំខាន​ទៅ​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បន្ត​ថា «សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ទាក់ទង​ប្រជុំ​នៅ​ក្នុង​គណបក្ស សន្និបាត​បក្ស និង​មហា​សន្និបាត​បក្ស ណែនាំ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ថា​ឲ្យ​ធានា​រក្សា​សន្តិសុខ​ជូន​ដល់​អ្នក​បោះឆ្នោត​ឲ្យ​បាន»

ការ​អះអាង​ដូចនេះ​របស់​មន្ត្រី​រដ្ឋាភិបាល ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រាប់​គណបក្ស​ប្រឆាំង​ថា អ្នកស្រី​ចង់​ឃើញ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​គំរាម​កំហែង និង​គ្មាន​ការ​បំភិតបំភ័យ។

បើ​ទោះ​ជា​រដ្ឋាភិបាល និង​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​អះអាង​ពី​ភាព​ស្អាតស្អំ ដើម្បី​បញ្ចៀស​នូវ​ការ​ចោទ​ប្រកាន់​បែប​ណា​ក៏ដោយ​ចុះ តាម​រយៈ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​យ៉ាង​តក់ក្រហល់ តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ ត្រូវ​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ប៉ុន្តែ​បញ្ហា​នេះ តែង​ត្រូវ​បាន​រដ្ឋាភិបាល​ច្រាន​ចោល​ជា​ញឹកញាប់។ មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ការពារ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាក់តែង​ឡើង​មិន​មែន​សម្រាប់​បក្ស​នយោបាយ​ណា​មួយ​ឡើយ ពោល​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ផង។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ លោក កែម រ៉េមី ថ្លែង​ការពារ​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គឺ​ជា​ច្បាប់​ដែល​ឆ្លង​កាត់​ការ​សិក្សា​ពី​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន ហើយ​បាន​ពិគ្រោះ​យោបល់​ដ៏​ម៉ត់ចត់​របស់​ក្រុម​អ្នក​ជំនាញ មុន​នឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត។ លោក​បន្ត​ថា «ច្បាប់​គណបក្ស​នយោបាយ ឬ​ក៏​ច្បាប់​ទាក់ទង​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ​ម៉ត់ចត់​របស់​រដ្ឋាភិបាល ដែល​យក​លំនាំ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​សាកលលោក។ ច្បាប់​នេះ​អាច​និយាយ​បាន​ថា​មាន​លក្ខណៈ​បែបបទ​អន្តរជាតិ ដែល​មិន​ខុស​ពី​គេ។ និយាយ​ឲ្យ​ចំ​ទៅ អត់​ខុស​ពី​គេ​ទេ គឺ​ដូច​គ្នា។ ឧទាហរណ៍​ដូច​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ គឺ​យើង​ទម្រង់​នៃ​ប្រទេស​ដាណាម៉ាក (Denmark) ព័រទុយហ្គាល់ (Portugalម៉ាឡេស៊ី(Malaysia) ឥណ្ឌូនេស៊ី (Indonesia) និង​សហគមន៍​អឺរ៉ុប ជាដើម»

នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់ សង្កេត​ឃើញ​ថា​មាន​អ្នក​នយោបាយ​ជើង​ចាស់ និង​ប្រមុខ​គណបក្ស​នយោបាយ​ដែល​ពុំ​មាន​សំឡេង​នៅ​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន ត្រូវ​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ។ បទ​ចោទ​ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ទាំងនោះ មាន​ការ​បកស្រាយ​ដោយ​អ្នក​ច្បាប់​ដែល​គាំទ្រ​រដ្ឋាភិបាល និង​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ក្រៅ​ពី​រឿង​នយោបាយ​ទៅ​វិញ ជាដើម។

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា នេះ​ជា​កង្វល់​យ៉ាង​ធំ​របស់​សង្គម​ស៊ីវិល​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ពេល​ខាង​មុខ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថ្វី​បើ​នៅ​ពេល​នេះ រដ្ឋាភិបាល​អះអាង​ពី​ការ​ការពារ​បរិយាកាស​នៅ​អំឡុង​ពេល​បោះឆ្នោត​ក្ដី សង្កេត​ឃើញ​ថា​មាន​អ្នក​នយោបាយ​បន្តបន្ទាប់​ត្រូវ​ចាប់​ខ្លួន ទោះ​ជា​បទល្មើស​អ្វី​ផ្សេង​ក៏ដោយ​ចុះ ក៏​និន្នាការ​នេះ​ហាក់​បង្ហាញ​ពី​សម្ពាធ​ផ្នែក​នយោបាយ​មួយ​ដែរ។ លោក​បន្ត​ថា «ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ​ដែរ ព្រោះ​អី​បរិយាកាស​មិន​សូវ​ល្អ។ ជួនកាល​គេ​ភ័យ​ខ្លាច ព្រោះ​ធម្មតា​ទេ​ចាប់​ខ្លួន​អ្នក​នយោបាយ ទោះ​បី​ជា​ករណី​ព្រហ្មទណ្ឌ​ក៏ដោយ»

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត រំពឹង​ថា គ្រប់​សមភាព​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ខាង​មុខ មាន​អ្នក​នយោបាយ សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត អាច​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ស្មើ​គ្នា និង​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ដោយ​គ្មាន​ការ​គាប​សង្កត់ និង​គ្មាន​ការ​បំភិត​បំភ័យ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s