ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​ច្រាន​ចោល​លិខិត​ធ្វើ​ដោយ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ

ប្រភព ៖ RFA

ជនជាតិ​ដើម​ភាគតិច​ព្នង ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​ពាន់​នាក់​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត អះអាង​ថា​បាន​ផ្ដិត​មេដៃ​ដោយ​បង្ខំ​ចិត្ត​លើ​លិខិត​រៀបចំ​ឡើង​ដោយ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មួយ​ក្រុម ដែល​មាន​ចេតនា​យក​ធ្វើ​ជា​សំអាង​ថា​គាត់​មិន​បាន​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោកស្រី សង ប្រូ អះអាង​ថា លិខិត​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​លក្ខណៈ​លួងលោម​បង្ខំ​ក្នុង​ភាព​ភ័យ​ខ្លាច ឲ្យ​គាត់​ផ្ដិត​មេដៃ​ថា​មិន​បាន​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខែត្រ ពាក់ព័ន្ធ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី លោក យន់ សារោម រួម​ទាំង​មន្ត្រី​ថ្នាក់​ក្រសួង​បី​នាក់​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា បាន​មក​ដល់​ផ្ទះ​គាត់ ហើយ​សរសេរ​លិខិត​ផ្ទាល់​ដៃ​ឲ្យ​គាត់​ផ្ដិត​មេដៃ ខណៈ​គាត់​មាន​ការ​ភ័យ​ខ្លាច ហើយ​បង្ខំ​ចិត្ត​ទទួល​យក​សំណូមពរ និង​ទទួល​បាន​ប្រាក់​លួង​ចិត្ត ២​ម៉ឺន​រៀល អាវ​យឺត​១ និង​មួក​១។

លោកស្រី សង ប្រូ បញ្ជាក់​ថា ក្នុង​ស្ថានភាព​ជា​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​មិន​ចេះ​អក្សរ និង​មិន​មាន​អ្នក​ភូមិ​នៅ​ជិត​ខាង​ជួយ​ពិគ្រោះ​យោបល់ ទើប​គាត់​ផ្ដិត​មេដៃ​ដោយ​ភ័យ​ខ្លាច។ លោកស្រី​បន្ត​ថា បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​សហគមន៍ លោកស្រី​បាន​ធ្វើ​លិខិត​បដិសេធ​លិខិត​រៀបចំ​ឡើង​ដោយ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ដាក់​ជូន​សមាគម​អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ៖ «បាន​ផ្ដិត​ដោយ​បង្ខំ​ចិត្ត។ អ៊ីចឹង​គេ​បោក បើ​យើង​ផ្ដិត​បាន​គេ​ទៅ​វិញ។ យើង​ម្នាក់​ឯង​ឈ្នះ​គេ​អត់​រួច​ផង​ហ្នឹង»

ជនជាតិ​ដើម​ភាគតិច​ព្នង ជាង ១​ពាន់​នាក់​កាល​ពី​ឆ្នាំ​២០១៦ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី ថា​បាន​រំខាន​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដែល​ជា​ប្រការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ផ្លាស់ប្ដូរ​តួនាទី​មន្ត្រី​រូប​នោះ។

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ឃី ពិសិដ្ឋ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ថា លោក​គឺ​ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ថ្នាក់​ក្រសួង​ពីរ​នាក់​ទៀត ដែល​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ណែនាំ​ឲ្យ​ចុះ​ជួប​ពលរដ្ឋ ដើម្បី​ស្វែងរក​អង្គហេតុ​ជាក់លាក់​ទាក់ទិន​បណ្ដឹង​ចោទ​ប្រកាន់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​នេះ។ លោក​ថា ក្រុម​ការងារ​មិន​បាន​បង្ខំ ឬ​បំភិតបំភ័យ​ណា​មួយ​ទាក់ទិន​ការ​បញ្ជាក់​របស់​ពលរដ្ឋ​ក្នុង​លិខិត​នេះ​ទេ។ លោក​ថា ក្រុម​ការងារ​បាន​អញ្ជើញ​មេ​ឃុំ​ចូលរួម​ជា​សាក្សី ខណៈ​ក្រុម​ការងារ​ជួប​ពិភាក្សា​បញ្ហា​នេះ​ពី​សាមីជន​ទៀត​ផង៖ «យើង​ដឹង​ថា​គាត់​ជា​ដើម​បណ្ដឹង ដល់​សួរ​គាត់​ទៅ គាត់​ថា​អត់​បាន​ប្ដឹង​ទេ។ យើង​មាន​ឃ្លីប​សំឡេង​គាត់​ទៀត។ យើង​បាន​សុំ​គាត់​ថត គាត់​ថា​អត់​ស្អី​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា មន្ត្រី​លោក​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​លិខិត​បដិសេធ​របស់​លោកស្រី សង ប្រូ ដែល​បាន​ដាក់​មក​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​អន្តរាគមន៍។ លោក​ថា​នឹង​បញ្ជូន​លិខិត​បដិសេធ​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ៖ «ដើម្បី​ឲ្យ​មាន​វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់ ប្រសិន​កិច្ចសន្យា​នេះ​ធ្វើ​ឡើង​ដោយ​ការ​លួងលោម ឬ​បង្ខំ ឬ​ដោយ​ឆន្ទៈ​ផ្ទុយ​ច្បាប់​ណា​មួយ»

លិខិត​ថត​ចម្លង​ដែល​អាស៊ីសេរី ទទួល​បាន​ពី​សមាគម​អាដហុក មាន​ស្នាម​មេដៃ លោកស្រី សង ប្រូ ស្នាម​មេដៃ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បី​នាក់ និង​ហត្ថលេខា​បញ្ជាក់​ថា​បាន​ឃើញ​ពី​មេ​ឃុំ​ប៊ូស្រា ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឲ្យ​ដឹង​ថា នាង​ខ្ញុំ​ឈ្មោះ សង ប្រូ មិន​បាន​ផ្ដិត​មេដៃ​ប្ដឹង​លោក យន់ សារោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ករណី​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នោះ​ទេ។ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​កន្លង​ទៅ នាង​ខ្ញុំ​ផ្ដិត​មេដៃ​ស្តាំ​ទុក​ជា​សំអាង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s